ប្រឡាយ២.៥០០ម៉ែត្រ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានដំណើរការសាងសង់ ស្ថិតនៅឃុំជីរោជ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

0
42

ខេត្តត្បូងឃ្មុំៈ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេតត្បូងឃ្មុំ និងឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញរួមគ្នា ចុះត្រួតពិនិត្យការសាងសង់ប្រឡាយទឹក២.៥០០ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ស្រោចស្រពដីស្រែ និងដំណាំ ស្ថិតនៅភូមិទួលវិហារ ឃុំជីរោជ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ក្នុងការចុះពិនិត្យការសាងសង់នាឱកាសនោះ មានការអញ្ជើញចូលរួមពីសំណាក់លោក សេង សុខឃឿន អភិបាល នៃគណៈអភិបាលស្រុកត្បូងឃ្មុំ លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តត្បូងឃ្មុំ ក្រុមប្រឹក្សាស្រុក ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ លោកមេឃុំ មេភូមិ ព្រមទាំងប្រជាពលរដ្ឋជាយ៉ាងរូបទៀត។

បើតាមការឲ្យដឹងពីលោក សេង សុខឃឿន អភិបាលនៃគណៈអភិបាលស្រុកត្បូងឃ្មុំ បានបញ្ជាក់ថា ប្រឡាយនេះ មានទំហំមាត់ប្រឡាយលើ ១២ម៉ែត្រ បាត់ក្រោម៣ម៉ែត្រ ប្រវែង២.៥០០ម៉ែត្រ ស្ថិតនៅភូមិទួលវិហា ឃុំជីរោជិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាសមិទ្ធផលដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលគ្រោងបញ្ជប់នៅដើមខែមិថុនាឆ្នាំ២០២១នេះ ។
ឯកឧត្តម ហាក់ សុខមករា និងឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃកម្ពុជា និងឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជូនចំពោះបងប្អូនដោយក្តីនឹករលឹកបំផុត។

ឯកឧត្តម បានបន្តថា ប្រឡាយទឹកដែលបានដំណើរការការសាងសង់នាពេលនេះ គឺជាការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជារដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងការស្ដារប្រព័ន្ធទឹកស្រោចស្រពឡើងវិញ ដើម្បីទប់ស្កាត់គ្រោះរាំងស្ងួត និងជាពិសេសជួយដល់វិស័យកសិកម្ម របស់ប្រជាពលរដ្ឋពង្រីកផ្ទៃដីដាំដុះ សំដៅលើកកម្ពស់ជីវភាព នឹងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល ។


ឯកឧត្តម ទាំង២រូប បានជំរុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងមូល ត្រូវនាំគ្នាដាំដុះដំណាំរួមផ្សំនិងបន្លែបង្ការផ្សេងៗ ដើម្បីកាត់បន្ថយការចំណាយ និងរកប្រាក់ចំណូលបន្ថែមជួយទ្រទ្រង់ជីវភាពគ្រួសារ ហើយមន្រ្តីជំនាញ ត្រូវចុះសិក្សាផ្តល់ប្រឹក្សាផ្នែកបច្ចេកទេសដល់ប្រជាពលរដ្ឋ ពិសេសបែងចែកថាតើត្រូវដាំដំណាំ បន្លែអ្វី ដែលមានទីផ្សារល្អ និងត្រូវតាមរដូវកាលដាំដុះក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ៕
សាន វិឡែម

 

LEAVE A REPLY

Please enter your comment!
Please enter your name here