ព្រឹកនេះ តុលាការបន្តការសាកសួរពិធីការិនីទូរទស្សន៍ My TV មាន ពេជ្ររីតា តាមបណ្តឹងឧកញ៉ា ហេង សៀ ខណៈមេធាវីសម្តេចតេជោ ស្នើសុំឱ្យនាងនៅក្រៅឃុំ

0
102

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បន្តការសាកសួរលើ កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia តាមបណ្តឹងរបស់ ឧកញ៉ា ហេង សៀ ដែលបានប្តឹងរូបនាងពីបទលួចមានស្ថានភាពទម្ងន់ទោស ខណៈដែលមេធាវីស័្មគ្រចិត្តសម្តេចតេជោ ដឹកនាំដោយ លោក គី តិច បានដាក់ពាក្យរួចហើយ ដើម្បីស្នើតុលាការអនុញ្ញាតឱ្យនាងនៅក្រៅឃុំជាបណ្តោះអាសន្ន។

ការសាកសួរលើសិល្បការិនីរូបនេះ បានចាប់ផ្តើមតាំងពីល្ងាចម្សិលមិញ បន្ទាប់ពីមេធាវីសម្តេចតេជោចូលខ្លួនស្រាវជ្រាវ និងការពារក្តីជូន កញ្ញា មាន ពេជ្ររីតា ខណៈដែលនាងត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារម២ តាំងពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីចាប់ខ្លួនបាន២ថ្ងៃ។

បណ្តឹងឧកញ៉ា ហេង សៀ បានធ្វើឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដោយចោទប្រកាន់លើ កញ្ញា មាន ពេជ្ររីតា ថាបានយកកាំបិតចុងស្រួច ចាក់ទៅលើរូបលោកចំនួន២កំបិត ហើយយកទូរស័ព្ទដៃមួយគ្រឿងម៉ាក iPhone 12 pro max នៅចំណុចផ្លូវកែងលេខ១៣៨ កែងនឹងផ្លូវ២៥៩ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។

ប៉ុន្តែករណីខាងលើនេះ ត្រូវបានកញ្ញា មាន ពេជ្ររីតា សម្រេចដាក់ពាក្យប្តឹងបកវិញ ដោយចោទប្រកាន់ថា ឧកញ៉ាមានទ្រព្យស្តុកស្តម្ភនេះ បានប៉ុនប៉ងរំលោភលើរូបនាង នៅក្នុងរថយន្ត បន្ទាប់ពីបានខលហៅនាងឱ្យទៅយកអំណោយទុកចែកជូនជនរងគ្រោះដោយសារកូវីដ១៩ និងពិភាក្សាការងារ។

ការដាក់ពាក្យប្តឹងបកទៅកាន់ឧកញ៉ា ហេង សៀ នេះ កញ្ញា មាន ពេជ្ររីតា បានប្តឹង និងទាមទារសំណងមួយចំនួនដូចដូចជា ១៖ ប្តឹងឧកញ៉ា ពីបទ «ប៉ុនប៉ងរំលោភសេពសន្ថវៈ» ដោយមានស្ថានទម្ងន់, ២៖ ទាមទារសំណង់ជំងឺចិត្ត ចំនួនទឹកប្រាក់ ១០ម៉ឺនដុល្លារ និង៣៖ ទាមទារការខាតបង់ និងខូចខាតពេលវេលា និងសេវាផ្លូវច្បាប់ចំនួន ១ម៉ឺនដុល្លារ។

វិវាទ និងការប្តឹងទៅវិញទៅមករវាង ឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា បានក្លាយជាចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ស្ថាប័នពាក់ព័ន្ធ ខណៈក្រសួងយុត្តិធម៌ ប្រកាសតាមដានដោយយកចិត្តទុកដាក់ និងអំពាវនាវឱ្យសាធារណជនស្ងប់ស្ងាត់។

ដោយឡែក ក្រសួងកិច្ចការនារី កំពុងធ្វើការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិលើបណ្តឹងរបស់ កញ្ញា មាន ពេជ្ររីតា ហៅយូប៊ី ខណៈដែលអ្នកនយោបាយ សង្គមស៊ីវិល អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ទាមទារឱ្យរកយុត្តិធម៌ជូនកញ្ញា មាន ពេជ្ររីតា ដែលត្រូវបានឃុំខ្លួន ជាមួយនឹងការបង្ហោះខ្លឹមសារប្រៀបដូចជាយុទ្ធនាការមួយថា «គេស្ទាបខ្ញុំ ខ្ញុំខ្ពើមខ្លួនឯង»។ «គេស្ទាបខ្ញុំ ខ្ញុំខ្ពើមខ្លួនឯង» គឺជាខ្លឹមសារមួយនៃសំឡេងស្រែកយំរបស់កញ្ញា មាន ពេជ្ររីតា ដើម្បីបង្ហាញដល់មហាជនថា ឧកញ៉ាប៉ុនប៉ងរំលោភមកលើរូបនាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here