ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃអង្គារ បានបន្តស្នើសុំឲ្យមានជំនួបចរចាដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដោយប្រកាសថា ការផ្តល់ឋានៈដល់បូរណភាពទឹកដីដែលមានជម្លោះ អាចលើកយកមកពិភាក្សាគ្នា និងអាចអាស្រ័យទៅលើការធ្វើប្រជាមតិ។ លោក Zelenskyy បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានថា លោកបានត្រៀមខ្លួនរួចហើយ ដើម្បីជួបជាមួយលោក Putin នៅក្នុងទម្រង់ណាក៏បាន ដើម្បីពិភាក្សាបញ្ចប់សង្គ្រាមឈ្លានពាន ដែលមានរយៈពេលជិតមួយខែនេះ និងដែលបានបំផ្លាញទីក្រុងជាច្រើនរបស់អ៊ុយក្រែន។ លោក Zelenskyy បានបន្តទៀតថា សូម្បីឋានៈនៃតំបន់ Crimea ដែលកំពុងគ្រប់គ្រងដោយរុស្ស៊ី និងទឹកដីបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីក្នុងតំបន់ Donbas ក៏អាចលើកយកមកពិភាក្សាគ្នាបានដែរ។ លោកបន្តទៀតថា «នៅក្នុងកិច្ចប្រជុំចរចាលើកដំបូងរបស់លោក ជាមួយប្រធានាធិបតីរុស្ស៊ី ខ្ញុំត្រៀមខ្លួនដើម្បីលើកយកបញ្ហាទាំងនេះ មកនិយាយគ្នា»។ លោកបន្ថែមទៀតថា «ពុំមានការអំពាវនាវ ឬ សុន្ទករថាជាប្រវត្តិសាស្ត្រនោះឡើយ។ ខ្ញុំនឹងពិភាក្សាបញ្ហាទាំងអស់ឲ្យបានលម្អិតជាមួយលោក Putin»។ រុស្ស៊ីបានប្រកាសតំបន់ Crimea ថា ជាផ្នែកមួយនៃទឹកដីរបស់រុស្ស៊ី និងបានទទួលស្គាល់ឯករាជ្យភាពរបស់សាធារណរដ្ឋប្រជាមានិត Donetsk និង Luhansk ដែលប្រកាសដោយខ្លួនឯងនៅភាគខាងកើតរបស់អ៊ុយក្រែន។ តំបន់ទាំង ៣នេះ ជាផ្នែកមួយរបស់អ៊ុយក្រែន បន្ទាប់ពីការដួលរលំនៃអតីតសហភាពសូវៀត ហើយបានក្លាយទៅជាវិបត្តិអស់រយៈពេលមួយទសវត្សរ៍កន្លងទៅ និងបានបណ្តាលឲ្យមានការចូលឈ្លានពាន និងសង្គ្រាមដ៏ពេញទំហឹងមួយនៅក្នុងប្រទេសអ៊ុយក្រែនចាប់ពីថ្ងៃទី២៤ ខែកុម្ភៈមក។ លោកប្រធានាធិបតីអ៊ុយក្រែន បានប្រាប់ក្រុមអ្នកកាសែតនៅក្នុងកិច្ចសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយដោយសារព័ត៌មាន Suspilne ថា «ប្រសិនបើខ្ញុំមានឱកាស ហើយរុស្ស៊ីមានបំណងនោះ យើងនឹងពិនិត្យមើលនូវរាល់បញ្ហាទាំងអស់»។ ទោះបីជាប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានបង្ហាញពីសញ្ញាដែលថា លោកមានឆន្ទៈក្នុងការចរ ចារពីឋានៈនៃតំបន់ទាំងបីនេះក្តី ក៏លោកបានលើកឡើងជាច្រើនដងហើយថា ទឹកដីទាំងនេះ ជាផ្នែកមួយរបស់អ៊ុយក្រែន ហើយប្រទេសលោក នឹងមិនប្រគល់ទឹកដីទាំងនោះឡើយ៕ (AFP ថ្ងៃទី២៣ ខែមីនា)