សុខភាពលោក ពូទីន៖ ចំណុចសំខាន់នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់

0
62

បើទោះបីជាលោក ពូទីន បានកាន់អំណាចជាប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី អស់រយៈពេលពីរទសវត្សរ៍ក្ដី ស្ថានភាពសុខភាពរបស់លោកត្រូវបានលេចចេញជាសាធារណៈតិចតួចបំផុត រួមមានរូបភាពដ៏ល្បីល្បាញដែលបង្ហាញពីដើមទ្រូងរបស់លោកពូទីនចេញផ្សាយដោយវិមានក្រឹមឡាំង ក្នុងគោលបំណងបង្ហាញពីភាពរឹងមាំរបស់លោក។ 

ជុំវិញបញ្ហានេះ មានទ្រឹស្តីមួយចំនួនត្រូវបានបង្កើតឡើង ជាពិសេសនៅក្រោយពេលដែលលោក ពូទីន បានបញ្ជាឱ្យមានការឈ្លានពានលើប្រទេសអ៊ុយក្រែន ដោយហេតុថាសុខភាពរបស់លោក ពូទីន គឺជាគ្រឹះដ៏សំខាន់សម្រាប់អនាគតរបស់ទ្វីបអឺរ៉ុប។ 

ទ្រឹស្តីទាំងនោះរួមមាន ការងូតទឹកក្នុងអាងឈាមសត្វក្តាន់របស់ប្រទេសស៊ីបេរី ដើម្បីឱ្យមានអាយុវែង ការគេចវេសពីការវិភាគក្រោមជំនួយរបស់មន្ត្រីស្មោះស្ម័គ្រ និងអវត្តមានអាថ៌កម្បាំង សម្រាប់ការព្យាបាលជាបន្ទាន់។ 

យ៉ាងណាមិញ ការអះអាងដែលធ្វើឡើងអំពីសុខភាពរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលនឹងឈានចូលអាយុ ៧០ឆ្នាំក្នុងខែតុលានេះ មានភាពស្រពិចស្រពិល និងមិនអាចផ្ទៀងផ្ទាត់បាន។

គួរបញ្ជាក់ថា ការស៊ើបអង្កេតស៊ីជម្រៅបំផុតលើសុខភាពរបស់លោក ពូទីន ត្រូវបានបោះពុម្ពផ្សាយក្នុងខែមេសា ដោយគេហទំព័រព័ត៌មានជាភាសារុស្សី Proekt ដែលបានប្រើប្រាស់ទិន្នន័យប្រភពបើកចំហ ដើម្បីសន្និដ្ឋានថា ការធ្វើដំណើររបស់លោកប្រធានាធិបតីទៅកាន់ទីក្រុងរមណីយដ្ឋានភាគខាងត្បូងនៃទីក្រុងស៊ូជី (Sochi) ត្រូវបានធ្វើឡើងស្របពេលជាមួយគ្នានឹងវេជ្ជបណ្ឌិតជាច្រើននាក់ទៀត។

គេហទំព័រនោះ បានចោទប្រកាន់ថា វិធីសាស្ដ្រមួយក្នុងចំណោមវិធីសាស្ដ្រដែលលោកពូទីនប្រើដើម្បីឱ្យអាយុវែង គឺការងូតឈាមរបស់សត្វក្តាន់នៅស៊ីបេរី ជាវិធីសាស្ដ្រណែនាំដោយរដ្ឋមន្ត្រីការពារជាតិលោក សឺហ្គី សឺហ្គូ (Sergei Shoigu) ដែលមកពីប្រទេសស៊ីបេរី។

លើសពីនេះ ទស្សនាវដ្តីប្រចាំសប្តាហ៍របស់បារាំង Paris Match ក្នុងខែនេះបានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងឆ្នាំ២០១៩ និងប្រទេសបារាំងក្នុងឆ្នាំ២០១៧ លោក ពូទីន ត្រូវបានអមដំណើរដោយក្រុមរបស់លោកគ្រប់ពេលទៅបង្គន់ ដើម្បីរក្សាការបញ្ចេញចោល ដូច្នេះមិនមានជនណាម្នាក់ណាអាចវិភាគទឹកនោម ឬលាមករបស់លោកតាមវិធីវេជ្ជសាស្ត្របានទេ។

អ្វីដែលកាន់តែរំជួលចិត្តជាងនេះទៅទៀត ទស្សនាវដ្តីប្រចាំសប្តាហ៍របស់សហរដ្ឋអាម៉េរិក Newsweek បានចេញផ្សាយកាលពីខែមិថុនាថា លោកពូទីនបានឆ្លងកាត់ការព្យាបាលជំងឺមហារីកកម្រិតខ្ពស់នៅក្នុងខែមេសា ដោយដកស្រង់ពីព័ត៌មានសម្ងាត់របស់អាម៉េរិក។ ប៉ុន្តែ ក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិក បានបដិសេធថាមិនមានព័ត៌មាននោះទេ។

