ចង់ច្បាមយកឱកាសទីផ្សារធំ គឺត្រូវបង្កើនផលិតភាពនិងគុណភាពកសិផល

0
26

ខេត្តត្បូងឃ្មុំៈ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានជំរុញឲ្យប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម ប្រធានគណៈកម្មការត្រួតពិនិត្យសហគមន៍កសិកម្ម តំណាងសហគមន៍កសិកម្ម ចំនួន ៩ ដែលចូលរួមប្រជុំពិភាក្សាលើកដំបូង ដើម្បីរៀបចំចងក្រងសហភាពសហគមន៍កសិកម្មថ្នាក់មូលដ្ឋានក្នុងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២១ នៅសាលប្រជុំមន្ទីរ ។


លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា
“តម្រូវការរបស់ទីផ្សារនូវកសិផលយើង នៅតែធំទូលាយ ជាពិសេសប្រភេទបន្លែនិងសាច់សត្វ តែអ្វីដែលយើងមិនអាចបំពេញគ្នាទៅវិញទៅមកបានគឺ ផលិតភាពនិងគុណភាពកសិផល ។ កសិកររបស់យើង ពិតជាមានសមត្ថភាពអាចផលិតបាននូវកសិផល តែការផលិតបាននេះ មិនមានបានជាប្រចាំ ដែលម្តងច្រើន ម្តងតិច ជួនកាលគ្មាន ដោយសារការផលិតរបស់យើង មិនទាន់បានរៀបចំនូវផែនការផលិតត្រឹមត្រូវ ដែលស៊ីច្រវាក់គ្នានឹងតម្រូវការរបស់ទីផ្សារ ទាំងបរិមាណនិងគុណភាពកសិផល ។ ពេលដែលការដាំដុះជាន់គ្នា ទទួលបានបរិមាណផលច្រើន លើសតម្រូវការ កសិផលត្រូវធ្លាក់ចុះតម្លៃ ឬ មិនមានអ្នកទទួលទិញ ។ បន្ទាប់ពីដាំដុះជាន់គ្នា មានអ្នកដាំតិច ឬ មិនមានអ្នកដាំ កសិផលនោះឡើងថ្លៃ ហើយត្រូវនាំពីប្រភពផ្សេងមកបំពេញតម្រូវការ ។ រូបភាពនេះ បន្តកើតមានមកដល់ពេលនេះ តែយើងមិនអស់សង្ឃឹមនោះទេ ព្រោះសហគមន៍កសិកម្ម បណ្តុំផលិតកម្មកសិកម្ម ក្រុមផលិតកម្មកសិកម្ម ត្រូវបានរៀបចំ ពង្រឹង និងកំពុងបង្ហាញសញ្ញាណវិជ្ជមានជាបណ្តើរៗ” ។


លោកប្រធានមន្ទីរ បានមានមតិបន្ថែមទៀតថា ការផ្តួចផ្តើមរៀបចំជាសហភាពសហគមន៍កសិកម្ម នាពេលនេះ នឹងផ្តល់ឱកាសឲ្យយើងច្បាមឱកាសដណ្តើមយកទីផ្សារធំៗ ព្រោះផ្ទៃដីផលិតរបស់យើងការតែធំ អាចរៀបចំផែនការផលិតបានកាន់តែល្អ ។ ក្រៅពីផែនការនិងយន្តការទាំងឡាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជំរុញកម្លាំងផលិតផង បង្កើតបណ្តាញទីផ្សារផង ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយឡែកក្នុងខេត្តត្បូងឃ្មុំ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានលើកទឹកចិត្តដល់បងប្អូនប្រជាកសិករជំរុញការដាំបន្លែនិងចិញ្ចឹមសត្វ ដើម្បីកាត់បន្ថយការនាំចូលបន្លែនិងសត្វពីក្រៅប្រទេស ដោយមិនត្រូវបារម្មណ៍ពីកត្តាទីផ្សារពេកនោះទេ ព្រោះតម្រូវការបន្លែនិងសាច់សត្វនៅមានទំហំធំណាស់ ។

ឆ្លើយតបនឹងការជំរុញផលិតកម្មបន្លែ ចិញ្ចឹមសត្វ និងទីផ្សារកសិផល ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដាក់ចេញផែនការនិងយន្តការជំរុញ ដើម្បីចំណូលរបស់គ្រួសារកសិករ ។ ទាំងនេះ កាន់តែធ្វើឲ្យយើង កាន់តែមានភាពកក់ក្តៅ តែអ្វីដែលកសិករយើង ត្រូវធ្វើ គឺការចូលរួមអនុវត្តឲ្យបានល្អប្រសើរពីបទដ្ឋានបច្ចេកទេសដាំដុះ ចិញ្ចឹមសត្វ មានផែនការផលិតត្រឹមត្រូវ គោលការណ៍ផលិតច្បាស់លាស់ទាំងបរិមាណនិងគុណភាព គឺ “ទាក់ទងមុន ចាំផលិតជាក្រោយ” ។


ដូច្នេះ ការពិភាក្សាគ្នាថ្ងៃនេះ គឺ ត្រូវមានគោលគំនិតដូចគ្នានិងឯកភាពគ្នាជាធ្លុងមួយ ជាពិសេសទៅលើលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់សហភាពសហគមន៍កសិកម្ម ដែលជាមូលដ្ឋានច្បាប់របស់សហភាពសហគមន៍កសិកម្ម សម្រាប់ចូលរួមអនុវត្តទាំងអស់គ្នា ឲ្យក្លាយជាកម្លាំងប្រមូលផ្តុំ បង្កើតជាតួអង្គមួយ មានសមត្ថភាព លទ្ធភាព និងអំណាចគ្រប់គ្រាន់ ក្នុងការពិភាក្សាចចារ ពីផលិតកម្មនិងការផ្គង់ផ្គង់កសិផល ជាមួយដៃគូអ្នកបញ្ជាទិញ តាមកិច្ចសន្យាផលិកម្មកសិកម្ម ដើម្បីប្រាក់ចំណូលគ្រួសារកសិករ ក្នុងដំណាក់កាល សាកលភាវូបនីយកម្ម និងឱកាសដែលប្រទេសជាតិស្ថិតក្នុងសុខសន្តិភាពពេញលេញនេះ ៕
សាន វិឡែម

LEAVE A REPLY

Please enter your comment!
Please enter your name here