កាត់ឫសសីមានិងសមិទ្ធផលនានាក្នុងវត្តព្រះពុទ្ធឃោសាចារ្យ ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលខាងមុខ

0
52

ត្បូងឃ្មុំៈ ជំនួបកិច្ចប្រជុំរវាងក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣  អាជ្ញាធរស្រុកអូររាំងឪ ក្រុមប្រឹក្សាឃុំគងជ័យ ព្រះចៅអធិការ គណៈកម្មការវត្ត និងប្រជាពលរដ្ឋចំណុះជើងវត្តព្រះពុទ្ធឃោសាចារ្យ ដើម្បីរៀបចំកម្មវិធី ដំណើរអញ្ជើញជាកិត្តិយសដ៏ថ្លៃថ្លារបស់ឯកឧត្តមហ៊ុន ម៉ាណែត ដើម្បីកាត់ឫសសីមា និងសម្ពោធសមិទ្ធិផលនានា ក្នុងវត្តព្រះពុទ្ធឃោសាចារ្យ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ជាពេលខាងមុខនេះ ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ក្នុងបរិវេណវត្តព្រះពុទ្ធឃោសាចារ្យ ស្ថិតក្នុងភូមិទួលសូភី ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

  លោក ម៉ៅ ឌុង នាយករដ្ឋបាលសាលាខេត្តបានមានប្រសាសន៍ថា ក្នុងកិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើការរៀបចំបង្កើតកម្មវិធីសម្ពោធកាត់ឫសសីមា និងសមិទ្ធផលនានាក្នុងវត្តព្រះពុទ្ធឃោសាចារ្យឲ្យបានប្រសើរឡើង ។ ដែលបញ្ហានេះ វាបានផ្តល់លទ្ធភាព តម្រូវឲ្យ គ្រប់អង្គភាពមន្ទីរជុំវិញខេត្ត កងកម្លាំងទាំង៣ អាជ្ញាធរស្រុកអូររាំងឪ ព្រះគ្រូចៅអធិការ គណៈកម្មការអាចារ្យវត្ត ព្រមទាំងប្រជាពលរដ្ឋក្នុងឃុំគងជ័យ សហការគ្នា កសាងផែនការ  ការរៀបឆាកវេទិការទទួលគណៈអធិបតី ដែលមានចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ដូនជីតាជី និងព្រះសង្ឃផងដែរ សរុបចំនួន១៥០០នាក់ ។ ត្រូវរៀបចំសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អ រាប់ទាំងអនាម័យ និងមានការធ្វើតេស្តយកសំណាកពីមន្ត្រី និងក្រុមយុវជន យើងផងដែរ ដោយឡែកបងប្អូនប្រជាពលរដ្ឋត្រូវពាក់ម៉ាស់ឲ្យបានគ្រប់គ្នាជាការល្អ ។ 

  លោកនាយករដ្ឋបាលបានបន្ថែមទៀតថា ការកសាងផែនការ របាយការណ៍ ពាក់ពន្ធ័កម្មវីធីត្រូវប្រមូលយកនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ ជាកំណត់ដើម្បីយើងពិនិត្យនិងចាត់ចែងឲ្យបានទាន់ពេលវេលា ។

  ឯកឧត្តម រែន រតនៈ ទីប្រឹក្សាផ្ទាល់របស់ឯកឧត្តម ហ៊ុន ម៉ាណែត បាន មានប្រសាសន៍ថា កម្មវិធីនេះ ក៏មានរៀបចំបំពាក់គ្រឿងឥស្សរីយ៍យសដល់បុគ្គលឆ្នើម និងសប្បុរសជនយើងដែលបានជួយឧបត្តម្ភកសាងវត្តនេះផងដែរ ។ ហើយពិសេសទៀត ឯកឧត្តម ក៏បានស្នើសុំដល់មន្ទីរព័ត៌មានខេត្តត្រូវកំណត់អ្នកព័ត៌មានចូលរួមមានប៉ុន្មានស្ថាប័នឲ្យច្បាស់លាស់ ជៀសវាងអ្នកថតរូបគណៈអធិបតីលក់ ហើយគេមិនទិញបោះរូបចោល ហាក់មិនមានក្រមវិជ្ជាជីវៈ ដែលជាហេតុ ធ្វើឲ្យប៉ះពាល់សីលធម៌សង្គមយ៉ាងធ្ងន់ធ្ងរ ៕

សាន វិឡែម ២២.៦.២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here