យ៉ាងហោចណាស់ មានមនុស្ស ៤០នាក់ ក្នុងដែនដី Gaza និងទីក្រុងហ្ស៊េរុយសាឡិម ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នា រវាងក្រុម Hamas និងកងកម្លាំងសន្តិសុខអ៊ីស្រាអែល ដែលបានកើតឡើងកាលពីថ្ងៃពុធ។ ប្រទេសអ៊ីស្រាអែលបានចាប់ផ្តើមវាយប្រហារតាមផ្លូវអាកាសជាថ្មី ទៅលើតំបន់ Gaza កាលពីព្រឹកព្រលឹមថ្ងៃពុធ ដោយសំដៅទៅលើគោលដៅប៉ូលិស និងទីតាំងកងសន្តិសុខនានា។ អគារលំនៅដ្ឋាន និងការិយាល័យធ្វើការមួយកន្លែង បានបាក់រលំ ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ ពុំមានមនុស្សណាម្នាក់ស្ថិតក្នុងអគារ ដែលទទួលរងគ្រោះនោះទេ។ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល គឺសំដៅទៅលើគោលដៅទីតាំងបាញ់គ្រាប់រ៉ុក្កែត ការិយាល័យចារកម្ម និងផ្ទះរបស់មេដឹកនាំក្រុម Hamas នោះ បានសម្លាប់មនុស្សចំនួន ៣៥នាក់ ដែលរួមមាន កុមារចំនួន ១០នាក់ផងដែរ។ មនុស្សប្រមាណ ២០០នាក់ទៀត បានរងរបួសក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល។ ទន្ទឹមនឹងនេះដែរ ជនជាតិអ៊ីស្រាអែល ៥នាក់ បានស្លាប់ដោយការវាយប្រហារគ្រាប់រ៉ុក្កែតរបស់ក្រុម Hamas កាលពីថ្ងៃអង្គារ និងព្រលឹមថ្ងៃពុធ។ ក្រុម Hamas បានបាញ់គ្រាប់រ៉ុក្កែត ប្រមាណ ៥០០គ្រាប់ ទៅលើទីក្រុង Tel Aviv របស់អ៊ីស្រាអែល និងតំបន់ជាប់នោះ ចាប់តាំងពីថ្ងៃចន្ទរហូតមក ដែលក្នុងនោះរួមមាន គ្រាប់មីស៊ីលចំនួន ១៣០គ្រាប់ នៅយប់ថ្ងៃអង្គារ ដែលជាការឆ្លើយតបទៅនឹងការបំផ្លាញអគារ ដោយការវាយប្រហារពីអ៊ីស្រាអែល៕ Reuters