ចូលរួមការពារត្រីមេពូជក្នុងរដូវបិទនេសាទ នៅជម្រកចុងក្រោយ ក្នុងខេត្តស្ទឹងត្រែង

0
66

ស្ទឹងត្រែង៖ ខេត្តស្ទឹងត្រែង ត្រូវបានក្រុមអ្នកស្រាវជ្រាវរបស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានចាត់ទុកថា គឺជាជម្រកចុងក្រោយបង្អស់នៅក្នុងប្រទេសកម្ពុជា សម្រាប់ត្រីមេពូជជាច្រើនប្រភេទពង-កូន បរិមាណផលស្តុកនៅក្នុងបឹងទន្លេសាប និងវាលទំនាបលិចទឹកផ្សេងៗ។ ជារៀងរាល់ឆ្នាំ ចន្លោះពីថ្ងៃទី ១ ខែឧសភា ដល់ថ្ងៃទី ៣០ ខែកញ្ញា រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹង ស្តីពីរដូវបិទនេសាទ ដើម្បីឱ្យត្រីពង-កូនបានជោគជ័យ និងបង្កើតកូនចៅឱ្យបានច្រើនរាប់ពាន់លានក្បាល។ ទោះយ៉ាង ប្រជានេសាទនៅតែត្រូវបានអនុញ្ញាតឱ្យបន្តនេសាទជាមួយឧបករណ៍នេសាទខ្នាតតូចដដែល តែហាមដាច់ខាត ការប្រើប្រាស់ឧបករណ៍នេសាទដូចជា មង ឆក់ បំពុល និងគ្រឿងផ្ទុះជាដើម។

លោក វង្ស សាវឿន នាយរងខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកជាប្រធានអធិការកិច្ច និងវារីវប្បកម្ម បានប្រាប់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គថា កន្លងមក ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង ធ្លាប់បានធ្វើការផ្សព្វផ្សាយជាច្រើនលើកច្រើនសារ តាមរយៈវេទិការសាធារណៈ ក៏ដូចជាកម្មវិធីសិក្ខាសាលាផ្សេងៗ ដើម្បីអប់រំសាធារណជនអំពីផលប៉ះពាល់នៃការប្រើប្រាស់ឧករណ៍ល្មើសច្បាប់ ចំពោះមច្ឆជាតិនៅក្នុងរដូវត្រីពង-កូន។ ក្នុងនោះ លោកក៏បានសង្កត់ធ្ងន់ពីសារសំខាន់នៃការអភិរក្សទីជម្រករបស់មច្ឆជាតិនៅក្នុងខេត្តស្ទឹងត្រែង ព្រោះវាជាទីជម្រកចុងក្រោយបង្អស់នៅក្នុងប្រទេស ដែលមច្ឆជាតិទទួលបានជោគជ័យក្នុងការពង-កូន។

ជាមន្ត្រីដ៏សកម្ម ក្នុងការងារបង្រ្កាបបទល្មើសនេសាទក្នុងខេត្ត ដែលប្រជានេសាទភាគច្រើនស្គាល់ លោក សាវឿន និយាយថា៖ «ខណ្ឌរដ្ឋបាលជលស្ទឹងត្រែង ក៏ធ្លាប់បានកោះហៅប្រជានេសាទមួយចំនួនតូច ដែលនៅតែបន្តប្រើប្រាស់ឧបករណ៍ល្មើសច្បាប់មកអប់រំ និងធ្វើកិច្ចសន្យា ជាច្រើនលើកច្រើនសារ ឱ្យបញ្ឈប់ការប្រើប្រាស់ឧបករណ៍ទាំងនោះ។ លោកបន្ថែមថា៖ «មានការផាកពិន័យអន្តរការណ៍ផងដែរ ចំពោះឈ្មួញកណ្តាល ដែលទទួលទិញផលនេសាទដែលបានពីប្រើឧបករណ៍នេសាទខុសច្បាប់ផងដែរ។

