ដាក់ឲ្យដេញថ្លៃនៅថ្ងៃដំបូងភ្លាម! អាវ«ហត្ថអាទិទេព»របស់កំពូលកីឡាករបាល់ទាត់អាហ្សង់ទីន ម៉ារ៉ាដូណា មានគេហ៊ានឲ្យដល់៤លានផោន

0
62

អាវ «ហត្ថអាទិទេព(Hand of God)» ដែលពាក់ដោយកំពូលកីឡាករបាល់ទាត់សញ្ជាតិអាហ្សង់ទីន លោក ឌីអាយហ្គូ ម៉ារ៉ាដូណា (Diego Maradona) នៅពេលលោកបានស៊ុតបាល់បញ្ចូលទីដ៏ល្បីល្បាញ ត្រូវបានដាក់ឲ្យដេញថ្លៃជាផ្លូវការហើយ។ អាវដ៏កម្រនេះទទួលបានតម្លៃ ៤លានផោនរួចមកហើយ នៅក្នុងការដេញថ្លៃតាមអ៊ីនធឺណិតដែលបានចាប់ផ្តើមកាលពីថ្ងៃពុធ ទី២០ មេសា រហូតដល់ថ្ងៃ ទី៤ ឧសភា។
មជ្ឈមណ្ឌលដាក់ដេញថ្លៃ សុតថេប៉ី (Sotheby’s) របស់ទីក្រុងឡុងដ៍ បានច្រានចោលការអះអាងថា នេះមិនមែនជាអាវដែល កីឡាករ ម៉ារ៉ាដូណា ពាក់នៅពេលដែលលោកបានស៊ុតបាល់បញ្ចូលទីដ៏ល្បីល្បាញលើក្រុមជម្រើសជាតិអង់គ្លេសក្នុងឆ្នាំ ១៩៨៦ ក្នុងការប្រកួត «World Cup»។


កំពូលកីឡាករ ម៉ារ៉ាដូណា បានពាក់អាវលេខ ១០ ក្នុងការប្រកួតវគ្គ មុនពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងប្រទេសម៉ិកស៊ិក។ កាលនោះ ក្នុងការប្រកូតនេះ កីឡាករដែលបានទទួលមរណភាពកាលពីឆ្នាំ២០២០នេះ បានជួយឱ្យអាហ្សង់ទីននាំមុខដោយការទាត់បាល់ចូលទៅក្នុងសំណាញ់ទីនៅដើមតង់ទីពីរ ដែលជាគ្រាប់បាល់ដែលត្រូវបានគេស្គាល់ថាជា «ហត្ថអាទិទេព(Hand of God)»។
ត្រឹមតែបួននាទីក្រោយមក លោករកបានគ្រាប់បាល់ទីពីរ ដែលបន្តឈរនៅលើកំពូលតារាងនៃការបោះឆ្នោតជាគ្រាប់បាល់ដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក។
ខ្សែបម្រើសញ្ជាតិអង់គ្លេស លោក ស្ទីវ ហច (Steve Hodge) ទទួលបានអាវរបស់ លោក ម៉ារ៉ាដូណា បន្ទាប់ពីការប្រកួត ហើយថ្មីៗនេះបានប្រកាសថាលោកនឹងដាក់អាវនេះលក់ដេញថ្លៃបន្ទាប់ពីអាវនេះត្រូវបានគេដាក់តាំងនៅសារមន្ទីរបាល់ទាត់ជាតិរបស់ប្រទេសអង់គ្លេសរយៈពេល ១៩ ឆ្នាំ។
យ៉ាង ណា មិញ ការ លក់ នេះ មាន ភាព ស្មុគស្មាញ ដោយ ការ អះអាង ពី ក្រុម គ្រួសារ របស់ លោក ម៉ារ៉ាដូណា ដែល ថា គេយកអាវ ក្លែងក្លាយមក ដេញថ្លៃ។
លោកស្រី ដាលម៉ា ម៉ារ៉ាដូណា (Dalma Maradona) បាននិយាយតាមវិទ្យុ «Metro» ក្នុងប្រទេសអាហ្សង់ទីនថា៖ «វាមិនមែនជាអាវដែលប៉ារបស់ខ្ញុំពាក់នៅតង់ទីពីរនោះទេ។ ខ្ញុំដឹងច្បាស់ថាលោក ហច មិនមានអាវនោះទេ ហើយខ្ញុំដឹងថាអ្នកណាមានវា ប៉ុន្តែខ្ញុំមិនចង់និយាយថាឈ្មោះរបស់គេទេព្រោះវាមិនសមហេតុផល»។
ប៉ុន្តែ លោក ប្រាហាំ វ៉ចឆ័រ (Brahm Wachter) ប្រធាន «Sotheby’s Streetwear and Modern Collectibles» បានប្រាប់រ៉យទ័រថា ភាពពិតនៃអាវត្រូវបានផ្ទៀងផ្ទាត់ដោយប្រើការផ្គូផ្គងរូបថត។
«យើងអនុវត្តដំណើរការមួយហៅថា ការផ្គូផ្គងរូបថត ដោយប្រើវិធីយ៉ាងលម្អិតបំផុត រហូតដល់ការពិនិត្យមើលខ្សែអំបោះនីមួយៗ និងក្រុមនៃក្រណាត់ ហើយប្រៀបធៀបរូបថតនៃការប្រកួត ទៅនឹងអាវដែលនៅក្នុងកម្មសិទ្ធិរបស់យើង។ យើងអាចស្វែងរករូបថតដែលផ្គូផ្គងគ្នាតាមរយៈក្រុមហ៊ុនខាងក្រៅដែលយើងជួលឱ្យធ្វើដំណើរការនេះ»។

មជ្ឈមណ្ឌលដាក់ដេញថ្លៃ សុតថេប៉ី (Sotheby’s) ក៏បានចង្អុលទៅពាក្យរបស់ លោក ម៉ារ៉ាដូណា ពីជីវប្រវត្តិរបស់គាត់ «ប៉ះដោយអាទិទេព (Touched by God)» ដែលលោកបាននិយាយអំពីការប្រគល់អាវដែលលោកពាក់នៅចុងបញ្ចប់នៃការប្រកួតទៅឱ្យ លោក ហច។
ក្រុមហ៊ុន ក៏ បាន និយាយ ដែរ ថា អាវ នេះ មាន នៅ សារមន្ទីរ បាល់ទាត់ ជាតិ ជិត ពីរ ទសវត្សរ៍ មក ហើយ ប៉ុន្តែ មិន ដែល មាន ការ អះអាង ថា វា មិន មែន ជា អាវ ដែល លោក ម៉ារ៉ាដូណា ពាក់ ពេល ស៊ុត បញ្ចូល ទី នោះ ទេ។
ចាប់តាំងពីលោកបានស្លាប់ដោយសារជំងឺគាំងបេះដូងក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ គ្រួសាររបស់ លោក ម៉ារ៉ាដូណា បានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវជាបន្តបន្ទាប់ និងការប្តឹងប្ដល់គ្នានៅតុលាការទាក់ទងនឹងទ្រព្យសម្បត្តិរបស់លោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here