ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវអតីតយុទ្ធជនទាំងអស់បន្តចូលរួមថែរក្សា ការពារតម្លៃសន្តិភាព ដែលបងប្អូនតស៊ូរួមអាវុធជាមួយសម្ដេចតេជោ ហ៊ុន សែន ខិតខំយកមកបានដោយលំបាក

0
43

ត្បូងឃ្មុំៈ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានកិត្តិយសសមាគមអតីយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនអតីតយុទ្ធជន ក្នុងឳកាសប្រារព្ធពិធីអបអរសាទរខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១-មិថុនា-ឆ្នាំ២០២២ធ្វើនៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តត្បុងឃ្មុំ ។

  នាឱកាសនោះ ឯកឧត្តម អ៊ុន លំអង អនុប្រធានប្រចាំការសមាគមអតីយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ បានបង្ហាញជូននូវរបាយការណ៍សកម្មភាពនានា ដែលសមាគមខេត្ត បានអនុវត្តន៍នាពេលកន្លងមក ។

  ឯកឧត្តមឧត្តមសេនីយ៍ ម៉ុន មាគ៌ា ប្រធានគណកម្មាធិការសមាគមអតីយុទ្ធជនកម្ពុជាខេត្ត ក៏បានឡើងអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសរំលឹកខួបលើកទី១៥ នៃទិវាសមាគមអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២ ឲ្យបងប្អូនអតីតយុទ្ធជន និងសាច់ញាតិបងប្អូនទាំងអស់បានយល់ជ្រួតជ្រាបនូវអត្ថន័យ ដើម្បីរំឭកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ គ្រប់ស្រទាប់ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហានៃយើង ។

  មានប្រសាសន៍សំណេះសំណាល ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនសមាជិកអតីតយុទ្ធជន និងសាច់ញាតិទាំងអស់ គឺសម្ដេចទាំងទ្វេ មិនដែលភ្លេច ឬបោះបង់ចោលបងប្អូនអតីតយុទ្ធជននោះទេ ហើយសម្តេចតេជោនឹកឃើញជានិច្ច ចំពោះអតីតកាលដែលធ្លាប់ប្រកៀកស្មារួមអាវុធជាមួយគ្នា ជាពិសេសម្តេចក៏ជាជនពិការដោយសារសង្គ្រាមម្នាក់ផងដែរ ។

  ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៏លើកឡើងថា ដោយសារគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ចប់សង្រ្គាមទាំងស្រុង ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ជាស្ថាបនិកសន្តិភាព ហើយអ្វីៗដែលសមាជិកអតីតយុទ្ធជនកម្ពុជា ប្រជាពលរដ្ឋរបស់យើងទទួលបានដូចសព្វថ្ងៃនេះ គឺដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ហេតុនេះទើបយើងត្រូវអរគុណសន្តិភាព និងអរគុណនយោបាយឈ្នះ-ឈ្នះ ។ 

  បន្ថែមពីនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ គូសបញ្ជាក់ថា ក្រោយថ្ងៃរំដោះ ៧មករា១៩៧៩ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគោលនយោបាយនានា ដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ឲ្យបានល្អប្រសើរជាបន្តបន្ទាប់ ។ 

  ទន្ទឹមនេះ ក្នុងរយៈពេល១៥ឆ្នាំកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានគិតគូរយ៉ាងខ្លាំងអំពីសុខទុក្ខរបស់អតីតយុទ្ធជនកម្ពុជារបស់យើង ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទៀតនៃរដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានយកចិត្តទុកដាក់ ថែរក្សាដល់អតីតយុទ្ធជនរបស់យើងផងដែរក្នុងរយៈកាលកន្លងទៅនេះ ។

  ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានអំពាវនាវដល់បងប្អូន សមាជិកអតីតយុទ្ធជនកម្ពុជាទាំងអស់ សូមបន្តទៅទទួលយកវ៉ាក់សាំងបង្ការកូវីដ-១៩ ដូសជំរុញឲ្យបានគ្រប់ៗគ្នា និងត្រូវតែបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ដើម្បីអោយប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាព និង កាន់តែមានការអភិវឌ្ឍន៍រីកចម្រើនទៅមុខគ្រប់វិស័យបន្ថែមទៀត ៕

សាន វិឡែម ២៣.៦.២០២២

 

LEAVE A REPLY

Please enter your comment!
Please enter your name here