ប៉ុន្តែ លោកសង្កេតឃើញថា នៅតែមានប្រជានេសាទ និងឈ្មួញកណ្តាលមួយចំនួនតួច បន្តប្រព្រឹត្ត និងទិញផលនេសាទ ពីបទលើ្មសនេសាទដដែល។ ក្នុងសំណេរភ្ជាប់ជាមួយរូបភាពត្រីមេពូជធំៗ ជាច្រើនប្រភេទ ដែលលោកទើបតែបង្រ្កាបបាន មានដូចជា៖ ត្រីរមាស (Osphronemus exodon), ត្រីពោ (Pangasius larnaudii), ត្រីខ្យា (Hemibagrus wychioides) និងត្រីឆ្តោ (Channa micropeltes) ជាដើម លើទំព័រហេ្វសប៊ុករបស់ខ្លួន លោក សាវឿន បានសម្តែងការខកចិត្តយ៉ាងខ្លាំង ដោយលោកសរសេរថា៖ «បើគ្រាន់តែអង្អែលៗ លួងលោមៗ ធនធានជលផលប្រាកដជារលាយ….។ រិតបន្តឹងតាមគោលការណ៍ច្បាប់ (ត្រីបានមកពីការនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់/ឆក់) ស្រែកថាធ្វើបាបៗៗៗ…. អត់យល់!»។

ក្នុងន័យនេះ លោកប្រធានអធិការកិច្ច និងវារីវប្បកម្ម វង្ស សាវឿន ចង់និយាយថា ឈ្មួញកណ្តាល តែងតែស្រែកថា ក្រុមអធិការកិច្ចរបស់លោកធ្វើបាបពួកគេនៅពេលមានការបង្រ្កាប។ ឈ្មួញកណ្តាលខ្លះ បានប្រើប្រាស់ពាក្យពេចន៍មិនគួរគប្បីផ្សេងៗ មកលើក្រុមបង្រ្កាប ខណៈដែលពួកគេដឹងយ៉ាងច្បាស់ថា កំពុងតែប្រមូលទិញ និងដឹកជញ្ជូនផលនេសាទ បានពីការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់។

ទោះបីទទួលរងនូវពាក្យសម្តីអសុរោះផ្សេងៗ យ៉ាងណាពីសំណាក់អ្នកប្រព្រឹត្តិបទល្មើសនេសាទ និងឈ្មួញក្តី តែមន្ត្រីល្បីឈ្មោះខាងការបង្រ្កាបបទល្មើស ក្នុងចំណោមប្រជានេសាទក្នុងខេត្តរូបនេះ បានសម្តែងនូវក្តីរីករាយ ដោយលោកប្តេជ្ញា នឹងបន្តសកម្មភាពអនុវត្តបទបញ្ជាជលផលតទៅទៀត មិនរាថយឡើយ។
លោក សាវឿន និយាយថា៖ «អ្នកប្រព្រឹត្តបទល្មើសនេសាទ និងឈ្មួញកណ្តាល មិនសប្បាយចិត្តទេ តែប្រជាជន និងប្រជានេសាទភាគច្រើនក្នុងខេត្ត ពួកគាត់សប្បាយរីករាយ និងសាទរចំពោះសកម្មភាពបង្ក្រាបនេះ។


លោកវង្ស សាវឿនមានប្រសាសន៍ថា៖ «រាល់ពេលមានសកម្មភាពនៃការប្រព្រឹត្តបទល្មើសនេសាទផ្សេងៗ ខ្ញុំតែងតែទទួលបានព័ត៌មានពីប្រជានេសាទក្នុងមូលដ្ឋាន។ នេះ សបញ្ជាក់ថា ប្រជានេសាទរីករាយនឹងសកម្មភាពបង្រ្កាបបទល្មើសទាំងនោះ ហើយក៏ចូលរួមគាំទ្រសកម្មភាពបង្រ្កាបជាមួយខណ្ឌរដ្ឋបាលជលផលដែរ»។
សូមចូលរួមជាមួយលោក វង្ស សាវឿន និងខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង ដើម្បីថែរក្សាត្រីមេពូជគ្រប់ប្រភេទ នៅក្នុងខេត្តស្ទឹងត្រែង និងដើម្បីគាំទ្រដល់ការបំពេញបន្ថែមផលស្តុកនៃធនធានជលផល ព្រមទាំងគាំទ្រដល់សុខមាលភាពរបស់ប្រជាជនកម្ពុជា។ ប្រភព : ថ្មី ថ្មី

LEAVE A REPLY

Please enter your comment!
Please enter your name here