ប៉ុន្មានពេលនេះ ឃើញមានការផុលផុសនៅ«តុលាការហ្វេសប៊ុក» ក៏សូមនិយាយបន្តិច ។ ខ្មែរយើងចូលចិត្តរឿងបូកសរុប ព្រោះមិនសូវនឿយពិចារណា។ ខ្ញុំតែងនិយាយលេងថា នារីនៅពេលស្រលាញ់បុរសម្នាក់តែងតែអួតថា «សង្សារខ្ញុំល្អណាស់ គ្មានបុរសណាលើលោកប្រៀបផ្ទឹមបានទេ !» តែនៅពេលឈ្លោះបែកគ្នា តាំងស្រែកឡើងថា «អាប្រុសណាក៏ដូចអាប្រុសណាដែរ សុទ្ធតែបោកប្រាសទាំងអស់ អាក្រក់ទាំងអស់ !» ។ ចំណូលចិត្តសរុបនេះ មាននាំដល់រឿងកំហុសធំៗជាច្រើន ដូចជាការរមែងគិតថា អោយតែអ្នកមាន អ្នកធំ «សុទ្ធ»តែជាមនុស្សអាក្រក់ អោយតែអ្នកក្រ អ្នកតូចតាច «សុទ្ធ»តែជាមនុស្សស្លូតត្រង់ ជាអ្នកទន់ខ្សោយ ដែលខុសស្រលះពីការពិតជាក់ស្តែង ។ ខ្ញុំសូមលើកពី ឧទាហរណ៍ ២ ដែលបានកើតពិតនៅលើទឹកដីកម្ពុជា យើង។
ប៉ុន្មានឆ្នាំមុននេះ លោកគ្រូបង្រៀនម្នាក់បានសន្សំលុយទិញឡានមួយគ្រាន់ឆ្លៀតដឹកភ្ញៀវបំពេញបន្ថែមសេដ្ឋកិច្ចគ្រួសារ ។ យប់មួយ គាត់បើកឡានតាមផ្លូវជាតិ ចំកន្លែងមួយដែលមនុស្សជុំគ្នាផឹកស៊ី ។ បុរសម្នាក់ដែលស្រវឹងជោកជាំ បានចេញម៉ូតូហើយប៉ះជាមួយឡានលោកគ្រូនេះ ។ តាមពិត លោកគ្រូនេះអាចបើករត់បាន ព្រោះយប់ស្ងាត់នៅតាមខេត្ត តែគាត់បានបញ្ឈប់ឡានដើម្បីចុះមកជួយមើលអ្នករងគ្រោះ ភ្លាមនោះក៏មានក្រុមដែលស្រែកថា «វាអាងមានឡានបុកមនុស្ស» ហើយក៏បបួលគ្នាវាយលោកគ្រូនោះស្លាប់ បន្ទាប់មកយកសពលោកគ្រូទៅសង្កត់ក្នុងត្លុកស្រែក្បែរនោះដោយនិយាយថា បុរសដែលបុកគេនេះ ភ័យខ្លាចគេដេញវ៉ៃក៏រត់ទៅដួលឈ្លក់ទឹកស្លាប់ ។ តែប៉ូលីសបានធ្វើកោសល្យវិច័យដឹងថាមិនពិតហើយបានធ្វើការចាប់ពួកដៃដល់ផ្តន្ទាទោសទៅ ។
បន្តិចទៀត ពេលទំនេរដៃខ្ញុំនឹងលើករឿងពិតទី ២ មកនិយាយបន្ត ។