ទឹកកាន់តែថ្លា៖ ពីប្លន់ទូរស័ព្ទ ស៊ីនំឲ្យលុយ មកជាអ្នកទី៣

0
96

ភ្នំពេញ: ចាប់តាំងពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ចាប់ផ្តើមផ្អើលករណីឧកញ៉ា ហេង សៀ ប្តឹងពិធីការិនី នៅស្ថានីយទូរទស្សន៍ My TV ជាអតីតបេក្ខនារី Miss Grand កញ្ញា មាន ពេជ្ររីតា ពីបទប្លន់យកទូរស័ព្ទ និងចាក់ឲ្យលោក មានរបួស។ ក្រោយពីត្រូវចាប់វ៉ៃខ្នោះ ស្ត្រីវ័យ ២០ឆ្នាំនោះត្រូវបានតុលាការសាលាដំបូងរាជធានី ភ្នំពេញចោទប្រកាន់ និង បញ្ជូនទៅឃុំឃាំងនៅពន្ធនាគារព្រៃស។

រឿងរ៉ាវនេះបានកក្រើកក្នុងសង្គមខ្មែរយើង តាមរយៈហ្វេសប៊ុក កាលពីថ្ងៃទី១២ឧសភានៅពេលមានមានបណ្តឹង តបពីកញ្ញា មាន ពេជ្ររីតា ប្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភនាង នៅក្នុងឡាន កាលពីថ្ងៃទី៤ឧសភា។ ឃ្លីបវិដេអូ ដែលយកចេញពីកាមេរ៉ាសុវត្ថិភាព ក៏ត្រូវបានចែកចាយជាមួយនឹងឃ្លីបវិដេអូរបស់កញ្ញា មាន ពេជ្ររីតា ដែលទួញយំក្នុងរង្វង់ដៃម្តាយ ដែលត្រកងបី នៅតុលាការ។ ឃ្លីបទួញយំសោកនោះបានអង្រួនចិត្តមហាជនដោយ ច្រើន បង្កើតជាយុទ្ធនាការតាមហ្វេសប៊ុក តាមទារយុត្តិធម៌ដល់ពិធីការិនីវ័យក្មេងរូបនេះ។

នៅថ្ងៃទី១២ឧសភា ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ចំនួន ៣រូប បានចូលខ្លួនការពារក្តីកញ្ញា មាន ពេជ្ររីតា និងបានដាក់ពាក្យស្នើសុំនៅក្រៅឃុំ។ ភ្លាមៗ នៅថ្ងៃទី១២ឧសភា កញ្ញា មាន ពេជ្ររីតា ត្រូវបាននាំខ្លួនពីព្រៃស មកសួរនាំនៅតុលាការសាលាដំបូងរាជធានីភ្នំពេញ។ នៅព្រឹកថ្ងៃទី១៣ឧសភា កញ្ញា ត្រូវបានចៅក្រម សម្រេចឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ហើយលោកស្រីមេធាវី ២រូប បានទៅទទួលនាងដល់ក្នុងពន្ធនាគារ នាំចេញទៅកាន់ការិយាល័យមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដែលមានកំពូលមេធាវី គី តិច ជាប្រធាន រង់ចាំទទួលស្វាគមន៍កញ្ញា មាន ពេជ្ររីតា នៅក្នុងបន្ទប់ការិយាល័យ។

នាព្រឹកថ្ងៃទី១៣ឧសភា ក៏ធ្លាយឯកសារកំណត់ហេតុរបស់ប៉ូលិសប៉ុស្តិ៍នគរបាលសង្កាត់ទឹកកកទី២ដែលបាន សួរនាំលោកឧកញ៉ា ហេង សៀ ដែលកំពុងសម្រាកព្យាបាលរបួស នៅក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ កាលពីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។ ក្នុងកំណត់ហេតុ ៣ទំព័រ លោកឧកញ៉ា ហេង សៀ អាយុ ៥៩ឆ្នាំ បានអះអាងថា លោកមានទំនាក់ទំនងនឹងកញ្ញា មាន ពេជ្ររីតា ហៅ យូប៊ី កាលពីខែមេសា ឆ្នាំ២០២១ហើយក្នុងទំនាក់ទំនង រវាងលោក និងកញ្ញា មាន ពេជ្ររីតា គឺក្នុងនាមជាស្ត្រីរកស៊ីផ្លូវភេទ «ស៊ីនំឲ្យលុយ»។

