អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកទន្លេមេគង្គ និងទឹកភ្លៀង ពិសេសផលប៉ះពាល់ដំណាំស្រូវ របស់ប្រជាកសិករប្រមាណជិត២០០០ហិចតា

0
45

ត្បូងឃ្មុំ៖ ទឹកទន្លេមេគង្គបានហក់ឡើងជាបន្តបន្ទាប់ បណ្ដាលអោយលំនៅដ្ឋាន  និងផលដំណាំកសិកម្មមួយចំនួនរបស់ប្រជាពលរដ្ឋនៅស្រុកចំនួន៣ នៃខេត្តត្បូងឃ្មុំ ត្រូវបានលិចលង់ ។ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ  ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន រួមដំណើរដោយអភិបាលរងខេត្ត បានដឹកនាំក្រុមការងារខេត្ត និងអាជ្ញាធរស្រុក អញ្ជើញចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេងមេគង្គ ពិសេសផលប៉ះពាល់ដំណាំស្រូវ របស់ប្រជាពលរដ្ឋ នៅក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

  ស្ថិតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានសម្តែងនូវការនូវការសោកស្តាយជាពន់ពេក ចំពោះការខូចខាតផលដំណាំស្រូវ របស់បងប្អូនប្រជាកសិករ និងហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន ដែលបានបង្ករការលំបាក ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកចំនួន៣ គឺស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ និងស្រុកអូរាំងឪ ។

  ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ កូនចៅតូចៗ ខ្លាចលង់ទឹកដោយប្រការផ្សេងៗ ដែល អាចបណ្តាលឲ្យបាត់បង់អាយុជីវិត និងបានណែនាំឲ្យអាជ្ញាធរដែនដី ត្រូវអញ្ជើញបងប្អូន ប្រជាពលរដ្ឋ ដែលលិចលង់ផ្ទះសម្បែង មកកាន់ទីទួលមានសុវត្ថិភាព បណ្តោះអាសន្ន សិន ទម្រាំទឹកស្រក ចាំវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ និងត្រូវចាត់ចែង កងកម្លាំង ការពារ សន្តិសុខ សុវត្ថិភាព ជូនពួកគាត់ឲ្យបានល្អ ។

  បើតាមការបញ្ជាក់ពី លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងថា  ក្នុងខេត្តត្បូងឃ្មុំ មានស្រុកចំនួន ៣ រួមមានស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ ដែលមានដំណាំស្រូវនៅដំណាក់កាលសំណាប បានទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ទន្លេមេគង្គនិងទឹកភ្លៀង។ បានបង្កជំនន់ជន់លិចស្រូវពង្រោះរបស់ប្រជាកសិករលើផ្ទៃដីប្រមាណ ១.៩៨៤ហិកតា ក្នុងនោះខូចខាត ១.២០៨ហិកតា ស្មើនឹង ២.៦១៨គ្រួសារ លើ៩២ភូមិ ស្មើនឹង១៧ឃុំ ។ តាមការសង្គេតឃើញថា ស្ថានភាពស្រូវដែលលិចលង់ទាំងអស់អាចនឹងខូចខាត ។

  សូមជម្រាបថា គិតត្រឹមថ្ងៃទី០៥ ខែតុលា ទឹកទន្លេមេគង្គខេត្តត្បូងឃ្មុំ មានកម្ពស់តែ ១៣,៨១ម៉ែត្រ សម្រាប់ឆ្នាំ២០២២នេះ ជាឆ្នាំទី២ហើយ ដែលទឹកជំនន់ចុងរដូវ បង្កការលិចលង់ដំណាំស្រូវ ក្នុងភូមិសាស្ត្រខេត្តជាប់ដងទម្លេមេគង្គ ៕

សាន វិឡែម ៥.១០.២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here