តារាកំប្លែង លោកស្រី ណយ សំណាង និងតារាចម្រៀង វណ្ណា ស័ក្តិ ដែលត្រូវជាកូនប្រុស ត្រូវបានបញ្ជាក់ថា ឆ្លងជំងឺកូវីដ-១៩

0
62

(ភ្នំពេញ)៖ លោកស្រី ណយ សំណាង ដែលទស្សនិកជនខ្មែរជំនាន់ដើមស្គាល់ថាជា អតីតតួឯកល្ខោននិយាយដ៏ល្បីប្រចាំវិទ្យុជាតិជំនាន់ទសវត្សឆ្នាំ១៩៨០ និង ជាតារាចម្រៀងអាយ៉ៃស្រ្តីជើងចាស់ និងជាតារាកំប្លែងផងនោះ ព្រមជាមួយតារាចម្រៀង វណ្ណា ស័ក្តិ ដែលជាកូនប្រុស បានឆ្លងជំងឺកូវីដ-១៩។ នេះបើតាមលោក ណយ សុវណ្ណារ៉ា ចៅប្រុសរបស់លោកយាយ ណយ សំណាង បានបញ្ជាក់ប្រាប់មុននេះ។

លោក ណយ សុវណ្ណារ៉ា ដែលជាចៅប្រុសរបស់លោកយាយ ណយ សំណាង បានថ្លែងប្រាប់  នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ថា លោកយាយ ណយ សំណាង និងលោក វណ្ណា ស័ក្តិ បានធ្វើតេស្តវិជ្ជមានកូវីដ-១៩។ ការធ្វើតេស្តនេះ គឺបន្ទាប់ពីពួកគាត់ទាំងពីរ មានការសង្ស័យ ក៏បានទៅធ្វើតេស្ត និងចេញលទ្ធផលនៅថ្ងៃនេះតែម្តង។

ប្រភពបានបន្តថា ការទៅធ្វើតេស្តនេះ បន្ទាប់ពី តារាកំប្លែងលោកស្រី ណយ សំណាង និងតារាចម្រៀង វណ្ណា ស័ក្តិ ដែលជាកូនប្រុស មានអាការៈមិនអាចស្រង់ក្លិនរយៈពេល២ថ្ងៃមកហើយ ទើបសម្រេចទៅធ្វើតេស្តនៅថ្ងៃទី១៤ ខែឧសភានេះ និងចេញលទ្ធផលមកវិជ្ជមានទាំងពីរនាក់តែម្តង ខណៈបច្ចុប្បន្នត្រូវបានក្រុមគ្រូពេទ្យបញ្ចូនទៅព្យាបាលនៅ មជ្ឈមណ្ឌល ដឹព្រីមៀ សែនសុខ។

យ៉ាងណាមិញ ចំពោះសមាជិកគ្រួសារផ្សេងទៀត បច្ចុប្បន្នកំពុងធ្វើចត្តាឡីស័ក្កនៅផ្ទះ ហើយប្រហែលរយៈពេល២ថ្ងៃទៀត ទើបក្រុមគ្រូពេទ្យទៅយកសំណាក។

គួរជម្រាបថា លោកស្រី ណយ សំណាង គឺជាតារាជើងចាស់មួយរូបរបស់កម្ពុជា ដែលមានទេពកោសល្យសិល្បៈជាច្រើនផ្នែកល្ខោននិយាយ ច្រៀងអាយ៉ៃ សម្តែង និងតារាកំប្លែង។ មហាជនខ្មែរ ដែលបានទទួលដំណឹងថា លោកស្រីបានឆ្លងជំងឺកូវីដ-១៩ ហាក់សម្តែងការព្រួយបារម្ភផងដែរ ត្បិតលោកស្រីត្រូវបានគេដឹងថា មានជំងឺប្រចាំកាយច្រើនឆ្នាំមកហើយ ខណៈទស្សនិកជនមួយចំនួនទៀត បានជូនពរឲ្យតារាជើងចាស់រូបនេះ ឆាប់ជាសះស្បើយពីជំងឺដ៏កាចសាហាវកូវីដ-១៩ ឆាប់ៗផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here