លោកឧកញ៉ា ហេង សៀ បន្ថែមក្នុងកំណត់ហេតុថា លោកបានទំនាក់ទំនងណាត់ជួបកញ្ញា មាន ពេជ្ររីតា ចំនួន ៣លើកមកហើយ ច្រើនជួបគ្នា នៅផ្ទះសំណាក់។ ជួបម្តង តម្លៃ ២០០ដុល្លារ ទៅ ៣០០ដុល្លារ។ ក្នុងការទាក់ទងនេះ លោកឧកញ៉ា ហេង សៀ អះអាងថា មិនមែនជាសង្សារ ឬប្រពន្ធចុងទេ គឺស៊ីនំ រួចឲ្យលុយ។ តែលោកឧកញ៉ា អះអាងថា ធ្លាប់បានជួយឧបត្ថម្ភលុយឲ្យកញ្ញា មាន ពេជ្ររីតា ម្តងចំនួន ១៥០០ដុល្លារ ដោយនាងត្រូវការលុយ បង់ថ្លៃសាលា។

លោកឧកញ៉ា ហេង សៀ បន្តថា នៅថ្ងៃណាត់ជួបគ្នា នារសៀលថ្ងៃទី៤ឧសភា នៅក្នុងឡានម៉ាក KIA បើកចុះបើកឡើង ហើយចុងក្រោយឈប់នៅផ្លូវលំ លេខ១៣៨ កែងផ្លូវលេខ២៥៩ នៅម្តុំសាលាអាស៊ីអឺរ៉ុប ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។ នាងបានឲ្យលោក បាញ់លុយតាមគណនី ABA ឲ្យនាង ចំនួន ៣០ដុល្លារ ហើយលោកក៏បានបាញ់ឲ្យ ៥០ដុល្លារ។

លោកឧកញ៉ា ហេង សៀ បានលើកឡើងថា ក្នុងពេលបាញ់លុយតាមទូរស័ព្ទនោះ ប្រហែលជាកញ្ញា មាន ពេជ្ររីតា មើលឃើញលេខសំងាត់របស់លោក ពេលនោះកញ្ញា ក៏ឲ្យលោកបើករថយន្តអេបកៀនផ្លូវច្រកតូចរួចហើយនាងបាន ធ្វើសកម្មភាពយកកូនកាំបិតចុងស្រួច សម្រាប់ចិត្តបន្លែ យកមកចាក់លើក្បាលពោះខាងស្តាំរបស់លោកឧកញ៉ា ចំនួន ២កាំបិត បណ្តាលឲ្យរងរបួសធ្ងន់។ ភ្លាមនោះ លោកបានស្រវាបើកទ្វាររថយន្ត រួចចេញរត់មកខាងក្រៅដើម្បីឲ្យគេ ជួយ។ ចំណែកឈ្មោះ យូប៊ី បានបើកទ្វារឡានរួចដើរគេចខ្លួនបាត់ទៅ ដោយបានយកទូរស័ព្ទរបស់លោក មួយគ្រឿង ម៉ាក Iphone 12 Pro Max ពណ៌ទឹកមាស គេចខ្លួនបាត់ទៅ។ ចំណែកលោកបានបើករថយន្តដោយខ្លួនឯង ទៅមន្ទីរពេទ្យព្រះកុសមៈ រួចក៏បន្តមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញតែម្តង។

យ៉ាងណាក៏ដោយ សកម្មភាពនៅក្នុងឡានរវាងលោកឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតាត្រូវបានថតជាប់ ក្នុងកាមេរ៉ាសុវត្ថិភាព។

ចំណែកកញ្ញា មាន ពេជ្ររីតា នៅថ្ងៃទី១១ឧសភា បានដាក់ពាក្យបណ្តឹងទៅតុលាការសាលាដំបូងរាជធានីភ្នំពេញ ប្តឹងចោទប្រកាន់លោកឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភនាង នៅក្នុងឡានរបស់លោកឧកញ៉ានោះ។

យ៉ាងណាក៏ដោយ សកម្មភាពនៅក្នុងឡានរវាងលោកឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតាត្រូវបានថតជាប់ក្នុង កាមេរ៉ាសុវត្ថិភាព។

ប៉ុន្តែនៅរសៀលថ្ងៃទី១៣ ខែឧសភា ក៏មានការផ្សព្វផ្សាយនូវលិខិតសុំទោសរបស់លោកឧកញ៉ា ហេង សៀ ចុះថ្ងៃទី១១ ខែឧសភា ដែលលោកបានសូមអភ័យទោស ចំពោះថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទាំងអស់ ព្រមទាំងភរិយា ក្រុមគ្រួសារ។ លោកឧកញ៉ា ហេង សៀ អះអាងថា លោកលួចមានស្នេហាជាមួយអ្នកទី៣ គឺកញ្ញា មាន ពេជ្ររីតា។

