
អត្រាឆ្លងជំងឺកូវីដ១៩ ប្រចាំថ្ងៃ នៅក្នុងប្រទេសឥណ្ឌា មានការចុះថយបន្តិច ប៉ុន្តែនៅតែខ្ពស់នៅឡើយ ដោយក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងកាលពីថ្ងៃច័ន្ទ ពីការរកឃើញអ្នកឆ្លងថ្មីប្រចាំថ្ងៃ មានចំនួនជាង ៣៦៦.០០០ នាក់ និងមានអ្នកស្លាប់ចំនួន ៣.៧៥៤នាក់ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។ មានការជំរុញកាន់តែខ្លាំង ដើម្បីឲ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បិទខ្ទប់ប្រទេសឥណ្ឌាទាំងមូល ជាប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតទី២ នៅលើពិភពលោក។ រដ្ឋជាច្រើនរបស់ឥណ្ឌាបានអនុវត្តរួចហើយនូវការបិទខ្ទប់ដ៏តឹងរ៉ឹង ចាប់តាំងពីខែមេសា ហើយរដ្ឋមួយចំនួនទៀតគ្រាន់តែរឹតបន្តឹងប៉ុណ្ណោះ ដូចជា ហាមការធ្វើដំណើរ បិទរោងភាពយន្ត ភោជនីយដ្ឋាន បារកម្សាន្ត និងផ្សារទំនើបជាដើម។

រុសកូរ៉ូណាបម្លែងខ្លួនថ្មី ដែលត្រូវបានគេរកឃើញជាដំបូងនៅក្នុងប្រទេសឥណ្ឌានោះ ត្រូវបានរកឃើញនៅតាមបណ្តាប្រទេសមួយចំនួន ដូចជា ប្រទេសបង់ក្លាដែស បារាំង ថៃ ចក្រភពអង់គ្លេស និងរដ្ឋ Connecticut របស់អាមេរិក។ ម៉្យាងទៀត គេកាន់តែមានការបារម្ភអំពីអ្នកបានជាសះស្បើយពីជំងឺកូវីដ១៩ នៅឥណ្ឌា បែរជាកើតជំងឺដុះផ្សិតលើមុខ ហើយករណីខ្លះ បានបណ្តាលឲ្យខ្វាក់ភ្នែកទៀតផង។យោងទៅលើទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins ក្នុងសហរដ្ឋអាមេរិក បានឲ្យដឹងថា រហូតមកដល់ព្រឹកថ្ងៃអង្គារនេះ ប្រទេសឥណ្ឌាមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួនជាង ២២,៩លាននាក់ និងស្លាប់ជាង ២៥០ពាន់នាក់៕ Reuters