ប៉ោយប៉ែត ៖ លោកស្រី ថាក់ ឡានី មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង ដែលបាននិរទេសខ្លួនទៅប្រទេសស៊ុយអែត នៅវេលាម៉ោង ១២ ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២១ នេះ បានត្រលប់មកដល់ប្រទេសកម្ពុជាវិញតាមច្រកអន្តរជាតិប៉ោយប៉ែតដោយសុវត្ថិភាព ។
ពេលមកដល់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត លោកស្រី ថាក់ ឡានី បានថ្លែងប្រាប់លោកចាងហ្វាងការផ្សាយគេហទំព័រ PVNN ថា លោកស្រីពិតជារំភេីបចិត្តរកអ្វីប្រៀបផ្ទឹមពុំបានទេដែលលោកស្រីទទួលបានការសណ្ដោសប្រោសប្រណីពីសម្តេចតេេជោ ហ៊ុន សែន ជាពិសេស វត្តមានរបស់លោកស្រីនៅប្រទេសកម្ពុជានៅពេលនេះគឺដោយមានការជួយជ្រោមជ្រែងយ៉ាងខ្លាំងក្លាពីសម្តេចតេេជោ ហ៊ុន សែន ។
លោកស្រី ថាក់ ឡានី បានបញ្ជាក់ថា ចាប់តាំងពីលោកស្រីចេញពីប្រទេសកម្ពុជាទៅនៅប្រទេស ស៊ុយអែត តាមការបំភ័យអោយរត់គេចរបស់មេដឹកនាំបក្សប្រឆាំង លោកស្រីបានរស់នៅម្នាក់ឯងកណ្ដោចកណ្ដែងដូចចកនៅកណ្ដាលលំហរសមុទ្រគ្មានកោះត្រេីយ ហេីយមេដឹកនាំបក្សប្រឆាំងមិនដែលមកសួរសុខទុក្ខលោកស្រីម្ដងណាទេ ។ នៅពេលដែលលោកស្រីមានទុក្ខព្រួយ លោកស្រីនឹកឃើញតែមេដឹកនាំម្នាក់គត់ដែលលោកស្រីជឿទុកចិត្តថា អាចជួយសង្គ្រោះលោកស្រីពីលំហរសមុទ្របានគឺ សម្ដេចតេជោ ហ៊ុន សែន ។ ទីបំផុត លោកស្រីបានគេចផុតពីទុក្ខវេទនាកណ្ដោចកណ្ដែងម្នាក់ឯងនិងបានត្រលប់មកជួបជុំក្រុមគ្រួសារវិញនៅថ្ងៃនេះ ។ លោកស្រី និង ស្វាម៉ី បានគោរពថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលតែងតែជួយដោះស្រាយទុក្ខលំបាកអោយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដោយមិនគិតនិន្នាការនយោបាយឡេីយ ។
គួរបញ្ជាក់ថា លោកស្រី ថាក់ ឡានី ត្រូវបានប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រឹត្យលេីកលែងទោស កាលពីថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២១ តាមការស្នេីសុំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល ៕