ប្រោះស្វា រុក្ខជាតិដ៏មានគុណប្រយោជន៍ខ្ពស់ដល់សុខភាព

0
346

មុននឹងយើងមកស្គាល់ថាអ្វីជាប្រោះស្វា យើងនាំគ្នាមកស្គាល់ថាអ្វីទៅជា ប្រោះ ជាមុនសិន។ ប្រោះ គឺជាឈ្មោះប្រទាលមួយប្រភេទ មានមើមក្រអូប, ស្លឹកក្រអូប, គេច្រើនដាំយកមើមប្រើជាថ្នាំ, ជាគ្រឿងក្រអូបក៏បាន។ ចំណែកឯ ប្រោះស្វា ជាឈ្មោះប្រោះព្រៃមួយប្រភេទ ស្លឹកដូចគ្នានឹងប្រោះដែរ តែមើមមានក្លិនហាងឆួល, ស្លឹកខ្ចីប្រើការហាន់ញាំឬប្រើជាអន្លក់, ជាបន្លែក៏បាន។ ប្រោះស្វា ទទួលការនិយមទទួលទានសម្រាប់បងប្អូននៅតាមជនបទស្រុកស្រែចម្ការនិងតំបន់ភ្នំ ព្រោះវាមានឱជារសឆ្ងាញ់ និងមានគុណតម្លៃខ្ពស់ដល់សុខភាព។

យោងតាមការផ្សព្វផ្សាយព័ត៌មានពីក្រសួងបរិស្ថានបានឱ្យដឹងថា គេប្រើប្រោះស្វា ជាថ្នាំសម្រាប់រំលាយអាហារ ព្យាបាលអាការៈពិបាករម្លាយអាហារ ព្យាបាលឈឺក្រពះ លើសឈាម ឈឺចុកទ្រូង ឈឺក្នុងពោះ ហឺត រាក ក្អក ក្អួត ប្រើសម្រាប់ត្រាំអាល់កុល សម្រាប់លាបរឹត ឈឺសន្លាក់ឆ្អឹង ស្ពឹកស្រពន់ដៃជើង …ជាដើម ។ ក្រៅពីមានតួនាទីជាឱសថ និងមុខម្ហូបសម្រាប់មនុស្សដែលសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនហើយនោះ ដើមប្រស់ស្វាក៏ជាចំណីសម្រាប់សត្វព្រៃដូចជា: សត្វទន្សោង សត្វឈ្លូស ជ្រូកព្រៃ។ល ។

កាន់តែពិសេស តាមការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្របានឱ្យដឹងថា មើមប្រោះស្វាគឺជាគ្រឿងទេសដ៏ពេញនិយមបំផុតមួយដែលត្រូវបានប្រើប្រាស់ក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ ក្នុងផ្នែកឱសថបុរាណ ប្រោះស្វា ត្រូវបានគេប្រើជាថ្នាំក្នុងគោលបំណងកាត់បន្ថយការឈឺចាប់ដែលបណ្តាលមកពីឈឺសន្លាក់ឆ្អឹង។ លើសពីនេះឫសវាក៏មានប្រសិទ្ធភាពព្យាបាលរោគសញ្ញាទាក់ទងនឹងក្រពះពោះវៀន ផងដែរ។

ទោះយ៉ាងណា សូមពិភាក្សាជាមួយអ្នកជំនាញផ្នែកសុខភាពឬវេជ្ជបណ្ឌិត ប្រសិនជាលោកអ្នកចង់យកវាមកប្រើប្រាស់ដើម្បីព្យាបាលជំងឺប្រភេទណាមួយ។ កាន់តែគួរយកចិត្តទុកដាក់ សូមប្រញាប់ទៅជួបគ្រូពេទ្យ ប្រសិនជាលោកអ្នកមានប្រតិកម្ម ឬមានអាការមិនស្រួលផ្នែកណាមួយនៃរាងកាយក្រោយពីបរិភោគរុក្ខជាតិប្រភេទនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here