ចងអង្រឹងជាប់ដើមពោធិ៍ និងព្រះហស្ថព្រះបដិមា ដួលព្រះបដិមាសង្កត់ក្មេងម្នាក់ស្លាប់

0
220

(កំពង់ធំ) ៖ ក្មេងប្រុសម្នាក់ត្រូវរូបបដិមារលំសង្កត់កិនស្លាប់ខណៈចងអង្រឹងអង្គុយលេង ដោយចងជាប់ព្រះហស្ថបដិមាម្ខាង ទៅនិងដើមពោធិ៍បណ្តាលឲ្យដួលព្រះបដិមាសង្កត់លើស្លាប់ ។

ហេតុការណ៍ខាងលើនេះកើតឡើងនៅម៉ោង១០ និង ៥០ នាទី នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅចំណុច ដើមពោធិ៍ ក្នុងវត្តសាគ្រាម ស្ថិតក្នុងភូមិសាគ្រាមជើង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថាកុមាររងគ្រោះឈ្មោះ កែវ បៃ ភេទ ប្រុស អាយុ ១១ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ។

តាមការរៀបរាប់របស់ឈ្មោះ ឌី ដិនណា ភេទប្រុស អាយុ ៣៥ ឆ្នាំ ត្រូវជាឪពុកបង្កើត បានបំភ្លឺថា ផ្ទះរបស់ខ្លួននៅទល់មុខវត្តសាគ្រាម ហើយកូនប្រុសខ្លួនតែងតែដើរមកលេងក្រោមដើមពោធិ៍ក្នុងវត្តជាមួយក្មេងៗ ក្នុងភូមិររៀងរាល់ថ្ងៃ ។ នៅថ្ងៃកើតហេតុក្រោយពីហូបបាយថ្ងៃរួច គាត់ធ្វើការដូចធម្មតា មិនបានតាមមើលកូនលេងទេ ដល់ម៉ោងប្រហែល ១០:៥០ នាទីស្រាប់តែមានក្មេងៗ ក្នុងភូមិរត់មកប្រាប់ថា ព្រះដួលសង្កត់លើហើយ ។ លឺដូចនោះខ្លួនក៏រត់មកមើល ឃើញអ្នកភូមិជាច្រើនអ្នក ហើយឃើញគេលើកបីកូនប្រុស យកមកឲ្យ ខ្លួនពេលនោះលើកយកទៅដាក់លើឡានបើកចេញទៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង ទៅដល់គ្រូពេទ្យបានប្រាប់ថា កូនខ្លួនបានស្លាប់បាត់ទៅហើយ ។

ក្រោយទទួលព័ត៌មានកម្លាំងជំនាញស្រុក សហការជាមួយប៉ុស្តិ៍ និងអាជ្ញាមូលដ្ឋានចុះពិនិត្យកន្លែងកើត ហេតុ និងសាកសពឃើញថា: សពមានសភាពស្លាកស្នាមបែកជារាងផ្កាយចំលើខ្ទង់ច្រមុះប្រវែង៦ស.ម ទទឹង៣ស.ម ទ្រុឌធ្លុះដល់ឆ្អឹងលលាដ៍ក្រៅពីនេះមិនមានស្នាមអ្វីគួរកត់សម្គាល់ឡើយ ។ តាមការសន្និដ្ឋាន សពកុមាររងគ្រោះស្លាប់ដោយសារព្រះធ្វើអំពីថ្ម ដួលសង្កត់លើពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ ដោយចងអង្រឹងដេកលេងជាប់ដៃព្រះ ទៅនិងដើមពោធិ៍ដួលព្រះសង្កត់លើ ។

ក្រោយពិនិត្យចប់សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here