រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំទិវាជំងឺទឹកនោមផ្អែមពិភពលោក (World Diabetis Day) ១៤ វិច្ឆិកា ឆ្នាំ ២០២២ ក្រោមប្រធានបទ«ការអប់រំដើម្បីការពារថ្ងៃស្អែក» រួមគ្នាក្នុងយុទ្ធនាការទិវាជំងឺទឹកនោមផ្អែមពិភពលោក ២០២១-២៣ «ការទទួលបានការថែទាំជំងឺទឹកនោមផ្អែម» ជូនដល់ប្រជាពលរដ្ឋ

0
44

ត្បូងឃ្មុំៈ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានរៀបចំកម្មវិធីអបអរសាទរ ជូនប្រជាពលរដ្ឋ នៅក្នុងឱកាសទិវាជំងឺទឹកនោមផ្អែមពិភពលោក (World Diabetis Day) ១៤ វិច្ឆិកា ឆ្នាំ ២០២២ ក្រោមប្រធានបទ «ការអប់រំដើម្បីការពារថ្ងៃស្អែក» រួមគ្នាក្នុងយុទ្ធនាការទិវាជំងឺទឹកនោមផ្អែមពិភពលោក ២០២១២៣ «ការទទួលបានការថែទាំជំងឺទឹកនោមផ្អែម» ក្រោមអធិបតីភាពឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត តំណាង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុ ត្បូងឃ្មុំ ស្ថិតនៅក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមវេជ្ជបណ្ឌិត ឆន មុនី អនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកឱសថការី ផុល ពន្លឺ អនុប្រធានមន្ទីរសុខាភិបាលខេត្ត ឯកឧត្តមវេជ្ជបណ្ឌិត អេក ឃាង ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនត្បូងឃ្មុំ អភិបាលរងក្រុងសួង ប្រធានមន្ទីរពេទ្យបង្អែក ក្រុមគ្រូពេទ្យ និង ប្រជាពលរដ្ឋដែលមានជំងឺទឹកនោមផ្អែម មកពីតាមបណ្តាក្រុង/ស្រុក ទាំង ក្នុងខេត្តត្បូងឃ្មុំប្រមាណ ៣០០ នាក់

  ឯកឧត្តមវេជ្ជបណ្ឌិត ឆន មុនី អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានជម្រាបជូនអង្គពិធីនៅរបាយការណ៍ និងវឌ្ឍនភាព របស់មន្ទីរសុខាភិបាលខេត្ត ចំពោះសកម្មភាព នានា ជុំវិញការផ្តល់សេវាព្យាបាល ដល់ប្រជាពលរដ្ឋដែលមានជំងឺទឹកនោមផ្អែម ក្នុងការឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសុខភាព និងការគំរាមកំហែងផ្សេងៗដែលបង្កឡើងដោយជំងឺទឹកនោមផ្អែមដោយមានការគាំទ្រពីអង្គការសុខភាពពិភពលោក (WHO)

  ថ្លែងនាឱកាសនោះ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត បានប្រសាសន៏លើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តត្បូងឃ្មុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមន្ទីរសុខាភិបាលខេត្ត និងនាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាល ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការគាំទ្រ និងជំរុញឲ្យសកម្មភាពនៃការពិនិត្យព្យាបាលជំងឺមិនឆ្លងដែលមានដូចជា ជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម មហារីកមាត់ស្បូន ជូនប្រជាពលរដ្ឋនៅតាមសហគមន៍ ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់មានសុខភាពល្អ រួចផុតពីភាពពិការ ឬបាត់បង់អាយុជីវិត

