កូឡុំប៊ី រកឃើញសំពៅ«សម័យសង្រ្គាម»២គ្រឿង ដែលដឹកកំណប់តម្លៃមហិមា

0
121

ប្រធានាធិបតីប្រទេសកូឡុំប៊ីលោក អ៊ីវ៉ាន ឌូក (Ivan Duque) បាននិយាយថា មន្ត្រីកងទ័ពជើងទឹកដែលធ្វើការត្រួតពិនិត្យលើសំពៅសេនហូសេ (San Jose) ដែលលិចអស់ពេលជាយូរ បានរកឃើញសំពៅប្រវត្តិសាស្ត្រពីរផ្សេងទៀតនៅក្បែរនោះ។

គួររំឭកថា សំពៅ សេនហូសេ ដែល អ្នក ប្រវត្តិសាស្ត្រ គិត ថា បាន ដឹក កំណប់ ដែល មាន តម្លៃ រាប់ ពាន់ លាន ដុល្លារ បាន លិចក្នុង ឆ្នាំ ១៧០៨ ក្បែរ កំពង់ផែ កាតាជីណា (Cartagena) ប្រទេស កូឡុំប៊ី។

លោក ឌូក និងមន្ត្រីកងទ័ពជើងទឹក កាលពីថ្ងៃទី៦ ខែមិថុនា បាននិយាយនៅក្នុងវីដេអូមួយថា៖ «យើងបានប្រើប្រាស់យានមួយដែលអាចមុជទឹកដល់ជម្រៅ ៩០០ម៉ែត្រ និងបានដកស្រង់វីដេអូ និងរូបភាពពីបំណែករបស់សំពៅនោះ»

យាននេះក៏បានរកឃើញបំណែកពីរផ្សេងទៀតនៅក្បែរនោះផងដែរ គឺទូកពីសម័យអាណានិគមមួយ និងសំពៅមានក្តោងពីរ ដែលអាចនឹងមានអាយុកាលប្រហាក់ប្រហែលនឹងសង្គ្រាមរបស់ប្រទេសកូឡុំប៊ីដើម្បីទាមទារឯករាជ្យពីអេស្ប៉ាញកាលពី ២០០ឆ្នាំមុន។

តាមរ៉យទ័រ មេបញ្ជាការកងទ័ពជើងទឹកលោក ហ្កាប្រ៊ីអេល ពេរេស (Gabriel Perez) បានលើកឡើងថា៖ «ឥឡូវនេះយើងមានរបកគំហើញពីរផ្សេងទៀតនៅក្នុងតំបន់តែមួយ ដែលបង្ហាញពីជម្រើសផ្សេងទៀតសម្រាប់ការរុករកបុរាណវត្ថុ។ ដូច្នេះ វាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ»

រូបភាពទាំងនេះ បានបង្ហាញពីកំណប់ទ្រព្យដែលនៅលើសំពៅ សេនហូសេ រួមទាំងដុំនិងកាក់មាស កាណុងដែលផលិតនៅរដ្ឋធានីសេវីល (Seville) ក្នុងឆ្នាំ ១៦៥៥ និងចា នរបស់ប្រទេសចិន។

ក្រុមមន្ត្រីបានឱ្យដឹងថា អ្នកបុរាណវិទ្យាមកពីកងទ័ពជើងទឹក និងរដ្ឋាភិបាល កំពុងធ្វើការដើម្បីកំណត់ប្រភពដើមរបស់ចានទាំងនោះដោយផ្អែកលើអក្សរចារឹក។

លោកប្រធានាធិបតី អ៊ីវ៉ាន ឌូក បានអះអាងថា៖ «គោលបំណងរបស់យើងគឺកែច្នៃវាឡើងវិញ និងបង្កើតយន្តការផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាពសម្រាប់ការទាញយកនាពេលអនាគត។ តាមវិធីនេះ យើងអាចការពារកំណប់ទ្រព្យដែលជាកម្មសិទ្ធិរបស់សំពៅសេនហូសេ»

LEAVE A REPLY

Please enter your comment!
Please enter your name here