អាមេរិកនិយាយថា នឹងពិនិត្យឡើងវិញកិច្ចព្រមព្រៀង Open Skies នៅពេលលោក ពូទីន រំកិលខ្លួនចាកចេញ

0
205

អាមេរិកបាននិយាយកាលពីថ្ងៃអង្គារ ទី១១ ខែឧសភាថា ខ្លួនកំពុងពិនិត្យឡើងវិញ ការដកខ្លួនរបស់អាមេរិក ដោយរដ្ឋបាលមុនពីសន្ធិសញ្ញា Open Skies ខណៈដែលប្រទេសរុស្ស៊ីបានចាកចេញជាផ្លូវការ ពីកិច្ចព្រមព្រៀងក្រោយសង្គ្រាមត្រជាក់។ អាមេរិកបានចាកចេញពីកតិកាសញ្ញានេះជាផ្លូវការ កាលពីខែវិច្ឆិកា បន្ទាប់ពីរដ្ឋបាលរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសរុស្ស៊ីកំពុងរំលោភកិច្ចព្រមព្រៀង ដែលអនុញ្ញាតឱ្យមហាអំណាចទាំងពីរ និងសម្ព័ន្ធមិត្តឃ្លាំមើលដែនអាកាសរបស់គ្នាទៅវិញទៅមក។ អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បានប្រាប់អ្នកយកព័ត៌មានថា “យើងមិនបានធ្វើការសម្រេចចិត្តលើអនាគតនៃការចូលរួមរបស់អាមេរិក នៅក្នុងសន្ធិសញ្ញា Open Skies ទេ។ យើងកំពុងពិនិត្យមើលឡើងវិញនូវបញ្ហានានា ដែលទាក់ទងនឹងសន្ធិសញ្ញានេះ”។ លោកបានមានប្រសាសន៍ថា “នៅពេលដែលដំណើរការនេះនៅតែបន្ត យើងលើកទឹកចិត្តឱ្យប្រទេសរុស្ស៊ីចាត់វិធានការ ដើម្បីត្រលប់ទៅរកការអនុលោមតាមសន្ធិសញ្ញានេះ”។ ទីក្រុងមូស្គូបានប្រកាសកាលពីពាក់កណ្តាលខែមករាថា ខ្លួននឹងចាកចេញពីសន្ធិសញ្ញានេះ ដោយនិយាយថា មិនមានការជឿនលឿនណាមួយនោះទេ។ កាលពីថ្ងៃអង្គារ ប្រធានាធិបតីលោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជូនសេចក្តីស្នើច្បាប់ចាកចេញពីសន្ធិសញ្ញានេះ ទៅសភា។ សន្ធិសញ្ញា Open Skies គឺជាសន្ធិសញ្ញាសំខាន់មួយ ក្នុងចំណោមសន្ធិសញ្ញាសំខាន់ៗជាច្រើន ដែលក្រុងវ៉ាស៊ីនតោនបោះបង់ចោល ក្រោមការគ្រប់គ្រងរបស់លោក Trump ។ លោកក៏បានដកខ្លួនចេញពីសន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម ជាមួយប្រទេសរុស្ស៊ី ដែលមានភាពតានតឹងរួចទៅហើយ រវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ដែលក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានឈានដល់ចំណុចទាបបំផុតចាប់តាំងពីសង្គ្រាមត្រជាក់៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here