មួយ​សតវត្សរ៍​មុន តើ​ភ្នំ​បូកគោ​មាន​ប្រវត្តិ​យ៉ាងណាខ្លះ​?

0
700

ស្ថិតក្នុង​តំបន់​ការពារ​ធនធានធម្មជាតិ​របស់​ក្រសួងបរិស្ថាន ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូកគោ​» ទទួលបាន​ភាពល្បីល្បាញ​យ៉ាងខ្លាំង ទាំង​ក្នុង​វិស័យ​ទេសចរណ៍ បរិស្ថាន បេតិកភណ្ឌ ជំនឿ ក៏ដូចជា​ប្រវត្តិសាស្ត្រ​ជាដើម ខណៈ​រមណីយដ្ឋាន​ដ៏​ពិសិដ្ឋ​មួយ​នេះ គឺ​ជាទី​ទស្សនា​ដ៏​ចំណាស់​ជាងគេ​មួយ​នៅ​ប្រទេស​កម្ពុជា​ដែល​បច្ចុប្បន្ន​បាន​ទាក់ទាញ ភ្ញៀវទេសចរ​ឱ្យចូល​ទស្សនា​មក​ច្រើន​ជា​ហូរហែ (​មុនពេល​មាន​កូ​វីដ​)​។​នេះ​បើ​យោងតាម​ប្រភព​ក្រសួងទេសចរណ៍​។​

ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​«​បូកគោ​»​នេះ​ទៀតសោត​ក៏បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ឧទ្យាន​បេតិកភណ្ឌ​អាស៊ាន​តែមួយគត់​នៅ​ប្រទេស​កម្ពុជា​ហើយ ក៏មានដែរ​នូវ​ភស្តុតាង​ប្រវត្តិសាស្ត្រ​មួយចំនួន តាំងពី​សម័យ​អាណានិគមនិយម​បារាំង​ដែល​បាន​បន្សល់ ទុក​ក្នុង​អតីត​ព្រះរាជ​ឧទ្យាន​មួយ​នេះ​។​

​ឯកសារ​ខ្លះ​បាន​បញ្ជាក់ថា ភ្នំ​បូកគោ ត្រូវបាន​អ្នកស្រាវជ្រាវ​ខ្មែរ​-​បារាំង ដឹកនាំ​ដោយ​លោក រូ​លួស (​ជនជាតិ​បារាំង​) ឡើង​ទៅដល់​កំពូលភ្នំ នៅ​អំលុង​គ្រិស្ដសករាជ ១៩១៧ ដោយ​ពួកគេ​បាន​រកឃើញ​ទីតាំង​ពិសេសៗ​ជាច្រើន អមដោយ​បរិ​យាស​កាស​អំណោយផល​ចំពោះ​សុខភាព ក្រោម​សម្ពាធ​បរិយាកាស​ត្រជាក់​ស្រស់ស្រាយ​។ ក្រោយពី​រកឃើញ​ទីតាំង​ដ៏​សែន​រមណីយ​មួយ​នេះហើយ រាជការ​ខ្មែរ​បាន​សហការ​ជាមួយ​រដ្ឋការ​អាណានិគម​បារាំង រៀបចំ​អភិវឌ្ឍ​តំបន់​នេះ​ទៅជា​រមណីយដ្ឋាន​ដ៏​ពិសេស​មួយ នៅ​អំលុង​គ្រិស្ដសករាជ ១៩២២​។ ពួកគេ​ក៏បាន​កសាង​ព្រះវិហារ​កាតូលិក ឬ Church (​ឆឺ​ច​) នៅ​អំឡុង​គ្រិស្ដសករាជ ១៩២៨ ដែលជា​វិហារ​គ្រិស្ដសាសនា​ដ៏​កម្រ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​។​

