លិខិតអតីតនិស្សិតច្បាប់៖ អ្វីទៅយុត្តិធម៌សង្គម?

0
169

(ភ្នំពេញ) ខ្ញុំជាអតីតនិស្សិតច្បាប់។ ខ្ញុំស្រឡាញ់មុខវិជ្ជានេះខ្លាំងណាស់។ ពេលកំពុងរៀនខ្ញុំយល់ថា ខ្លឹមសារនិងទ្រឹស្ដីនៃច្បាប់គឺយុត្តិធម៌ ម៉ឺងម៉ាត់ ដែលមនុស្សរាល់គ្នាត្រូវគោរព និងខ្លាចរអា ក្នុងការប្រព្រឹត្តបទល្មើសនានា។ បទល្មើសនីមួយៗត្រូវជាប់ពន្ធធនាគារតិច ឬមួយជីវិតក៏មាន លើកលែងតែបទល្មើសរដ្ឋប្បវេណី ហើយត្រូវពិន័យជាប្រាក់ទៀត។ 

ឆ្នាំទី២ ខ្ញុំចូលបម្រើការងារជាជំនួយការមេធាវី។ ខ្ញុំក៏ចាប់ផ្ដើមដឹងតិចៗថា អូ! ការពិត ទ្រឹស្ដី និងតថភាពពិតគឺមិនដូចគ្នាទេ តែក៏នៅគិតថាវាមិនទាំងស្រុងទេ។ ការរស់នៅក្នុងសង្គមយូរៗ ប្រឡូកក្នុងការងារយូរៗ ជួបរឿងជាក់ស្ដែងយូរៗ វាក៏បានឆ្លុះបញ្ចាំងថា ទ្រឹស្ដីនិងទោសទណ្ឌដែលមានចែងក្នុងក្រមព្រហ្មទណ្ឌគឺវាមានលក្ខណៈផ្ទុយស្រឡះគ្នាច្រើន (ទោសទណ្ឌខ្លះវាបែងចែករវាងអ្នកមាននិងអ្នកក្រ រវាងអ្នកធំ និងអ្នកតូច) ដោយធាតុពិតនៅក្នុងក្រមមិនបានបែងចែងទេ។ 

តួយ៉ាងក្នុងករណីថ្មីៗនេះ តើសក្ដិសមទេ ដែលក្រុមសម្តែងរឿងទុំទាវ ក្រោមរូបភាពអាសអាភាស ជាន់ឈ្លីប្រពៃណីខ្មែរ បំពានរឿងដើម ប្រមាថតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ពិសេសគឺល្មើសក្នុងបទល្មើសព្រហ្មទណ្ឌទៅទៀត តែលទ្ធផលគឺ ធ្វើកិច្ចសន្យាហើយក៏ឲ្យរួចខ្លួន។ 

ខ្ញុំមិនភ្លេចទេករណីចំប៉ីខ្មៅប្រមាថពូជខ្មែរ លទ្ធផលចំប៉ីខ្មៅគឺជាប់គុក។ តើនេះមកពីចំប៉ីខ្មៅក្រ ហើយគ្មានខ្សែមែនទេ? ណ្ហើយ នេះគ្រាន់តែជាការឆ្ងល់ និងជាទស្សនៈប៉ុណ្ណោះ ហើយរឿងខ្លះក៏សុំមិននិយាយច្រើនដែរ។ បើមិនសមរម្យត្រង់ចំណុចណា ក៏សូមអធ្យាស្រ័យដល់នាងខ្ញុំផង ព្រោះនេះគ្រាន់តែជាការបង្ហាញអារម្មណ៍ និងមតិតិចតួច ដោយមិនមានចេតនាវាយប្រហារលើស្ថាប័នណាមួយឡើយ៕

ពីអតីតនិស្សិតច្បាប់ម្នាក់ ម៉ាដាម វរនាថ



LEAVE A REPLY

Please enter your comment!
Please enter your name here