អ្នកជំងឺកូវីដ-១៩ ដែលមានជំងឺទឹកនោមប្រៃរ៉ាំរ៉ៃ និងមានវិជ្ជមានជំងឺកូវីដ-១៩ គឺបុរសវ័យ ៣៦ឆ្នាំម្នាក់ទៀត ត្រូវបានមន្ទីរសុខាភិបាលខេត្តសៀមរាបប្រកាសថា បានស្លា ប់បាត់បង់ជីវិត នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ ។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត ប្រធានមន្ទីរសុខាភិបាលខេត្ត បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា បុរសខាងលើនេះ ជាអ្នករស់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយធ្វើដំណើរមកលេងផ្ទះមិត្តភក្តិនៅឯភូមិខ្នាត ស្រុកពួក ខេត្តសៀមរាប ។ លោកវេជ្ជបណ្ឌិត បន្តថា បុរសរូបនេះ មានជំងឺមានជំងឺទឹកនោមប្រៃរ៉ាំរ៉ៃ បណ្តាលឲ្យហើមខ្លួន និងខូចតម្រងនោមហើយ “អ្នកជំងឺប្រភេទហ្នឹង គាត់មានភាពស៊ាំចុះខ្សោយ”។
បើទោះបីជាយ៉ាងនេះ ក្តីលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត មិនបានចាំកាលបរិច្ឆេទ ដែលអ្នកជំងឺរូបនេះ ចូលមកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តទេ ដោយលោកប្រាប់ថា អ្នកជំងឺរូបនេះ ត្រូវបានមិត្តភក្តិបញ្ជូនមកមន្ទីរពេទ្យយូរថ្ងៃមកហើយដែរ ដោយសារអាការ:ជំងឺគាត់ធ្វើទុក្ខ។
លុះកំឡុងពេលនៅសម្រាកព្យាបាល ក្រុមគ្រូពេទ្យមានការសង្ស័យក៏យកសំណាករបស់គាត់ទៅធ្វើតេស្ត ក៏ឃើញមានវិជ្ជមានមេរោគកូវីដ-១៩។
គួរបញ្ជាក់ថា នេះជាករណីទី២ ហើយដែលអ្នកជំងឺកូវីដ-១៩ បានស្លា ប់នៅក្នុងខេត្តសៀមរាប។ អ្នកដែលបានស្លា ប់ទាំងករណីទី១ និងករណីទី២នេះ ក្រុមគ្រូពេទ្យបានអះអាងថា ពួកគាត់មិនបានស្លា ប់ដោយសារជំងឺកូវីដ-១៩ទេ គឺស្លា ប់ដោយសារជំងឺប្រចាំកាយរ៉ាំរ៉ៃធ្ងន់ធ្ងរប៉ុណ្ណោះ៕