  ឯកឧត្តមអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ប្រធានបទនេះ បានឆ្លុះបញ្ចាំងពីការអប់រំខ្លាំងលើអ្នកជំងឺទឹកនោមផ្អែម ដោយជុំរុញឲ្យមានការកែប្រែឥរិយាបទ និង ទម្លាប់ការរស់នៅ ជាពិសេសការបរិភោគអាហារប្រកបដោយផាសុខភាពព្រមទាំងបង្កើនការការយកចិត្តទុកដាក់លើការថែទាំសុខភាព ការការពារបានពីជំងឺទឹកនោមផ្អែម និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់លើសុខភាពផ្ទាល់ខ្លួន ដើម្បីចូលរួមកាត់បន្ថយហានិភ័យដែលបង្ករឲ្យមានជំងឺទឹកនោមផ្អែម ដោយផ្អែកលើចំនុចសំខាន់ៗនិងងាយៗ សម្រាប់ការអនុវត្តន៍ ក្នុងការរស់នៅប្រចាំថ្ងៃ ដែលយើងទាំងអស់គ្នាត្រូវប្រកាន់យកមានដូចជា កុំពិសារប្រៃពេកកុំពិសារផ្អែមពេក កុំពិសារខ្លាញ់ពេក និងត្រូវធ្វើលំហាត់ប្រាណជាប្រចាំ គឺជាមធ្យោបាយដ៏ល្អសម្រាប់ការចូលរួមការពារជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និង ជំងឺមិនឆ្លងផ្សេងៗទៀត ជាដើម ទន្ទឹមនេះ ការត្រួតពិនិត្យជាតិស្ករក្នុងឈាម ជាជំនួយក្នុងការរុករកបានទាន់ពេលនូវហានិភ័យនៃការកើតឡើងជំងឺទឹកនោមផ្អែម ដែលអាចឈានទៅរកការព្យាបាលបានទាន់ពេលផងដែរ

  ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត បានមានប្រសាសន៏លើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់លើសុខភាពផ្ទាល់ខ្លួន និង ចូលរួមកាត់បន្ថយហានិភ័យដែលបង្ករឲ្យមានជំងឺទឹកនោមផ្អែម ឬលើសសម្ពាធឈាម និង ជំងឺមិនឆ្លងផ្សេងទៀត ជាពិសេសសូមចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវការយល់ដឹង និងចូលរួមអនុវត្តបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រុមគ្រូពេទ្យព្យាបាល ដោយសូមចងចាំថាជំងឺទឹកនោមផ្អែមជាជំងឺ ដែលអាចការពារជាមុនបាន ប្រសិនបើបុគ្គលម្នាក់ៗអាចត្រួតពិនិត្យសុខភាពបានដោយខ្លួនឯង យើងនាំគ្នាចូលរួមសកម្មភាពការអប់រំដើម្បីការពារថ្ងៃស្អែក ជាងនេះត្រូវបន្តអនុវត្តនូវវិធានការការពារការចម្លងវីរុសកូវីដ១៩ និងសូមបន្តចាក់វ៉ាក់សាំង តាំងពីដូសមូលដ្ឋាន ដូសជុំរុញ ដូសទី២ ទី៣ ទី៤ និង ទី៥ ឲ្យបានគ្រប់ៗគ្នា ដើម្បីរក្សាបាននូវនិរន្តភាពនៃការរស់នៅធម្មតាតាមបែបគន្លងថ្មី និង ការបើកដំណើរការសេដ្ឋកិច្ចសង្គម

  សូមជម្រាបជូនថា ទិវាជំងឺទឹកនោមផ្អែមពិភពលោក១៤ វិច្ឆិកា( World Diabetis day) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩១ ដោយសហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ ដោយមានការគាំទ្រពីអង្គការសុខភាពពិភពលោក(WHO) ក្នុងការឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងពីសុខភាព និង ការគំរាមកំហែងសេដ្ឋកិច្ចដែលបង្ករឡើងដោយជំងឺទឹកនោមផ្អែម ហើយទិវានេះបានក្លាយជាថ្ងៃផ្លូវការរបស់អង្គការសហប្រជាជាតិ ក្នុងឆ្នាំ២០០៦

ជារៀងរាល់ឆ្នាំ ទិវាដ៏មានសារៈសំខាន់នេះត្រូវបានប្រារព្វឡើងដើម្បីបាញ់ឆ្ពោះទៅរកអត្រាប្រេវ៉ាឡង់នៃជំងឺទឹកនោមផ្អែម និងផលប៉ះពាល់របស់វា ព្រមទាំងអប់រំមនុស្សឲ្យបង្កើនការយកចិត្តទុកដាក់លើការការពារ និង ព្យាបាលជំងឺទឹកនោមផ្អែម ជាមួយប្រធានបទ ទិវាទឹកនោមផ្អែមពិភពលោកឆ្នាំ២០២២ គឺការអប់រំដើម្បីការពារថ្ងៃស្អែកក្រោមប្រធានបទរួមគ្នានៃយុទ្ធនាការទិវាជំងឺទឹកនោមផ្អែមពិភពលោក ២០២១២០២៣ តាមរយៈការទទួលបានការថែទាំជំងឺទឹកនោមផ្អែម

សាន វិឡែម ២៩.១១.២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here