ដោយអះអាងថា លោកមានការសោកស្ដាយជាទីបំផុត ក្នុងលិខិតដដែល លោកឧកញ៉ា ហេង សៀ បានបញ្ជាក់ថា នៅថ្ងៃកើតហេតុ ( ថ្ងៃទី៤ឧសភា ) បណ្ដាលមកពីកញ្ញា មាន ពេជ្ររីតា បានទំនាក់ទំនងឲ្យលោកមកជួប បន្ទាប់មក កញ្ញា មាន ពេជ្ររីតា បានទាមទារប្រាក់ផ្ដាច់ចំណងស្នេហា ច្រើនលើសលប់ពេក ដែលបណ្ដាលឲ្យលោកឧកញ៉ា មិនអាចបំពេញបំណងនាងបាន ហើយក៏លោក មិននឹកស្មានថា នាងមានកាំបិតមកចាក់លោកភ្លាមៗទេ។

យ៉ាងណាក៏ដោយ ជុំវិញការអះអាងក្នុងកំណត់ហេតុ និងក្នុងលិខិតសុំអភ័យទោសរបស់លោកឧកញ៉ា ហេង សៀ មិនទាន់មានការបកស្រាយបែបណាពីភាគីកញ្ញា មាន ពេជ្ររីតា ហៅ យូប៊ី ពិធីការិនីទូរទស្សន៍ My TV នៅឡើយទេ។

មហាជនមើលឃើញសំណុំរឿង «ស្រីប្រកាន់ ប្រុសប្រកែក» នេះ នៅមានការលាក់បាំងនូវការពិតជាច្រើន។ ប៉ុន្តែអ្វីដែលបង្ហាញនាពេលនេះ គឺខាងលោកឧកញ៉ា ហេង សៀ បានប្តូរប្រែពីប្តឹងចោទ ចាប់នាងដាក់គុក ពីបទប្លន់ទូរស័ព្ទ មកជារឿងស៊ីនំឲ្យលុយ ហើយចុងក្រោយ ថានាងជាស្ត្រីស្នេហ៍របស់ខ្លួនទៅវិញ។

ចំណែកខាងស្ត្រីពិធីការិនីវ័យក្មេង មិនបានបង្ហើបឲ្យដឹងអ្វីនៅឡើយទេ ពីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ ក្រៅតែពីដង្ហើយរកយុត្តិធម៌ ដែលមានមហាជន សកម្មភាពសិទ្ធិមនុស្ស និងក្រុមសិល្បករមួយចំនួន បានគាំទ្រ និងធ្វើយុទ្ធនាការ រហូតដល់ក្រុមមេធាវីសម្តេចតេជោ បានចូលខ្លួនមកការពារក្តី និងធានាឲ្យនាង បានចេញពីពន្ធនាគារ។

ករណីនេះ មិនមែនជារឿងថ្មីទេ ក្នុងសង្គមកម្ពុជា។ កន្លងមក តែងតែមានករណី «ស្រីប្រកាន់ ប្រុសប្រកែក» ឬស្នេហាប្រុសស្រី តាំងពីប្រជាជនសាមញ្ញ មន្ត្រី រហូតដល់អ្នកនយោបាយ។ ប៉ុន្តែអ្វីៗក៏ដោយ មានការចាប់ផ្តើម ក៏មានទីបញ្ចប់។

ករណីនេះ ក៏មានការទាមទារឲ្យផ្តល់យុត្តិធម៌ដល់ភាគីជនរងគ្រោះពិតប្រាកដ។ នោះគឺដំបូងអ្នកខ្លះគិតថា កញ្ញាពិធីការិនីទូរទស្សន៍រងគ្រោះ ដោយសារប្តឹងឧកញ៉ា ប្រើផ្លូវច្បាប់ ចាប់នាងដាក់ពន្ធនាគារ។ ក្រោយមក ក៏មានអ្នកខ្លះ គិតផ្សេងពីនេះ ហើយហាក់ដូចជាគិតថា ដោយសារតែស្នេហាខុសទំនង ទើបនាំដល់ជម្លោះ រហូតដល់ចាក់បង្កឲ្យរបួសខាងប្រុស។

យ៉ាងណាក៏ដោយ មហាជនសង្ឃឹមថា សំណុំរឿងនេះ ក្រុមមេធាវីសម្តេចតេជោក៏ដូចជាចៅក្រមតុលាការសាលា ដំបូងរាជធានីភ្នំពេញ នឹងបង្ហាញការពិត និងផ្តល់ភាពយុត្តិធម៌ដល់ភាគីទាំងសង្ខាង ពិសេសផ្តល់យុត្តិធម៌ដល់មហាជន សិល្បករ និងសកម្មជនសិទ្ធិមនុស្សជាច្រើនទៀត ដែលបានឈឺឆ្អាលលើសំណុំរឿងនេះ។ម្យ៉ាងទៀតមានតែ ពេលវេលាទេ ដែលនឹងបង្ហាញការពិត៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here