ខេត្តបន្ទាយមានជ័យ÷
នៅព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥បានត្រៀមកងកម្លាំងយោធភូមិភាគទី៥ ស្លៀកឈុតសម្លៀកបំពាក់ទ័ពស ចុះរៀនសូត្រពីក្រុមគ្រូពេទ្យដើម្បីយកទៅអនុវត្តបន្តក្នុងមណ្ឌលចត្តាឡីស័កកងវ៉ា ស្ថិតក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ទោ សេង ធារិនបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា: តាមបទបញ្ជាថ្នាក់លើបានឲ្យកម្លាំងក្រុមគ្រូពេទ្យយោធាទាំងអស់ដែល ចំណុះឲ្យទិសទី១ យោធភូមិភាគទី៥ រួមមានអង្គភាពកងពលតូចថ្មើរជើងលេខ៥១ និងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ទោ សេង ធារិនបានឲ្យដឹងបន្តទៀតថា:ក្នុងការហ្វឹកហ្វឺន បច្ចេកទេសយកសំណាក និងរបៀបព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយអនុវត្តជាក់ស្តែងនៅមណ្ឌលចតាឡីស័កកងវ៉ាតែម្តង។ វគ្គហ្វឹកហ្វឺននេះក្រោមកិច្ចសហការជួយបណ្តុះបណ្តាលពីក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមដោះស្រាយបញ្ហាការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងនោះយោធភូមិភាគទី៥ ក៏បានត្រៀមខ្លួនរួចរាល់ក្រុមគ្រូពេទ្យ មធ្យោបាយ សម្ភារ សម្រាប់ចល័តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមតាមបទបញ្ជារបស់ថ្នាក់លើផងដែរ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានគូសបញ្ជាក់ថា: ក្នុងគ្រាដ៏លំបាកនេះ យើងត្រូវរួម គិត ធ្វើ ទទួលខុសត្រូវ និងដោះស្រាយ ឲ្យបានលឿន ទាន់ពេលវេលា នៅជំងឺឆ្លងរីករាលដាលនេះ។ ស្ថិតនៅក្នុងស្ថានភាពនេះ កងទ័ព មានភារកិច្ចចូលរួមជួយតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំកងទ័ពគ្រប់លំដាប់ថ្នាក់ ពិសេេស តាមបទបញ្ជារបស់ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ប្រើប្រាស់ឲ្យអស់លទ្ធភាព តាមសំណូមពរគណៈបញ្ជាការឯកភាពខេត្តផងដែរ៕