លិខិតមិត្តអ្នកអាន៖ កម្ពុជាក្នុងស្មារតីសាមគ្គីភាពប្រឆាំងនឹងជំងឺកូវីដ១៩

0
147

(ភ្នំពេញ)៖ ប្រជាជាតិនានា តែងឆ្លងកាត់គ្រាស្រណុក និងលំបាក។ វិបត្តិជាប្រព័ន្ធនៃជំងឺរាតត្បាតកូវីដ-១៩ ដ៏ធ្ងន់ធ្ងរនិងធំធេង បានសាកល្បងកម្លាំង ការរួបរួម និងភាពធន់របស់ជាតិ។ ប្រទេសខ្លះកើតមានភាពប្រទូសរ៉ាយនៅចំពោះមុខជំងឺរាតត្បាតនេះ ខណៈដែលប្រទេសមួយចំនួនទៀតបានឈានដល់ជម្លោះវិវាទ រួចក្លាយជារដ្ឋដែលបរាជ័យ។ វិបត្តិជាតិ អាចបែងចែកជាតិ ហើយក៏អាចបង្រួបបង្រួមជាតិ។ វាអាចជាដំណើរការមួយសម្រាប់ការកសាងប្រទេសជាតិ ដោយមានការផ្លាស់ប្តូរ និងភាពរឹងមាំ។ ការដែលប្រទេសមួយកំពុងវិនិយោគនាពេលបច្ចុប្បន្ននេះ ដើម្បីតស៊ូប្រឆាំងនឹងជំងឺរាតត្បាតសកល បានកំណត់និយមន័យ សុខភាពជាតិ និងគន្លងជាតិនាពេលអនាគតរបស់ប្រទេសមួយ។

ដូចបណ្តាប្រទេសជាច្រើនទៀត ជំងឺកូវីដ១៩ក៏ជាការគំរាមកំហែងសន្តិសុខជាតិសម្រាប់ប្រទេសកម្ពុជាផងដែរ។ វាបានរំខានដល់សង្គម បំផ្លាញសេដ្ឋកិច្ច និងគំរាមកំហែងសុខភាពសាធារណៈ។ គិតត្រឹមថ្ងៃទី១១ ខែឧសភា ករណីឆ្លងនៃជំងឺកូវីដ១៩ សរុបនៅកម្ពុជាមានចំនួន ២០,២២៣ ករណី ហើយករណីជាសះស្បើយមាន ៨,១៧០ និងករណីស្លាប់ ១៣១នាក់។ ទោះបីជាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺរាតត្បាតនេះក៏ដោយ ក៏ប្រជាជនកម្ពុជាក្នុងនាមជាប្រជាជាតិមួយបានរួមគ្នាបំពេញតួនាទី ទទួលខុសត្រូវ និងចូលរួមវិភាគទានទាំងគំនិត ជំនាញ ជាសម្ភារៈ និងជាសាច់ប្រាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងកសាងប្រទេសជាតិឡើងវិញ។ ជំងឺរាតត្បាតនេះបានពង្រឹងសាមគ្គីភាពជាតិ និងការចូលរួមរបស់ពលរដ្ឋ។

អត្ថបទនេះបង្ហាញពីតួនាទី ការប្តេជ្ញាចិត្ត និងការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកៀរគរធនធាន និងការវិនិយោគក្នុងយុទ្ធនាការជាតិ ដើម្បីជួយសង្គ្រោះជីវិត និងដឹកនាំប្រទេសចេញពីវិបត្តិសកលនេះ។

ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកគិតចាប់ពីករណីទី១ នៃជំងឺកូវីដ១៩ ដែលត្រូវបានគេរកឃើញនៅក្នុងប្រទេស នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ រហូតដល់រយៈពេលមុនព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ប្រទេសកម្ពុជានៅអាចគ្រប់គ្រងជំងឺរាតត្បាតនេះបាន ដោយមានការរកឃើញករណីថ្មីតិចតួចរៀងរាល់ថ្ងៃ ឬគ្មានករណីថ្មីសោះក្នុងថ្ងៃខ្លះ។ គិតត្រឹមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ករណីឆ្លងសរុបរបស់ប្រទេសនេះមានចំនួន ៤៨៤ ហើយករណីជាសះស្បើយមាន ៤៧០ និងគ្មានអ្នកស្លាប់។ សមត្ថភាពរបស់កម្ពុជាក្នុងការគ្រប់គ្រងជំងឺរាតត្បាតនេះ គឺដោយសារតែភាពជាអ្នកដឹកនាំល្អ ការប្តេជ្ញាចិត្ត និងវិធានការនានារបស់រាជរដ្ឋាភិបាល ដែលមានកិច្ចសហការពីសំណាក់ប្រជាជន ព្រមទាំងអ្នកពាក់ព័ន្ធក្នុងស្រុក និងអន្តរជាតិ។

រដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីផ្សេងៗរួមមាន កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតកូវីដ១៩ ទៅលើសេដ្ឋកិច្ច គ្រួសារក្រីក្រ និងងាយរងគ្រោះ។ រដ្ឋាភិបាលបានផ្តល់ប្រាក់ចំនួន ២៥លានដុល្លារក្នុងមួយខែ នៅឆ្នាំ២០២០ សម្រាប់កម្មវិធីផ្ទេរប្រាក់បន្ទាន់ ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈកម្មវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ (IDPoor) ដែលកំណត់អត្តសញ្ញាណ និងបែងចែកគ្រួសារក្រីក្រនៅកម្ពុជា ដើម្បីសម្រួលដល់ការអន្តរាគមន៍របស់រាជរដ្ឋាភិបាល។ ភាពជោគជ័យរបស់កម្ពុជាក្នុងការគ្រប់គ្រង និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតនេះ ទទួលបានការកោតសរសើរពីអ្នកតំណាងអង្គការសុខភាពពិភពលោក ហើយបានជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោម ១៦៦ ប្រទេស និងលេខ ១ នៅអាស៊ីចំពោះការគ្រប់គ្រងជំងឺកូវីដ១៩នេះ នៅក្នុងរបាយការណ៍ចំណាត់ថ្នាក់អន្តរជាតិ ដែលចេញផ្សាយនៅខែវិច្ឆិកា ឆ្នាំ២០២០ ។

ករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ២០២១ ឬកម្មវិធីដែលគេហៅថា «ព្រឹត្តិការណ៍ ២០ កុម្ភៈ» គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ព្រោះចំនួនករណីឆ្លងបានហក់ឡើងខ្ពស់ មន្ទីរពេទ្យគ្មានគ្រែទំនេរ និងភាពខ្វះខាតនៃធនធានវេជ្ជសាស្រ្ត។ ប្រទេសកម្ពុជាបានរាយការណ៍អំពីការស្លាប់ដោយសារជំងឺកូវីដ១៩នៅថ្ងៃទី ១១ ខែមីនា ហើយករណីឆ្លង ប្រចាំថ្ងៃស្ថិតក្នុងខ្ទង់រយចាប់តាំងពីចុងខែមីនាមក ដែលបានបង្ខំឱ្យរាជរដ្ឋាភិបាលអនុវត្តបំរាមគោចរ និងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៅខេត្តកណ្តាល អស់រយៈពេល ៣ សប្តាហ៍មកនេះ ដែលទើបតែបញ្ចប់នៅថ្ងៃទី៦ ខែឧសភា។

