វត្តអង្គរខាងជើងប្រារព្ឋពីធីដង្ហែបុណ្យពិសាបូជា ដោយដង្ហែជុំវិញប្រាសាទអង្គរវត្ត

0
46

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ត្រូវនឹងថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ គឺជាថ្ងៃបុណ្យវិសាខបូជា ជាថ្ងៃដែលពុទ្ធសាសនិកជនទូទាំងពិភពលោក ក៏បាននាំគ្នាប្រារព្ធពិធីបុណ្យសាសនា ដ៏សំខាន់ខាងលើនេះដែរ។

នៅថ្ងៃនេះដែរ ព្រះចរណសោភ័ណ បណ្ឌិត គង់ សុភាព ថិតប្បញ្ញោ ព្រះរាជាគណ:ថ្នាក់កិត្តិយស ព្រះគ្រូចៅអធិការវត្តឥន្ទបត្តបុរីអង្គរខាងជើង ស្ថិតក្នុងសង្កាត់នគរធំក្រុងសៀមរាប ខេត្តសៀមរាប រួមជាមួយវត្តមាន លោកជំទាវ  មហាឧបាសិកាបណ្ឌិត ហ៊ុន សេងនី និងក្រុមគ្រួសារព្រមទាំងញាតិធម៌ ឯកឧត្តម គង់ប៊ុនលី ទីប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសុមេធា ធិបតីកិត្តិឧទេ្ទសបណ្ឌិត នន្ទ ង៉ែត សម្តេចសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានកងអង្គរក្សសម្តេចតេជោសែន និងលោកជំទាវ បានមូលមតិគ្នារៀបចំពិធីដង្ហែព្រះសារីរិកធាតុព្រះសម្មាសម្ពុទ្ធ និងព្រះអរហន្តធាតុ ជុំវិញប្រាសាទអង្គរតូច ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ ដូនជីតាជី ប្រជាពុទ្ឋបរិស័ទស្រីប្រុសជិតឆ្ងាយ ប្រមាណជាជាង១ពាន់រូប ដើម្បីបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម នៃយើង ដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វាន។

ព្រះចរណសោភ័ណ បណ្ឌិត គង់ សុភាព មានថេរដិកាថា ៖ ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទនៅទីអារាមនេះ ក៏ដូចជាទូទាំងខេត្តសៀមរាប បានផ្អាកការជួបជុំប្រារព្ឋពិធីបុណ្យពិសាខបូជា និងពិធីសាសនានានា អស់រយ:ពេល ២ឆ្នាំមកហើយ ដោយសារវិបត្តិសាកលរបស់ពិភពលោក ពោលគឺជំងឺកូវីដ-១៩ តែដោយគោលនយោបាយ និងការដឹកនាំ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ប្រទេសយើងគ្រប់គ្រងបានទាំងស្រុងនូវបញ្ហាកូវីដនេះ ដោយបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ជូនប្រជាជនកម្ពុជា ព្រមទាំងមានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលឱ្យមានការជួបជុំ និងប្រារព្ធកម្មវិធីនានា ឡើងវិញ ទើបគណ:កម្មវត្ត ព្រះសង្ឃ និងសាសនូបត្ថម្ភវត្ត បានសម្រេចឯកភាព រៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះឡើងវិញ ដើម្បី ជាប្រយោជន៍ដល់យុវជនកូនខ្មែរ និងប្រជាពុទ្ឋបរិស័ទរបស់យើងបានយល់កាន់តែច្បាស់អំពីសារសំខាន់ នៃបុណ្យវិសាខបូជា។ ព្រះតេជគុណ បន្តថា៖ បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗជាច្រើនទៀត។

បើតាមគម្ពីរព្រះត្រៃបិតកយើងឃើញថា ព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន ក្នុងថ្ងៃ១៥កើត ពេញបូណ៌មី ខែវិសាខ ដូចគ្នា គឺខុសតែឆ្នាំប៉ុណ្ណោះ។ ដូច្នេះ បុណ្យវិសាខបូជា គឺតំណាងឲ្យ « ថ្ងៃទាំងបី » នេះឯឯ។ ព្រះតេជគុណ គង់ សុភាព បន្ថែមថា៖ ក្នុងឱកាសរំលឹកដល់ថ្ងៃដ៏មង្គលទាំងបីនេះ សូមពុទ្ធបរិស័ទ ទាំងអស់ គប្បីសង្រួមកាយ វាចាចិត្ត ឲ្យស្អាតល្អបរិសុទ្ធផូរផង់ តម្កល់ចិត្តឲ្យជ្រះថ្លា ប្រកបដោយបញ្ញា ឈរលើការត្រិះរិះ ពិចារណាដ៏ត្រឹមត្រូវ ខិតខំដុសខាតសតិស្មារតីឲ្យបានល្អនឹងនរ ខិតខំបំពេញអំពើជាកុសល ជម្រះចោលនូវអកុសលកម្មទាំងពួង ដើម្បីបន្តរួបរួមគ្នាជាធ្លុងមួយ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដើម្បីអភិវឌ្ឍសង្គមជាតិយើងឲ្យមានការរីកចម្រើនលើគ្រប់វិស័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here