សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និងអូស្ត្រាលី សហការគ្នា​លើ​អាវុធ​លឿន​ជាង​សំឡេង

0
269

សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលីបាននិយាយកាលពីថ្ងៃអង្គារ ទី៥ ខែមេសាថា ពួកគេនឹងចាប់ផ្តើមសហការរួមគ្នាលើអាវុធល្បឿនលឿនជាងសំឡេង និង “សមត្ថភាពសង្គ្រាមអេឡិចត្រូនិក” ដែលជាផ្នែកមួយនៃសម្ព័ន្ធមិត្ត AUKUS ថ្មីរបស់ពួកគេ ក្នុងគោលបំណងប្រឆាំងនឹងប្រទេសចិន។ ប្រទេសទាំងបីបាននិយាយថា គំនិតផ្តួចផ្តើមរួមគ្នានឹងជំរុញកិច្ចខិតខំប្រឹងប្រែងដែលមានស្រាប់ ក្នុងការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដែលពួកគេបានព្រមព្រៀងគ្នារួចហើយ នៅពេលបង្កើតកតិកាសញ្ញាការពារថ្មី កាលពីខែកញ្ញា ឆ្នាំមុន។ ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា “យើងបានប្តេជ្ញាចិត្តនៅថ្ងៃនេះ ដើម្បីចាប់ផ្តើមកិច្ចសហប្រតិបត្តិការត្រីភាគីថ្មី ស្តីពីអាវុធមានល្បឿនលឿនជាងសម្លេង និងសមត្ថភាពសង្គ្រាមអេឡិចត្រូនិក ក៏ដូចជា ការពង្រីកការចែករំលែកព័ត៌មាន និងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការលើការច្នៃប្រឌិតផ្នែកការពារជាតិ”។ “គំនិតផ្តួចផ្តើមទាំងនេះនឹងបន្ថែមលើកិច្ចខិតខំប្រឹងប្រែងដែលមានស្រាប់របស់យើង ក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើសមត្ថភាពអ៊ីនធឺណេត បញ្ញាសិប្បនិមិត្ត បច្ចេកវិជ្ជា quantum និងសមត្ថភាពបន្ថែមក្រោមសមុទ្រ។ “នៅពេលដែលការងាររបស់យើងរីកចម្រើនលើសមត្ថភាពការពារ និងសន្តិសុខសំខាន់ៗផ្សេងទៀត យើងនឹងស្វែងរកឱកាសដើម្បីភ្ជាប់សម្ព័ន្ធមិត្ត និងដៃគូជិតស្និទ្ធ”។ រុស្ស៊ី ចិន សហរដ្ឋអាមេរិក និងកូរ៉េខាងជើង បានបាញ់សាកល្បងកាំជ្រួចល្បឿនលឿនជាងសំឡេង ហើយសេចក្តីប្រកាសកាលពីថ្ងៃអង្គារ បានកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីទីក្រុងមូស្គូបាននិយាយថា ខ្លួនបានបាញ់បង្ហោះជាលើកដំបូង ក្នុងសង្រ្គាមរបស់ខ្លួន នៅអ៊ុយក្រែន។ កាំជ្រួច Hypersonic ដែលអាចបំពាក់ក្បាលអាវុធនុយក្លេអ៊ែរអាចហោះបានក្នុងល្បឿនលឿនជាងសំឡេង ៥ដង។ ខណៈពេលដែលកាំជ្រួចផ្លោងហោះឡើងខ្ពស់ទៅកាន់ទីអវកាសក្នុងរង្វង់មួយ ដើម្បីទៅដល់គោលដៅ អាវុធដែលមានល្បឿនលឿនជាងសំឡេងហោះលើគន្លងទាបក្នុងបរិយាកាស ដែលអាចទៅដល់គោលដៅបានលឿនជាង។ សំខាន់កាំជ្រួចល្បឿនលឿនជាងសំឡេង គឺអាចបត់បែនបាន ធ្វើឱ្យវាកាន់តែពិបាកក្នុងការតាមដាន និងការពារ។ ប្រទេសរុស្ស៊ីត្រូវបានគេមើលឃើញថា ជាប្រទេសជឿនលឿនបំផុតក្នុងវិស័យនេះ ខណៈដែលប្រទេសចិនក៏កំពុងអភិវឌ្ឍបច្ចេកវិទ្យាយ៉ាងខ្លាំងក្លាផងដែរ នេះបើយោងតាមសេវាស្រាវជ្រាវរបស់វិទ្យាស្ថានស្រាវជ្រាវ នៃសភាអាមេរិក (CRS) ។ CRS បាននិយាយកាលពីមុនថា ប្រទេសបារាំង អាឡឺម៉ង់ អូស្ត្រាលី ឥណ្ឌា និងជប៉ុន បាននិងកំពុងធ្វើការលើប្រព័ន្ធលឿនជាងសំឡេង ហើយអ៊ីរ៉ង់ អ៊ីស្រាអែល និងកូរ៉េខាងត្បូង បានធ្វើការស្រាវជ្រាវជាមូលដ្ឋានលើបច្ចេកវិទ្យា។ សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី បានចាប់ផ្តើមកិច្ចព្រមព្រៀងសន្តិសុខដ៏សំខាន់របស់ពួកគេ កាលពីខែកញ្ញាឆ្នាំមុន ដោយទីក្រុង Canberra បានលុបចោលកិច្ចព្រមព្រៀងនាវាមុជទឹក មានតម្លៃរាប់ពាន់លានដុល្លារ ជាមួយប្រទេសបារាំង ដែលបានធ្វើឱ្យទីក្រុងប៉ារីសខឹងសម្បារ។ កតិកាសញ្ញានេះ ត្រូវបានគេស្គាល់ថា ជា AUKUS ដែលបានប្រកាសនៅពេលនោះនឹងអនុញ្ញាតឱ្យសម្ព័ន្ធមិត្តទាំងបី ចែករំលែកបច្ចេកវិទ្យាទំនើបជាមួយគ្នា៕ (AFP ថ្ងៃទី០៦ ខែមេសា)

LEAVE A REPLY

Please enter your comment!
Please enter your name here