អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យវឌ្ឍនភាព នៃការរៀបចំដីធ្លី និងហេដ្ឋារចនាសម្ព័ន្ធនានា របស់ប្រជាពលរដ្ឋ ដែលឱ្យទៅរស់នៅទីតាំងថ្មី នៅភូមិធម្មជាតិរុនតាឯក !

0
43

កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ម្សិលមុិញនេះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាព នៃការរៀបចំដីធ្លី និងហេដ្ឋារចនាសម្ព័ន្ធនានា សម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋជាង ៤០០គ្រួសារ ដែលរស់នៅលើដីចំណីស្ទឹងតាមបណ្តោយស្ទឹងសៀមរាបចាប់ពីស្ពាននាគរហូតដល់ស្ពានអង្គរដែលស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប និងបងប្អូនប្រជាពលរដ្ឋរស់លើដីចំណីផ្លូវក្នុងក្រុងសៀមរាប ដែលបានស្ម័គ្រចិត្តរុះរើសំណង់របស់ខ្លួនទៅរស់នៅទីតាំងថ្មីដែលរៀបចំដោយរាជរដ្ឋាភិបាល តាមគោលនយោបាយ ដោយទទួលបានដីទំហំ ២០ម៉ែត្រគុណនឹង ៣០ម៉ែត្រ ដែលស្ថិតក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី។ ជាមួយគ្នានឹងការចុះពិនិត្យវឌ្ឍនភាពនេះ លោក អភិបាលរងខេត្ត បានណែនាំដល់ក្រុមការងារបច្ចេកទេសត្រូវបង្កើនការយកចិត្តទុកដាក់រៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យសមស្របទៅតាមតម្រូវរបស់បងប្អូនប្រជាពលរដ្ឋ និងត្រូវពិនិត្យមើលបញ្ហាប្រព័ន្ធទឹកប្រើប្រាស់ និងប្រព័ន្ធប្រឡាយរំដោះទឹកភ្លៀងនៅរដូវវស្សាខាងមុខនេះ ព្រមទាំងបញ្ហាប្រឈម ដែលនៅសេសសល់នានា ជូនបងប្អូនមករស់នៅក្នុងតំបន់នោះឱ្យល្អប្រសើរ។

លោក ង៉ាន់ ភិរុណ ក៏បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ទន្ទឹមនឹងនោះបងប្អូនប្រជាពលរដ្ឋ ក៏មានការសប្បាយចិត្តនឹងការទទួលយកគោលនយោបាយនេះផងដែរ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត ដែលបានគិតគូរដល់ប្រជាពលរដ្ឋរបស់ខ្លួន។ លោក ង៉ាន់ ភិរុណ បានបន្តថា សកម្មភាពនេះអាចសម្រេចបានជោគជ័យ គឺដោយសារមានការចូលរួមពីប្រជាពលរដ្ឋ ដើម្បីឱ្យមានការអភិវឌ្ឍខេត្តសៀមរាប ក្នុងការស្ថាបនានូវហេដ្ឋារចនាសម្ព័ន្ធចំនួន ៣៨ខ្សែ និងការស្តារស្ទឹងសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប ឱ្យស័ក្កសមជាទីក្រុងវៃឆ្លាតនាពេលខាងមុខផងដែរ។
ជាមួយនឹងនោះបងប្អូនប្រជាពលរដ្ឋ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត ដែលបានយកចិត្តទុកដាក់ដោះស្រាយគោលនយោបាយនិងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធអគ្គិសនី និងទឹកស្អាតជូនពួកគាត់។
សូមបញ្ជាក់ថា៖ បន្ទាប់ពីបានទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល និងការណែនាំរបស់គណ:កម្មការអន្តរក្រសួង លើការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ និងគម្រោងកែលម្អដងស្ទឹងសៀមរាប នៅក្នុងក្រុងសៀមរាប រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងជាបន្តបន្ទាប់ដោយអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ដែលមានសំណង់ការ្យផ្សេងៗនៅលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាប ធ្វើឱ្យ បងប្អូនប្រជាពលរដ្ឋ បានចូលរួមសហការអនុវត្ត និងរុះរើដោយស្ម័គ្រចិត្ត ទៅសាងសង់លំនៅឋានថ្មី ដែលអាជ្ញាធរខេត្តនិងអាជ្ញាធរជាតិអប្សរា បានរៀបចំជូនពួកគាត់តាមរយ:ការចាប់ឆ្នោតដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល សរុបចំនួន៤៣១ គ្រួសារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here