ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបន្ទាន់មួយ កាលពីថ្ងៃច័ន្ទ ទី១១ ខែឧសភា ស្តីពីភាពចលាចលនៅក្រុងហ្សេរូសាឡឹម ប៉ុន្តែមិនបានចេញសេចក្តីថ្លែងការណ៍ភ្លាមៗទេ ដោយអ្នកការទូតនិយាយថា សហរដ្ឋអាមេរិកជឿថា ការអត្ថាធិប្បាយរបស់សាធារណជនអាចមានផលប៉ះពាល់។ អ្នកការទូតបាននិយាយថា ការចរចាកំពុងបន្តក្នុងចំណោមប្រទេសទាំង ១៥ ជាសមាជិកក្រុមប្រឹក្សាសន្តិសុខលើអត្ថបទមួយ ដែលត្រូវបានលុបចោលពីសេចក្តីព្រាងដំបូង ដែលស្នើឡើងដោយប្រទេសន័រវេស។ យោងតាមអ្នកការទូតម្នាក់ បាននិយាយថា អាមេរិកកំពុងធ្វើការនៅពីក្រោយឆាក ដើម្បីធ្វើឱ្យស្ថានការណ៍មានភាពស្ងប់ស្ងាត់ ហើយនៅមិនទាន់ប្រាកដថា សេចក្តីថ្លែងការណ៍មួយអាចចេញរួចនោះទេ។ ពង្រាងសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខ ដែលមើលឃើញដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានអំពាវនាវឲ្យអ៊ីស្រាអែលបញ្ឈប់ការតាំងទីលំនៅថ្មី ការកំទេចលំនៅដ្ឋាន និងការបណ្តេញចេញជនជាតិប៉ាឡេស្ទីន នៅហ្សេរូសាឡឹមខាងកើត។ សេចក្តីព្រាងនេះក៏អំពាវនាវផងដែរ ឱ្យមានការអត់ធ្មត់ ការចៀសវាងពីសកម្មភាពបង្កហេតុ និងវោហារសាស្ត្រ ព្រមទាំងលើកស្ទួយ និងគោរពនូវស្ថានភាពជាប្រវត្តិសាស្ត្រ នៅតាមទីសក្ការៈនានា។ មនុស្សជាង ៣០០ នាក់ បានរងរបួស កាលពីថ្ងៃច័ន្ទ ដោយសារតែការប៉ះទង្គិចគ្នាដោយអំពើហិង្សាជាថ្មីម្តងទៀត រវាងប៉ូលិសអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅឯវិហារអ៊ីស្លាម Al-Aqsa ដែលជាទីកន្លែងសក្ការៈដ៏ពិសិដ្ឋ ទាំងនៅក្នុងសាសនាអ៊ីស្លាម និងសាសនាយូដា៕ AFP