រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony Blinken បាននិយាយកាលពីថ្ងៃពុធថា ប្រេសិតអាមេរិកនឹងធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា ដើម្បីបន្ធូរបន្ថយភាពតានតឹង ខណៈលោកបានទទូចដល់អ៊ីស្រាអែលឱ្យចៀសវាងការស្លាប់របស់ជនស៊ីវិល។ មន្រ្តីអាមេរិកបាននិយាយថា លោក Hady Amr ឧបការីរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអ៊ីស្រាអែល និងប៉ាឡេស្ទីន បានចាកចេញកាលពីថ្ងៃពុធ ហើយនឹងជួបមេដឹកនាំអ៊ីស្រាអែល និងប៉ាឡេស្ទីនទាំងពីរ។ លោក Blinken បានប្រាប់អ្នកយកព័ត៌មានថា “លោកនឹងជម្រុញក្នុងនាមប្រធានាធិបតី Biden ឱ្យមានការលុបបំបាត់អំពើហិង្សា”។ អ្នកការទូតកំពូលរូបនេះ នៅក្នុងការសន្ទនាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ជាថ្មីម្តងទៀត បានជំរុញឱ្យភាគីទាំងពីរដកថយពីការប្រយុទ្ធគ្នា។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បាននិយាយថា លោក Blinken បានបញ្ជាក់ជាថ្មីម្តងទៀត នូវការអំពាវនាវរបស់លោកឲ្យគ្រប់ភាគីទាំងអស់ កាត់បន្ថយភាពតានតឹង និងបញ្ឈប់អំពើហិង្សា។ ព័ត៌មាននៃការសន្ទនានោះ បានលេចចេញភ្លាមៗ បន្ទាប់ពីមន្ទីរប៉ង់តាហ្គោនបាននិយាយថា រដ្ឋមន្រ្តីក្រសួងការពារជាតិ Lloyd Austin បានកោះហៅសមភាគីអ៊ីស្រាអែល គឺលោក Benny Gantz និងគាំទ្រដល់ “សិទ្ធិស្របច្បាប់របស់អ៊ីស្រាអែល ក្នុងការការពារខ្លួន និងប្រជាជនរបស់ខ្លួន” ខណៈពេលដែលកំពុងជំរុញឲ្យមានការភាពស្ងប់ស្ងាត់ឡើងវិញ។ លោក Blinken បាននិយាយថា ប្រជាជនប៉ាឡេស្ទីន និងអ៊ីស្រាអែលសមនឹងទទួលបានការរស់នៅប្រកបដោយសុវត្ថិភាព និងសន្តិសុខ ហើយនឹងបន្តចូលរួមជាមួយអ៊ីស្រាអែល ប៉ាឡេស្ទីន និងដៃគូក្នុងតំបន់ដទៃទៀត ដើម្បីជម្រុញឱ្យ មានភាពស្ងប់ស្ងាត់៕ AFP