ប្រទេសចិនទាមទារឲ្យលុបចោលកិច្ចប្រជុំរបស់ UN ស្តីពីជនជាតិអ៊ុយហ្គួរ

0
48

ប្រទេសចិនកាលពីថ្ងៃច័ន្ទ ទី១០ ខែឧសភា បានទទូចដល់សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងអង់គ្លេស ឱ្យលុបចោលសន្និសីទវីដេអូនាពេលខាងមុខ ស្តីពីការបង្រ្កាបរបស់ទីក្រុងប៉េកាំង ទៅលើជនជាតិភាគតិចមូស្លីមអ៊ុយហ្គួរ និងបានអំពាវនាវដល់សមាជិកអង្គការសហប្រជាជាតិផ្សេងទៀត កុំចូលរួមព្រឹត្តិការណ៍នេះ។ យ៉ាងហោចណាស់ ជនជាតិអ៊ុយហ្គួរ ចំនួន ១ លាននាក់ និងប្រជាជនមកពីក្រុមភាគច្រើន ដែលកាន់សាសនាអ៊ីស្លាម ត្រូវបានឃុំឃាំងនៅក្នុងជំរុំ នៅតំបន់ស៊ីនជាំងភាគពាយព្យប្រទេសចិន។

បេសកកម្មការទូតរបស់ប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សន្និសីទវីដេអូដែលគ្រោងធ្វើនៅថ្ងៃពុធ “គឺផ្អែកលើការភូតកុហក និងភាពលំអៀងខាងនយោបាយ”។ ទីក្រុងប៉េកាំងទទូចដល់អ្នកឧបត្ថម្ភឱ្យលុបចោលព្រឹត្តិការណ៍នេះជាបន្ទាន់ ដែលរំខានដល់កិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងអំពាវនាវឱ្យរដ្ឋជាសមាជិកដទៃទៀត បដិសេធព្រឹត្តិការណ៍នេះ។ សេចក្តីថ្លែងការណ៍បាននិយាយថា “ស្ថានភាពបច្ចុប្បន្ននៅស៊ីនជាំង គឺល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រ ជាមួយស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងការរួមរស់នៅប្រកបដោយសុខដុមរមនា ក្នុងចំណោមប្រជាជននៃក្រុមជនជាតិទាំងអស់”។ ថ្មីៗនេះ សហរដ្ឋអាមេរិកបានប្រកាសថា ការប្រព្រឹត្តលើជនជាតិអ៊ុយហ្គួរ គឺជា “អំពើប្រល័យពូជសាសន៍”។ សេចក្តីថ្លែងការណ៍របស់ប្រទេសចិន បាននិយាយថា “សហរដ្ឋអាមេរិកអះអាងថា នឹងយកចិត្តទុកដាក់លើសិទ្ធិមនុស្សរបស់ប្រជាជនមូស្លីម ទោះបីជាការពិតដែលពិភពលោកបានដឹងថា សហរដ្ឋអាមេរិកបានសម្លាប់ជនជាតិម៉ូស្លីមនៅអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និងស៊ីរី ក៏ដោយ”៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here