២០ នាក់ ស្លាប់ គ្រាដែលអ៊ីស្រាអែលវាយប្រហារតំបន់ហ្គាហ្សា បន្ទាប់ពីពួកហាម៉ាសបាញ់រ៉ុក្កែត

0
42

អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សា កាលពីថ្ងៃច័ន្ទ ទី១០ ខែឧសភា ដើម្បីឆ្លើយតបទៅនឹងគ្រាប់រ៉ុក្កែត ដែលបាញ់ដោយក្រុមហាម៉ាស និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនដទៃទៀត ចំពេលមានអំពើហិង្សានៅបរិវេណវិហារ Al-Aqsa ដែលត្រូវបានគេស្គាល់ថា ជាប្រាសាទភ្នំ។ យ៉ាងហោចណាស់ មានមនុស្ស ២០ នាក់ ត្រូវបានសម្លាប់ រួមទាំងក្មេង ៩ នាក់ និងមេបញ្ជាការជាន់ខ្ពស់របស់ហាម៉ាស ហើយមនុស្ស ៦៥ នាក់ទៀត រងរបួស។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានព្រមានថា ក្រុមហាម៉ាសបានឆ្លងកាត់ “បន្ទាត់ក្រហម” ដោយនាំយកមីស៊ីលឆ្ពោះទៅក្រុងហ្សេរូសាឡឹម ហើយរដ្ឋជ្វីហ្វនឹង “ឆ្លើយតបដោយកម្លាំង” ។ លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា “យើងនឹងមិនអត់ធ្មត់ចំពោះការវាយប្រហារលើទឹកដីរបស់យើង រដ្ឋធានីរបស់យើង ប្រជាជន និងទាហានរបស់យើងទេ។ អ្នកដែលវាយប្រហារយើងនឹងត្រូវបង់ថ្លៃខ្ពស់”។ កងទ័ពអ៊ីស្រាអែលបាននិយាយថា គ្រាប់រ៉ុក្កែត ចំនួន ១៥០ គ្រាប់ ត្រូវបានបាញ់ចេញពីតំបន់ហ្គាហ្សា ដែលរាប់សិបគ្រាប់ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែល។ ប្រភពពីក្រុមហាម៉ាស បានបញ្ជាក់ប្រាប់ AFP ថា មេបញ្ជាការម្នាក់របស់ពួកគេ គឺលោក Mohammed Fayyad ត្រូវបានសម្លាប់។ ភាពតានតឹងនៅក្រុងហ្សេរូសាឡឹមបានផ្ទុះឡើង ចាប់តាំងពីប៉ូលិសកុបកម្មរបស់អ៊ីស្រាអែល បានប៉ះទង្គិចគ្នាជាមួយអ្នកគោរពបូជាប៉ាឡេស្ទីន កាលពីថ្ងៃសុក្រ ជាថ្ងៃចុងក្រោយនៃខែតមអាហារ នៃបុណ្យរ៉ាម៉ាដានរបស់ប្រជាជនម៉ូស្លីម៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here