រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះបានប្រកាសថា មិនមានការហាមឃាត់ ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ឬចេញ-ចូល ទៅតាមបណ្ដាខេត្តនោះទេ ហើយសារសំឡេង របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលកំពុងចែកចាយ តាមបណ្ដាញសង្គមនោះ គឺជាសំឡេងចាស់ តាំងពីឆ្នាំ២០២០(ឆ្នាំមុន) មកម៉្លេះ។
លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ បានស្នើដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជួយស្រាវជ្រាវ និងចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះបុគ្គលអគតិមួយចំនួន ដែលមានចេតនា ញុះញង់ បង្កចលាចល យកសំឡេងរបស់សម្ដេច តាំងពីឆ្នាំមុន មកចែកចាយឡើងវិញ នាំឲ្យមានការយល់ច្រឡំ ពីសំណាក់ប្រជាពលរដ្ឋ ពិសេសអ្នករស់នៅ រាជធានីភ្នំពេញ។
លោក កើត ឆែ បានបញ្ជាក់ថា «សារសំឡេងរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលកំពុងចែកចាយ តាមបណ្ដាញសង្គមនេះ គឺជាសំឡេងចាស់ តាំងពីឆ្នាំ២០២០ មកម្ល៉េះ ហើយពេលនេះ មិនមានការហាមឃាត់ ការធ្វើដំណើររបស់ ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ នោះទេ សេចក្តីសម្រេចលេខ ១០៤ របស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នៅមានសុពលភាព រដ្ឋបាលរាជធានីភ្នំពេញ សូមស្នើដល់សមត្ថកិច្ចពាក់ព័ន្ធ ជួយស្រាវជ្រាវ អ្នកប្រឌិតព័ត៌មាននេះ ដើម្បីផ្ដន្ទាទោស តាមផ្លូវច្បាប់»។
លោក កើត ឆែ បានឱ្យដឹងទៀតថា បច្ចុប្បន្ន តាមរយៈសេចក្ដីសម្រេចថ្មី ដែលបានចេញ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្រួមតំបន់ក្រហម និងតំបន់លឿងទុំ កាន់តែតូចជាងមុន ហើយពង្រីកតំបន់លឿង កាន់តែច្រើន នៅក្នុងរាជធានីភ្នំពេញ បន្ទាប់ការឆ្លងរាលដាល ជំងឺកូវីដ១៩ មានការថយចុះ ជាបន្ដបន្ទាប់។ ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីសម្រេច ដាក់ចេញវិធានការ រដ្ឋបាលបន្ត សម្រាប់ភូមិសាស្ត្រ រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល ជំងឺកូវីដ១៩ ដោយបែងចែក ជា «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង» សម្រាប់រយៈពេល ១ សប្តាហ៍ទៀត គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១៕