ដោយសារ​កត្តា​ធម្មជាតិ និង​អាកា​ធាតុ​អំណោយផល​ដ៏​ពិសិដ្ឋ​ផង​នោះ សូម្បីតែ​ព្រះករុណា ព្រះបាទ​សម្ដេច ស៉ី​សុវត្ថិ មុនី​វង្ស ក៏​ព្រះអង្គ​គាប់​ព្រះរាជហឫទ័យ​ជាខ្លាំង​ចំពោះ​រមណីយ​ភាព​នៅលើ​ភ្នំ​បូកគោ​នេះដែរ ដោយ​ព្រះអង្គ​បាន​កសាង​ព្រះរាជដំណាក់​ជាច្រើន​កន្លែង​នៅលើ​ភ្នំ​បូកគោ​នេះ​។ ក្នុង​គ្រិស្ដសករាជ ១៩២៤ ហ្លួង​ព្រះករុណា ព្រះបាទ​ស៉ី​សុវត្ថិ មុនី​វង្ស បានចេញ​ព្រះរាជឱង្កា​ឱ្យគេ​សាងសង់​វត្ត និង​ព្រះវិហារ​ព្រះពុទ្ធសាសនា​មួយ ដោយ​ក្រោយមក​បានជា​ប់​ឈ្មោះថា «​វត្ត​សំពៅ​ប្រាំ​»​។ ប្រវត្តិសាស្ត្រ​បានសរសេរថា ព្រះបាទ​ស៉ី​សុវត្ថិ មុនី​វង្ស «​ព្រះ​ខត្តិយ​កោដ្ឋ​» បាន​យាង​សោយ​ទិវង្គត ក្នុង​ព្រះរាជដំណាក​លើ​ភ្នំ​បូកគោ​នេះ នា​ចុង​គ្រិស្ដសករាជ ១៩៤១​។​

​ទំនង​ដោយសារ​ព្រះរាជ​វត្តមាន​របស់​ព្រះករុណា ព្រះបាទ​សម្ដេច ស៉ី​សុវត្ថិ មុនី​វង្ស ដូច្នេះហើយ ទើប​រាជការ​ខ្មែរ​នា​សម័យ​អាណានិគម​បារាំង​បាន​ប្រសិទ្ធ​នាម​ទីនោះ​ថា «​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​-​បូកគោ​» ជា​ដរាប​រៀងមក​។​ភ្ញៀវទេសចរ​នៅតែ​ពេញនិយម​ទៅ​ទស្សនា និង​សម្រាកលម្ហែ​នៅ​រមណីយដ្ឋាន​ភ្នំ​បូកគោ​រហូតដល់​សម័យ​សង្គមរាស្ត្រនិយម ប៉ុន្តែ​រហូតដល់​ទសវត្ស​រ៍​ទី ៦០ រមណីយដ្ឋាន​ភ្នំ​បូកគោ​នេះ​ត្រូវបាន​បោះបង់ចោល​ដល់​ទៅ ២ លើក​ឯណោះ ក្នុងនោះ​លើក​ទី​១ នៅ​ឆ្នាំ​១៩៤០ និង​លើក​ទី​២ នៅ​ឆ្នាំ​១៩៧២​។ នៅ​ឆ្នាំ​១៩៩៣ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេចយក​ទីតាំង​រមណីយដ្ឋាន​ភ្នំ​បូកគោ​នេះ បង្កើតជា​ឧទ្យាន​ជាតិ​មួយ​ឡើង​មានឈ្មោះ​ផ្លូវការ​ថា ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូកគោ​»​។ យោងតាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣ ដែល​ឡាយព្រះហស្តលេខា​ដោយ​ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ «​ព្រះ​បរម​រតន​កោដ្ឋ​» បានកំណត់​យក​ផ្ទៃដី​នៃ​ឧទ្យាន​ជាតិ​ភ្នំ​បូកគោ​នេះ​ត្រឹមតែ ១៤០.០០០ ហិកតា​ប៉ុណ្ណោះ ដោយបាន​ទុក​តំបន់ទ្រនាប់​ជាច្រើន​អន្លើ​ទៀត សម្រាប់​ប្រជាជន​រស់នៅ​ជុំវិញ​ទីនោះ​ប្រមូល​អនុផល​ធម្មជាតិ និង​ប្រកប​របរ​កសិកម្ម នេសាទ​ជាដើម​។​

