ជប៉ុន​លា​លោក Abe ជា​លើក​ចុងក្រោយ កាលពី​ថ្ងៃ​អង្គារ​

0
58

ប្រទេស​ជប៉ុន​បាន​លា​ជា​លើក​ចុងក្រោយ​ប្រកប​ដោយ​ក្ដី​រំជួលចិត្ត កាលពី​ថ្ងៃ​អង្គារ​ ​ដល់​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe ដែល​ជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត​ម្នាក់​របស់​ប្រទេស​ជប៉ុន ​នៅ​ក្នុង​សម័យ​ទំនើប​នេះ ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត​ កាលពី​ខែ​កក្កដា។ ពិធី​បុណ្យ​សព​ផ្លូវ​រដ្ឋ​មួយ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីលាន Nippon Budokan កណ្តាល​រាជធានី​តូក្យូ ​បាន​ទាក់ទាញ​ពលរដ្ឋ​ជប៉ុន​រាប់​ពាក់​នាក់ ​និង​ឥស្សរជន​បរទេស​ឱ្យ​ចូល​មក​គោរព​ធាតុ​របស់​លោក ថ្វីបើ​មាន​ការ​រិះគន់​នៅ​ក្នុង​ប្រទេស​ប្រឆាំង​នឹង​ពិធី​បុណ្យ​នេះ​ក៏ដោយ។ ធាតុ​របស់​លោក Abe ត្រូវ​បាន​ភរិយា​របស់​លោក​នាំ​យក​ចូល​ទៅ​ក្នុង​សាល​នៃ​ទីលាន​នោះ ​ហើយ​ដាក់​នៅ​ឯ​ទីកន្លែង​តែង​លម្អ​ ដែល​មាន​ផ្កា ​និង​ទង់ជាតិ​ជប៉ុន។ ដោយ​បែរ​មុខ​ទៅកាន់​ធាតុ​របស់​លោក Abe និង​បែរ​ខ្នង​ទៅ​រក​ហ្វូង​មនុស្ស នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida បាន​ធ្វើ​សុន្ទរកថា ​អំពី​អនុស្សាវរីយ៍​ផ្ទាល់​ខ្លួន​យ៉ាង​ច្រើន ​ចំពោះ​លោក Abe ដែល​ជា​មិត្តភក្តិ ​និង​ជា​អ្នក​ផ្ដល់​ឱវាទដល់​លោក។ លោក Kishida បាន​និយាយ​ថា៖ «លោក Abe ​គឺជា​មនុស្ស​ម្នាក់​ដែល​យើង​ត្រូវការ ​ឱ្យ​ស្ថិត​នៅ​ជាមួយ​យើង​ឱ្យ​បាន​យូរ​អង្វែង​ជាង​នេះ»។ ក្នុង​ពេល​ប៉ុន្មាន​ម៉ោង​មុន​ពិធី​នោះ​ចាប់ផ្ដើម ពលរដ្ឋ​ជប៉ុន​បាន​តម្រង់​ជួរ​យ៉ាង​វែង​នៅ​ខាង​ក្រៅ​កន្លែង​រៀបចំ​ពិធី​បុណ្យ ​ដើម្បី​ដាក់​ផ្កា ​និង​គោរព។ មេដឹកនាំ​បរទេស​នានា​ក៏​បាន​ចូលរួម​នៅ​ក្នុង​ពិធី​នោះ​ផង​ដែរ ដែល​នេះ ​គឺជា​ការ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​អំពី​ប្រជាប្រិយភាព​ដ៏​ទូលំទូលាយ​របស់​លោក Abe នៅ​បរទេស។ លោក Abe បាន​ទទួល​ការ​សរសើរ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ និង​មិត្តភាព​របស់​លោក ជាពិសេស​ជាមួយ​បណ្តា​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ។ អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោកស្រី Kamala Harris ដែល​ដឹកនាំ​គណ:ប្រតិភូ​សហរដ្ឋ​អាមេរិក​ទៅ​ចូលរួម​នៅ​ក្នុង​ពិធី​នោះ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក Abe បាន​បន្សល់​ទុក​កេរដំណែល​នៃ «មិត្តភាព​ដ៏​ស្ថិតស្ថេរ​មួយ​ជាមួយ​សហរដ្ឋ​អាមេរិក»។ នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi ដែល​បាន​ចូលរួម​នៅ​ក្នុង​ពិធី​នោះ​ដែរ បាន​សរសេរ​នៅ​លើ​បណ្តាញ​ Twitter ថា ​លោក Abe ជា​«មិត្តភក្តិ​ដ៏​ស្និទ្ធ​ម្នាក់ និង​ជា​អ្នក​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​មិត្តិភាព​ឥណ្ឌា-ជប៉ុន‍»។ ចំណែក ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ក៏​បាន​ចូល​រួម​ពិធី​បុណ្យ​សព​ផ្លូវរដ្ឋ​នេះ​ដែរ ដោយ​លោក ហ៊ុន សែន​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក​ Abe «‍ជាមិត្តភ័ក្រ​ដ៏ល្អ​ពិតប្រាកដ និង​ជា​អ្នកគាំទ្រ​ដ៏ស្មោះត្រង់​របស់​កម្ពុជា ដែល​បាន​រួមចំណែក​យ៉ាង​ជ្រាលជ្រៅ​ ក្នុង​ការ​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា»។ ការ​ស្ទង់​មតិបង្ហាញ​ថា ជនជាតិ​ជប៉ុន​ភាគច្រើន​ប្រឆាំង​នឹង​ពិធី​បុណ្យ​សព​ផ្លូវ​រដ្ឋ​សម្រាប់​លោក Abe ដោយ​ពួក​គេ​ជា​ច្រើននិយាយ​ថា​ ពិធី​នេះត្រូវ​ចំណាយ​ថវិកា​ច្រើន​ពេក។ មក​ដល់​ពេល​នេះ ​រដ្ឋាភិបាល​ប៉ាន់​ស្មាន​ថា ​ពិធី​នេះ​នឹង​ត្រូវ​ចំណាយ​រហូត​ដល់ ​១២​លាន​ដុល្លារ។​ មនុស្ស​រាប់​ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ពិធី​បុណ្យ​នេះ ហើយ​កាល​ពី​សប្តាហ៍​មុន បុរស​ម្នាក់​បាន​ដុត​ខ្លួន​នៅ​ជិត​ការិយាល័យ​នាយករដ្ឋមន្ត្រី ដែល​នេះ​ទំនងជាដើម្បី​សម្តែង​ការ​ប្រឆាំង។ អ្នក​ក្រុង​តូក្យូ​ម្នាក់​ដែល​សុំ​ត្រឹម​ប្រើ​ត្រកូល​ Sasaki និយាយ​ថា ​ទោះ​បី​អ្នកស្រី​សរសើរ​ពី​កេរដំណែល​លោក Abe ក្តី ក៏​អ្នកស្រី​យល់​ថា​ ពីធី​នេះបាន​ចំណាយ​ថវិកា​ច្រើន​ពេកហើយ។ ចំណែក​លោក Mario Ito ថា​ លោក​ហួសចិត្ត​ដែល​រដ្ឋាភិបាល​នៅ​តែ​រៀបចំ​ពិធី​បុណ្យ​សព​នេះ ថ្វី​បើ​មាន​ជនជាតិ​ជប៉ុន​រហូត​៧០% ​បាន​ប្រឆាំង​ក្តី៕ Kyodo

LEAVE A REPLY

Please enter your comment!
Please enter your name here