ទោះបីមានផលប៉ះពាល់ធ្ងន់ធ្ងរ និងធំធេងដែលកើតពីព្រឹត្តិការណ៍ ២០ កុម្ភៈក៏ដោយ ក៏ប្រជាជនកម្ពុជាបានបង្ហាញពីភាពធន់ និងសាមគ្គីភាពជាតិ ហើយរាជរដ្ឋាភិបាលនៅតែប្តេជ្ញាការពារប្រទេសជាតិប្រឆាំងនឹងជំងឺរាតត្បាតដែលកម្រនេះ។ អាជ្ញាធរជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងស្ថាប័នរដ្ឋផ្សេងៗទៀត បាននិងកំពុងធ្វើការយ៉ាងសកម្ម ដើម្បីជួយសង្គ្រោះជីវិត និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុវត្តនូវភាពជាអ្នកដឹកនាំយ៉ាងឈ្លាសវៃ ក្នុងការតាមដានស្ថានការណ៍ និងតម្រង់ទិសដៅ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានបើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយទីភ្នាក់ងារពាក់ព័ន្ធរបស់រដ្ឋ រហូតដល់ពាក់កណ្តាលអធ្រាត្រ ដើម្បីបង្កើតផែនការ និងវិធានការនានាសម្រាប់ការអនុវត្ត។ ប៉ូលីស និងកងរាជអាវុធហត្ថ បាននិងកំពុងធ្វើការឥតឈប់ឈរ ដើម្បីអនុវត្តឱ្យបានតឹងរឹងនូវបទបញ្ជាបំរាមគោចរ និងការបិទខ្ទប់ ដែលជាទូទៅមានសន្តិភាព និងមានសណ្តាប់ធ្នាប់ ហើយក៏សូមអរគុណចំពោះកិច្ចសហប្រតិបត្តិការរបស់ប្រជាជនផងដែរ។ យោធាបានផ្តល់ធនធានវេជ្ជសាស្រ្ត ការដឹកជញ្ជូន និងភស្តុភាររបស់ខ្លួន ដើម្បីជួយដល់យុទ្ធនាការជាតិព្យាបាលអ្នកជំងឺកូវីដ១៩ និងចាក់វ៉ាក់សាំងជូនប្រជាជន។

វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យនៅកម្ពុជា បានបង្ហាញនូវភាពក្លាហាន និងវិជ្ជាជីវៈដ៏គួរឱ្យស្ញប់ស្ញែង ទោះបីករណីឆ្លងមានច្រើនលើសលប់ក៏ដោយ។ នៅពេលដែលប្រទេសកម្ពុជាបានរាយការណ៍ពីករណីមួយចំនួនដំបូង មានជំនឿរួមថាវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកានឹងភ័យស្លន់ស្លោ ហើយគេចពីតួនាទីរបស់ពួកគេ បើករណីឆ្លងកើនឡើង។ អស់រយៈពេលជាងមួយឆ្នាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ព្រមជាមួយនឹងអ្នកជំងឺជាង ១០.០០០ នាក់ដែលកំពុងទទួលការព្យាបាល និងការថែទាំនៅទូទាំងប្រទេស បុគ្គលិកពេទ្យរបស់ប្រទេសកម្ពុជាបានស្តែងឱ្យឃើញថា ជំនឿនេះគឺខុស។ ពួកគេនៅតែប្តេជ្ញាចិត្តចំពោះភារកិច្ច ទោះបីជាពួកគេមួយចំនួនបានឆ្លងវីរុសកូរ៉ូណា កំឡុងពេលបំពេញការងាររបស់ពួកគេក៏ដោយ។ បុគ្គលិកនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅទីក្រុងភ្នំពេញ ធ្វើការទាំងថ្ងៃធ្វើការនិងចុងសប្តាហ៍ ហើយនៅថ្ងៃខ្លះរហូតដល់ព្រឹកព្រលឹម ធ្វើវិភាគសំណាករាប់ពាន់ដែលត្រូវយកជារៀងរាល់ថ្ងៃ ដើម្បីផ្តល់ជូននូវរបាយការណ៍ករណីវិជ្ជមានកូវីដ១៩ឱ្យបានទាន់ពេលវេលា។

វិស័យវេជ្ជសាស្ត្រនៅកម្ពុជាក៏បានទទួលជំនួយពីសមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ។ ការចូលរួមរបស់ TYDA និងស្មារតីស្ម័គ្រចិត្តបានជួយលើកកម្ពស់សីលធម៌សង្គម ព្រមទាំងជួយកាត់បន្ថយភាពតានតឹង និងសម្ពាធលើវិស័យសុខភាពសាធារណៈ។ សមាគមនេះ បានចូលរួមក្នុងការរៀបចំមន្ទីរពេទ្យចំនួន ៥១ និងកន្លែងសម្រាកព្យាបាល ដែលមានសរុបចំនួនជាង ៤.៣០០ គ្រែ សម្រាប់អ្នកជំងឺកូវីដ១៩។ លើសពីនេះទៅទៀត សមាជិករបស់ TYDA បានជួយរៀបចំម្ហូបសម្រាប់អ្នកជំងឺ។ TYDA ក៏ជាកម្លាំងដ៏សំខាន់មួយ ដែលមានសមាជិកប្តេជ្ញាចិត្តយ៉ាងមុះមុត ក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩។

