អាមេរិក​ស្នើ​ដោះដូរ​អ្នកទោស​ជាមួយ​រុស្ស៊ី

0
52

​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ ខ្លួន​បាន​ធ្វើ​«សំណើ​ដ៏​សំខាន់មួយ» ​ទៅ​ប្រទេស​រុស្ស៊ី​ ឱ្យ​មាន​ការ​ដោះដូរ​អ្នក​ទោស​ដែលអាមេរិក​នឹង​បញ្ជូន​អ្នក​ជួញដូរ​អាវុធ​ជនជាតិ​រុស្ស៊ី​ឈ្មោះ​ Viktor Bout​ ​ត្រឡប់​ទៅ​ទីក្រុង​ម៉ូស្គូ​វិញ​ ​ជាថ្នូរ​នៃ​ការ​ដោះលែង​តារា​បាល់​បោះ​អាមេរិក ​គឺ​លោកស្រី​ Brittney Griner ​និង​លោក ​Paul Whelan​ ដែល​ត្រូវ​ចោទ​ប្រកាន់​ថា ​ជា​ចារបុរស។​ លោក​ Antony Blinken ​រដ្ឋមន្ត្រី​ការ​បរទេស​​អាមេរិក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ថា​ លោក​រំពឹង​ថា ​នឹង​លើក​បញ្ហា​នេះ​ម្តង​ទៀត​នៅ​សប្តាហ៍​នេះ ​នៅក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​សមភាគី​រុស្ស៊ី ​លោក ​Sergey Lavrov។​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី​លោកស្រី ​Maria Zakharova ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​​ថា​ ការ​ចរចា​អំពី​ការ​ដោះដូរ​អ្នកទោស​កំពុង​បន្ត​ហើយ​មិន​ទាន់​ទទួល​បាន​កិច្ច​ព្រមព្រៀង​នៅ​ឡើយ​ទេ។​ លោកស្រី​ Griner ​ដែល​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ ​រហូត​ដល់​១០​ ឆ្នាំ ​ប្រសិន​បើ​ត្រូវ​បាន​ផ្តន្ទាទោស​ពីបទ​ដឹក​ជញ្ជូន​គ្រឿង​ញៀន​នោះ​ បាន​និយាយ​ថា​ ​មន្ត្រី​បាន​ឱ្យ​លោកស្រី​ចុះ​ហត្ថលេខា​លើ​ឯកសារ​នៅ​ឯ​អាកាស​យានដ្ឋាន​ទីក្រុង​ម៉ូស្គូ ​ដោយ​គ្មាន​ផ្តល់​ការ​ពន្យល់​អំពី​អ្វី​ ដែល​លោកស្រី​កំពុង​ទទួល​ស្គាល់​នោះ​ទេ។​ តុលាការ​រុស្ស៊ី​បាន​អនុញ្ញាត​ឱ្យ​ឃុំខ្លួន​លោកស្រី ​រហូត​ដល់​ថ្ងៃទី​២០ ​ខែ​ធ្នូ។​ លោក Whelan ​ដែល​ជា​អតីត​ទាហាន​ម៉ារីន​របស់​សហ​រដ្ឋ​អាមេរិក​ត្រូវ​បាន​ចាប់​ដាក់គុក​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ​ពី​បទ​ចារកម្ម​ ចាប់តាំង​ពី​ឆ្នាំ​២០១៨​ ដោយ​ក្រុម​គ្រួសារ​របស់​លោក ​និង​ក្រុម​គ្រួសារ​របស់​លោកស្រី​ Griner ​បាន​អង្វរ​សេតវិមាន​ឱ្យ​ពន្លឿន​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ឱ្យ​មាន​ការ​ដោះលែង​ពួក​គេ។​ជាច្រើន​ឆ្នាំ​មក​ហើយ​ រុស្ស៊ី​បាន​ស្វះស្វែង​ឱ្យ​មាន​ការ​ដោះលែង​លោក​ Bout​ ឈ្មួញ​អាវុធ​ដែល​ធ្លាប់​មាន​រហស្សនាម​ថា ​«ឈ្មួញ​មរណៈ» ​លោក​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ​២៥​ឆ្នាំ​ក្នុង​ឆ្នាំ​២០១២​ ពីបទមាន​គម្រោង​លក់​អាវុធ​ខុស​ច្បាប់ដែល​មាន​ទឹក​ប្រាក់​រាប់​លាន​ដុល្លារAP

LEAVE A REPLY

Please enter your comment!
Please enter your name here