មានម្ដងគត់ដែលវិមានក្រឹមឡាំងបានបញ្ជាក់ថាលោកពូទីនមានបញ្ហាសុខភាព គឺនៅរដូវស្លឹកឈើជ្រុះក្នុងឆ្នាំ ២០១២ នៅពេលដែលលោកបានលុបចោលការប្រជុំជាច្រើន ហើយបានបាត់ខ្លួនពីសាធារណៈបន្ទាប់ពីត្រូវបានគេមើលឃើញថាលោកពិបាកធ្វើចលនា។

វិមានក្រឹមឡាំងនៅពេលនោះបានលើកឡើងថា លោកមានបញ្ហាសាច់ដុំ ដោយឡែកកាសែតមួយបានចុះផ្សាយថា លោក ពូទីនមានបញ្ហាខ្នងធ្ងន់ធ្ងរក្នុងអំឡុងពេលដែលលោកធ្វើការហោះហើរក្នុងយុទ្ធាការការពារសត្វក្រៀល។ ទន្ទឹមគ្នានោះដែរ កាសែតProekt បានអះអាងថា នៅពេលនោះហើយ ដែលបញ្ហាសុខភាពចម្បងរបស់លោក បានចាប់ផ្តើម។

គេក៏បានសង្កេតឃើញ ហេតុការណ៍ចម្លែកមួយចំនួនរបស់លោក ពូទីន ស្តីពីពេលមានជំងឺរាតត្បាតផងដែរ។ តួយ៉ាង វិមានក្រឹមឡាំងអះអាងថា លោក ពូទីន បានទទួលការចាក់វ៉ាក់សាំងបង្ការរួចរាល់ហើយ ប៉ុន្តែមិនដូចមេដឹកនាំពិភពលោកដទៃទៀតនោះទេ គ្មានរូបភាពនៃការសកម្មភាពនោះ លេចចេញជាសាធារណៈឡើយ។ 

ចំណែកអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក រួមទាំងអ្នកកាសែត តម្រូវឱ្យស្ថិតក្រោមការធ្វើចត្តឡីស័ក្តតឹងរឹងបំផុត។ រីឯជំនួបជាមួយមេដឹកនាំពិភពលោក ដែលមិនគោរពលក្ខខណ្ឌដ៏តឹងរ៉ឹងរបស់វិមានក្រឹមឡាំង ត្រូវបានធ្វើឡើងនៅតុដ៏វែង ក្នុងគោលបំណងរក្សាគម្លា ត។  

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វិមានក្រឹមឡាំង តាមរយៈអ្នកនាំពាក្យរបស់លោក ពូទីន លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានបដិសេធយ៉ាងដាច់អហង្ការាល់ការអះអាងដែលថាប្រធានាធិបតីរុស្ស៊ីកំពុងមានបញ្ហាសុខភាពធ្ងន់ធ្ងរណាមួយ។

រដ្ឋមន្ត្រីការបរទេសលោក សឺហ្គី ឡាវរ៉ូវ (Sergei Lavrov) បានបោះជំហានមិនធម្មតានៅក្នុងបទសម្ភាសជាមួយទូរទស្សន៍បារាំងប៉ុស្តិ៍ TF1 កាលពីចុងខែឧសភា ដោយច្រានចោលការចោទប្រកាន់ថាលោក ពូទីន មានជំងឺ ហើយ បាន អះអាង ថា មេដឹកនាំ រុស្ស៊ីបាន បង្ហាញ ខ្លួន ជា សាធារណៈរៀង រាល់ ថ្ងៃ។

ចំណែកប្រធានាធិបតីបេឡារុស លោក អាឡិចសេនដឺ លូកាសេនកូ (Alexander Lukashenko) បានថ្លែងក្នុងបទសម្ភាសខែមីនាជាមួយទូរទស្សន៍ជប៉ុនថា «ប្រសិនបើអ្នកគិតថាមានអ្វីមួយខុសប្រក្រតីលើប្រធានាធិបតីពូទីន ឬមានអ្វីមួយកើតឡើង អ្នកគឺជាមនុស្សដែលគួរឱ្យអាណិតបំផុតនៅលើផែនដី»

យ៉ាងណាមិញ នៅក្នុងការបង្ហាញខ្លួនជាសាធារណៈនាពេលថ្មីៗនេះ  រួមទាំងវេទិកាស្តីពី Peter the Great និងកិច្ចប្រជុំជាមួយប្រធានាធិបតីប្រទេស តួកម៉េនីស្ថាន លោក សឺដា បឺឌីមូខាមេដូវ (Serdar Berdymukhamedov) លោក ពូទីន មិនបានបង្ហាញសញ្ញានៃភាពទន់ខ្សោយខាងរាងកាយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here