ប្រជាជនកម្ពុជាក៏បានបង្ហាញពីកាតព្វកិច្ចពលរដ្ឋ និងវប្បធម៌នៃការចែករំលែកគ្នា តាមរយៈការបរិច្ចាគជាសាច់ប្រាក់ជាង ៥៦.៩ លានដុល្លារដល់មូលនិធិរបស់រាជរដ្ឋាភិបាល សម្រាប់បញ្ជាទិញវ៉ាក់សាំង។ ការចូលរួមរបស់ពួកគេ តាមរយៈការបរិច្ចាគថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងការការពារប្រទេសជាតិ គឺជាសញ្ញាលើកទឹកចិត្ត និងសុទិដ្ឋិនិយមសម្រាប់អនាគតរបស់ប្រទេស។ សម្តេចម៉ែ និងព្រះមហាក្សត្របានបរិច្ចាគជាសាច់ប្រាក់ចំនួន ៤ ដង ដែលមានទឹកប្រាក់សរុបចំនួន ៣.៧០០,០០០ ដុល្លារអាមេរិក។

សន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំដ៏រឹងមាំក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ បានផ្តល់លក្ខខណ្ឌអំណោយផលក្នុងការគាំទ្រភាពធន់ និងសាមគ្គីភាពជាតិ កំឡុងពេលមានវិបត្តិជំងឺកូវីដ១៩។

ក្នុងដំណើរឆ្ពោះទៅមុខ រាជរដ្ឋាភិបាលកម្ពុជាកំពុងពន្លឿនយុទ្ធនាការជាតិចាក់វ៉ាក់សាំងដ៏ធំមួយ។ យោងតាមផែនការយុទ្ធសាស្រ្តសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ដែលទើបត្រូវបានចេញផ្សាយថ្មីៗនេះ រាជរដ្ឋាភិបាលមានគោលបំណងសំរេចបាននូវភាពធន់នឹងសេដ្ឋកិច្ចសង្គម តាមរយៈការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំដើម្បីបង្កើតភាពស៊ាំទូទាំងប្រទេសកម្ពុជានៅចុងឆ្នាំ ២០២១ ។ គិតត្រឹមថ្ងៃទី៤ ខែឧសភា ប្រជាជនកម្ពុជា ចំនួន ១.៥១៥.៤៤៧នាក់ បានទទួលវ៉ាក់សាំង ដែលចំនួននេះបានដាក់កម្ពុជានៅលេខរៀងទី ២ បន្ទាប់ពីប្រទេសសឹង្ហបុរី ក្នុងចំណោមប្រទេសអាស៊ានដែលបានអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ីចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ប្រទេសកម្ពុជាក៏ទទួលបានចំណាត់ថ្នាក់ល្អពីអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ ជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ១៧ នៅលើពិភពលោក ដែលបានផ្តល់អាទិភាពក្នុងការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ ជូនគ្រូបង្រៀន។

សមិទ្ធផលនៃការចាក់វ៉ាក់សាំងនៅកម្ពុជា ពិតជាគួរឱ្យស្ញប់ស្ញែងណាស់ ហើយបានបង្ហាញពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលក្នុងការធានាវ៉ាក់សាំងសម្រាប់ប្រជាជនកម្ពុជា ខណៈពេលដែលពិភពលោកកំពុងប្រឈមនឹងកង្វះខាតវ៉ាក់សាំង។ វ៉ាក់សាំងភាគច្រើនដែលប្រទេសកម្ពុជាទទួលបាន គឺមកពីប្រភពផ្សេងៗគ្នា ពីការបញ្ជាទិញរបស់រាជរដ្ឋាភិបាល ពីអំណោយសប្បុរសពីប្រទេសចិន និងទីភ្នាក់ងារកូវ៉ាក់ (COVAX)៕

ដោយ៖ ឯកឧត្តម សួស យ៉ារ៉ា អគ្គនាយកក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC)

LEAVE A REPLY

Please enter your comment!
Please enter your name here