ភ្នំពេញ៖ អ្នកអភិរក្សដែលកំពុងតែតាមដាននូវវត្តមានសត្វក្រៀល បានសំដែងការព្រួយបារម្ភថា វត្តមានសត្វនេះនៅកម្ពុជាអាចនឹងធ្លាក់ចុះ ។
អង្គការសត្វស្លាបអន្តរជាតិ បានអះអាងថា នាថ្ងៃ៧ ខែឧសភា ឆ្នាំ២០២១នេះគឺជាថ្ងៃ ចុងក្រោយដែលសត្វក្រៀលចំនួន១៣ក្បាលបានចាកចេញពីតំបន់ការពារទេសអន្លង់ព្រីងដោយឡែកនៅថ្ងៃទី២៩ និង៣០ ខែមេសា ឆ្នាំ២០២១ ក្រុមការងារបានធ្វើជម្រឿន ក្រៀលនៅតំបន់នេះដោយ កត់ត្រាបានតែចំនួន៣ក្បាលប៉ុណ្ណោះ ។
ប្រភពដដែលបានអះអាងថា សត្វក្រៀលក្នុងប្រទេសកម្ពុជា នៅរដូវមិនបន្តពូជ (កំឡុងខែធ្នូ ដល់ខែឧសភា) និងធ្វើការបម្លាស់ទី ពីទីជម្រកទៅទីតាំងតំបន់ដីសើមសំខាន់ៗ មួយចំនួនដូចជា អន្លង់ព្រីង និងបឹងព្រែកល្ពៅជាដើម ដើម្បីរកចំណី។ ទន្ទឹមនឹងនេះដើម្បី ដឹងពីចំនួននៃការកើនឬថយចុះ ការជំរឿនសត្វក្រៀលក៏បានត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់ពីខែធ្នូរហូតដល់ខែឧសភា។
ដោយឡែកតាមរយៈការជំរឿនក្នុងឆ្នាំ២០២១ នៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ចំនួនសត្វក្រៀលដែលកត់ត្រាបានខ្ពស់បំផុតគឺចំនួន៩១ក្បាលដោយឡែកលទ្ធផលជំរឿន ខែមេសា ដែលបានកត់ត្រាមានចំនួនតែ៣ក្បាល តែប៉ុណ្ណោះដោយសារជិតឈានចូល ទៅដល់រដូវបន្តពូជដែលជាកំឡុងពេលដែលសត្វក្រៀលត្រូវត្រលប់ទៅទីជម្រកនៅតំបន់ខាងជើងនៃប្រទេសកម្ពុជា មានខេត្តព្រះវិហារ រតន គិរី ជាដើម។ តែទោះបីជាយ៉ាងណា លទ្ធផលនៃការជំរឿនក្រៀលក្នុងឆ្នាំនេះ ការកត់ត្រារបស់ក្រុមការងារឃើញថា មានការធ្លាក់ចុះ៕/PC
ប្រភពរស្មីកម្ពុជា