ក្រសួងរៀបចំដែនដី ចេញសេចក្តីប្រកាសបំភ្លឺចំពោះការចោទប្រកាន់តាម Facebook ថា ទាហានរំលោភយកដីប្រជាពលរដ្ឋ នៅឃុំត្រែងត្រយឹង

0
71

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃនេះបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបំភ្លឺតទៅនឹងការចោទប្រកាន់តាម Facebook ថា ទាហានរំលោភដីប្រជាពលរដ្ឋនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ការបំភ្លឺនេះ បានធ្វើឡើងបន្ទាប់ពី Facebook របស់ឈ្មោះ អាន សំអូន កាលពីពេលថ្មីៗកន្លងទៅនេះ បានបង្ហោះវីដេអូ និងបានលើកឡើងថា មានទាហានមួយក្រុម បានរំលោភដីប្រជាពលរដ្ឋនៅចំណុចភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

តាមសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី ដែលបណ្តាញព័ត៌មាន  ទទួលបានតាមរយៈ Facebook ផ្លូវការរបស់ក្រសួងរៀបចំដែនដី នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ពាក់ព័ន្ធនឹងករណីបង្ហោះហ្វេសបុកនេះ ក្រសួងបានចាត់មន្ត្រីឱ្យចុះពិនិត្យស្រាវជ្រាវឃើញថា បុគ្គលដែលបានលើកឡើងក្នុងវីដេអូថា ទាហានរំលោភយកដីគាត់ មានឈ្មោះ យី ចម្រើន និងប្រពន្ធឈ្មោះ ជា សុធា ជាប្រជាជនមានស្រុកកំណើត នៅខេត្តព្រៃវែង បានមករស់នៅក្នុងសមាគមសង្គ្រោះជនពិការកម្ពុជា នៅចន្លោះឆ្នាំ២០០៨-២០០៩ និងទទួលបានដីពីសមាគម ទំហំ៥០ម X ១៥០ម ។

ក្រសួងបានបន្តថា៖ ឈ្មោះ យី ចម្រើន អះអាងថា បានទិញដីបន្ថែមពីយោធាដែល ជាសមាជិកសមាគមសង្គ្រោះជនពិការកម្ពុជានៅឆ្នាំ២០១១ ប៉ុន្តែពុំមានឯកសារបញ្ជាក់ពីការទិញលក់នោះទេ។ តាមលទ្ធផលវាស់វែងដែលបង្ហាញព្រំដីដោយឈ្មោះ យី ចម្រើន ផ្ទាល់ឃើញថា ដីមានទំហំ ១៥៩៣១ ម៉ែត្រការ៉េ ក្នុងនោះ ដីមិនពាក់ព័ន្ធជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធា មានទំហំ ៤៩៦១ ម៉ែត្រការ៉េ និងដីទំហំ ១០៩៧០ ម៉ែត្រការ៉េ ទៀត ជាដីដែលពាក់ព័ន្ធជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធា។

ក្រសួងរៀបចំដែនដី បានបញ្ជាក់ទៀតថា ដូច្នេះ វិវាទខាងលើទាក់ទងនឹងការកាន់កាប់ដីរបស់ឈ្មោះ ឃី ចម្រើន ជាន់ទៅលើដីរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធា ហើយសកម្មភាពដែលបង្ហាញនៅក្នុងវីដេអូ ជាសកម្មភាពដែលកើតឡើងនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០២១ ជាពេលវេលាដែលអាជ្ញាធរឃុំត្រែងត្រយើងចុះទៅហាមឃាត់ឈ្មោះ យី ចម្រើន មិនឱ្យសាងសង់ផ្ទះ ចូលក្នុងព្រំដីរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធា៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី៖

 

LEAVE A REPLY

Please enter your comment!
Please enter your name here