
រដ្ឋាភិបាលឥណ្ឌាបាននិយាយកាលពីថ្ងៃអង្គារថា នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី នឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូល G7 នៅចក្រភពអង់គ្លេសឡើយ។ ប្រទេសឥណ្ឌាមិនមែនជាសមាជិកនៃក្រុម G7 ទេ ប៉ុន្តែត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចពិភាក្សាដោយប្រទេសអង់គ្លេស ដែលកាន់តំណែងជាប្រធាននៃអង្គការនេះ។ អ្នកនាំពាក្យក្រសួងការបរទេសលោក Arindam Bagchi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដោយមើលឃើញពីស្ថានភាពកូវីដ១៩ កំពុងកើតមាន យើងសម្រេចចិត្តថា នាយករដ្ឋមន្រ្តីនឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូល G7 ដោយផ្ទាល់នោះទេ”។ ប្រទេសឥណ្ឌាបានរាយការណ៍ថា មានករណីថ្មីជាង ៣៤ ម៉ឺនករណី និងមានអ្នកស្លាប់ថ្មី ៤.២០០ នាក់ កាលពីថ្ងៃអង្គារ ធ្វើឲ្យចំនួនករណីសរុបឡើងដល់ជាង ២៣លានករណី និងស្លាប់ជាង ២៥៤ពាន់នាក់។ រដ្ឋមន្រ្តីក្រសួងការបរទេសលោក Subrahmanyam Jaishankar ដែលបានធ្វើដំណើរទៅប្រទេសអង់គ្លេសសម្រាប់កិច្ចប្រជុំ G7 ជាមួយរដ្ឋមន្ត្រីការបរទេស G7 បាននិយាយថា លោកនាយករដ្ឋមន្ត្រីចៀសវាងការប្រជុំដោយផ្ទាល់ បន្ទាប់ពីមានករណីវិជ្ជមាន។ ប្រទេសឥណ្ឌាដែលជាប្រទេសមានប្រជាជន ១,៣ ពាន់លាននាក់ គឺជាប្រទេសដែលមានការឆ្លងច្រើនជាងគេលំដាប់ទី២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក។ ការកើនឡើងនូវករណីថ្មីនេះ បានរាតត្បាតទីក្រុងធំៗ រួមមាន ទីក្រុងញូវដែលីនិងមជ្ឈមណ្ឌលហិរញ្ញវត្ថុទីក្រុងបុមបៃ ដែលជំរុញឱ្យមន្ទីរពេទ្យឈានដល់ចំណុចបំបែក ហើយឈានដល់កង្វះអុកស៊ីសែន និងគ្រែយ៉ាងធ្ងន់ធ្ងរ។ រដ្ឋជាច្រើននៅទូទាំងប្រទេសបានចាក់សោ បិទខ្ទប់ ក៏ដូចជា ការទប់ស្កាត់ចលនា និងសកម្មភាពនានា ដើម្បីកាត់បន្ថយការរីករាលដាលនៃវីរុស៕ AFP