ចាប់ពី​បង្កើតជា​ឧទ្យាន​ជាតិ​នោះមក​នៅលើ​បរិវេណ​ភ្នំ​បូកគោ​មាននៅ​សេសសល់​សំណង់​ចម្រុះ​រចនាប័ទ្ម​បារាំង​-​ខ្មែរ​ជាច្រើន ដែល​បន្សល់ទុក​កាលពី​សម័យ​អាណានិគម​បារាំង​។ ចំពោះ​វិហារ​កាតូលិក​ដែល​ត្រូវបាន​កសាងឡើង​នៅ​គ្រិស្ដសករាជ ១៩២៨ នោះ ត្រូវបាន​ក្រសួងបរិស្ថាន​បានប្រគល់​ឱ្យ​សមាគម​គ្រិស្តបរិស័ទ​រៀបចំ​ជួសជុល​ឡើងវិញ នៅ​ឆ្នាំ​២០១៧​។ រីឯ​ព្រះរាជដំណាក់​ព្រះបាទ ស៉ី​សុវត្ថិ មុនី​វង្ស ក៏​ត្រូវបាន​ក្រុមហ៊ុន Sokha Hotel ជួសជុល​កែលម្អ​ជា​សណ្ឋាគារ​ផ្កាយ ៥ តាម​លំនាំ​ដើម​វិញ​ផងដែរ​។ នៅ​ឆ្នាំ​២០១០ គេ​បាន​កសាង​រូបសំណាក «​លោកយាយ​ម៉ៅ​» ដ៏​ធំ​មួយ មាន​កម្ពស់ ២៩ ម៉ែត្រ ដែលជា​រូបសំណាក​ខ្ពស់​ជាងគេ​បំផុត​នៅ​ប្រទេស​កម្ពុជា​។​

​ក្រសួងទេសចរណ៍​បានឱ្យដឹង​ទៀតថា​៖​ក្រៅពី​សំណង់​សាសនា និង​សម្បត្តិ​បេតិកភណ្ឌ​ទាំងនេះ ភ្នំ​បូកគោ​ក៏​នៅមាន​ទស្សនីយភាព​ធម្មជាតិ​ជាច្រើន​ទៀត ដូចជា ទឹកជ្រោះ​ពពក​វិល បឹង​ទឹកសាប វាលស្រែ​មួយរយ វាលស្រែ​ប្រាំ​រយ វាល​ផ្កា​បំពង់​ក្រ​ឡោម ដែល​ឃើញ​មាន​ដុះ​តែ​នៅ​តំបន់​ឧទ្យាន​ជាតិ​នេះ​តែមួយគត់​។ ពិសេស​លើសពីនេះ​ទៀត ពពួកសត្វ​ព្រៃ និង​ពពួក​បក្សី​ជាច្រើន​ប្រភេទ ក៏មាន​វត្ត​មាននៅ​តំបន់​នេះដែរ ដូចជា ពពួក​ពានរ ទោច ឈ្លួ​ស ទន្សោង ស្ទាំង កងកេង​ធំ កងកេង​តូច​ជាដើម​។​

លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ធ្លាប់បាន​មានប្រសាសន៍ថា ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូកគោ​» បាន​ក្លាយជា​មេដែក​មួយ​យ៉ាងសំខាន់​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ ឱ្យមក​ទស្សនា​នៅក្នុង «​ប៉ូល​ទេសចរណ៍​តំបន់ឆ្នេរ​» ផងដែរ​។​
​សូមជម្រាបថា ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូកគោ​» មាន​ចម្ងាយ​ប្រមាណ ៤៦ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តកំពត​។ ឧទ្យាន​នេះ​មាន​រយៈកម្ពស់​ចន្លោះ​ពី ៧៥០ ដល់ ១.០៧៥ ម៉ែត្រ​ពី​នីវ៉ូទឹក​សមុទ្រ​៕

ប្រភពរស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here