តុលាការ ផ្តន្ទាទោស សម រ ង្ស៉ី និង មេខ្លោង ផែនការ ផ្តួលរំលំ រដ្ឋាភិបាល ៦ នាក់ ឱ្យ ជាប់ពន្ធនាគារ ម្នាក់ ១០ ឆ្នាំ , កាត់ទោស អ្នក រួមគំនិត ១៤ នាក់ ឱ្យ ជាប់ ម្នាក់ ៥ ឆ្នាំ តែ ព្យួរ មួយចំនួន

0
258

សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២២​នេះ បានប្រកាស​សាលក្រម​ផ្តន្ទាទោស លោក សម រ​ង្ស៉ី មេក្រុម​ឧទ្ទាម​ក្រៅច្បាប់ និង​មេខ្លោង​ក្នុង​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល ចំនួន​៦​រូប​ផ្សេងទៀត ឱ្យ​ជាប់ពន្ធនាគារ​ម្នាក់​១០​ឆ្នាំ ព្រមទាំង​ផ្តន្ទាទោស​ជន​រួមគំនិត​១៤​នាក់​ទៀត ឱ្យ​ជាប់ពន្ធនាគារ​៥​ឆ្នាំ ប៉ុន្តែ​ពួកគេ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ព្យួរទោស​មួយចំនួន​។​

​សវនាការ​កាត់ទោស លោក សម រ​ង្ស៉ី និង​បក្ខ​ពួកនេះ មាន​សមាសភាព ប្រធាន​ក្រុមប្រឹក្សា លោក រស់ ពិសិដ្ឋ​, ចៅក្រម​ប្រឹក្សា លោក​អ៉ឹ​ម វ​ណ្ណះ និង​លោកស្រី សឿង ចរិយា​, តំណាង​អយ្យការ លោក សេង​ហៀ​ង និង​លោក សំ​ម ឫទ្ធី​វាសនា​។​

​លោក សម រ​ង្ស៉ី និង​មេខ្លោង​ដែល​តុលាការ​ផ្តន្ទាទោស ៦​នាក់​នោះ រួមមាន​៖ លោក សម រ​ង្ស៉ី​, លោកស្រី មូរ សុខ​ហួរ​, លោកស្រី ជូ​ឡុង សូ​មួ​រ៉ា​, លោក តុ វ៉ាន់​ចាន់​, លោក នុត រំដួល​, លោក ហូរ វ៉ាន់ និង​លោក​អេង ឆៃអ៊ាង​ជាដើម​។ តុលាការ​ផ្តន្ទាទោស​អ្នក​ទាំង​៧ ពីបទ​រួមគំនិត​ក្បត់ បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​ញុះញង់​កុំ​ឲ្យ​យោធិន​ស្ដាប់បង្គាប់​។ បន្ទាប់ពី​ផ្តន្ទាទោស​ហើយ​នោះ​តុលាការ​ក៏បាន​ចេញ​ដីកា​បង្គាប​ឲ្យ​ចាប់ខ្លួន​លេ​ី​ជនជាប់ចោទ​៧​នាក់ ជា​ក្រុម​មេដឹកនាំ​ប៉ុនប៉ង​ផ្តួ​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ផងដែរ​។​

​ក្រៅពី​ផ្តន្ទាទោស​ចំពោះ​ក្រុម​មេខ្លោង តុលាការ​ក៏បាន​ផ្តន្ទាទោស​អ្នកចូលរួម​១៣​នាក់​ទៀត ក្នុងនោះ​មាន​៖ ថៃ សុគន្ធា​, ឡុង ផា​រី​, ឃឹម ភា​ណា​, សុខ ចាន់ថា​, ពៀត ម៉ាប់​, កែវ ថៃ​, ជុំ ចាន់​, ស៊ុន ធន់​, ងិន ឃាង​, យឹម សារ៉េត​, ញ៉ែម វាន​, ឃុ​ត ច្រិ​ក និង​ឆុន ប៊ុនឆាត ដោយ​ដាក់ពន្ធនាគារ​ក្នុង​ម្នាក់ៗ​កំណត់ ៥ (​ប្រាំ​) ឆ្នាំ ប៉ុន្តែ​ទោស​នេះ ត្រូវអនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ចំនួន​៣​ឆ្នាំ​៨​ខែ ទោស​ដែល​នៅសល់​ត្រូវ​ព្យួរ​ធម្មតា ពីបទ រួមគំនិត​ក្បត់ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។​

​ដោយឡែក អ្នក​រួមគំនិត​ម្នាក់ទៀត ឈ្មោះ ហ៉ិ​ន ឆាន ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​កំណត់ ៥​ឆ្នាំ ប៉ុន្តែ​ទោស​នេះ​ត្រូវ​ព្យួរ​ធម្មតា ពីបទ​រួមគំនិត​ក្បត់ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​៕​(ប្រភពហ្រ្វេសញូវ)

LEAVE A REPLY

Please enter your comment!
Please enter your name here