ជាថ្មីម្តងទៀត តារាកំប្លែងសម្បូរវោហាស័ព្ទអ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង ដែលកន្លងមក ផ្ទុះរឿងអាស្រូវជំពាក់បំណុលគេជាងកន្លះលានដុល្លារនោះ បានចេញមុខទទូចស្នើសុំដល់បណ្តាលម្ចាស់បំណុលទាំងឲ្យមានការយោគយល់ជាថ្មី។
បើតាមការកត់សម្គាល់គិតរហូតមកទល់ពេលនេះ អ្នកនាង ខ្ញុង នៅមិនទាន់ស្រលះខ្លួនរួចផុតពីការ ដើរសងបំណុលគេនៅឡើយ ខណៈបច្ចុប្បន្នអ្នកនាង និងស្វាមី គឺនាយ កៃដរ បាននិងកំពុងខិតខំតស៊ូ ក្នុងការលក់ត្រីងៀត ត្រីឆ្អើរ ផ្អក ស្ករពាង ស្ករត្នោត ដើម្បីដោះដូរបានប្រាក់មកសងបំណុលគេតាមដំណាក់កាល។
ដោយឡែកថ្មីៗនេះ តារាកំប្លែងអ្នកនាង ខ្ញុងក៏បានចេញមុខលើកដៃសំពះអង្វរសុំដល់បណ្តាម្ចាស់បំ ណុលទាំងអស់ មេត្តាយោគយល់ និងអធ្យាស្រ័យដល់នាងផង ព្រោះពេលនេះកំពុងខំប្រឹងរកលុយ ដើម្បីដោះបំណុលទាំងនោះ។ ម្យ៉ាងទៀត នាងមិនមានបំណងមួយ ក្នុងការគេចវេះមិនសងនោះឡើយ។
តារាកំប្លែងអ្នកនាង ខ្ញុង បានបញ្ជាក់ថា ខ្ញុំមិនរកដើម្បីចង់មាន ឬចង់បានអីទេ គឺសុំត្រឹមតែរកដើម្បីសងគេឲ្យអស់ប៉ុណ្ណោះ ហើយបើម្ចាស់បំណុលព្រមយកតាមការសងជាដំណាក់ៗបានខ្ញុំក៏នៅតែរកសងមិនបានគេចវេះរត់គេចខ្លួនទៅណាឡើយ។ នាងថា បើឲ្យសងទាំងដុំៗខ្ញុំរកអត់ទាន់ទេ ខ្ញុំមានលទ្ធភាពសងត្រឹមតែបន្តិចបន្តូចក្នុងមួយខែសូមមេត្តាយោគយល់ និងអធ្យាស្រ័យផង។
គួររម្លឹកដែរថា អ្នកនាងខ្ញុងកាលពីថ្មីៗកន្លងទៅបានផ្ទុះរឿងរ៉ាវអាស្រូវផ្អើលអស់អ្នកគាំទ្រពេញមួយប្រទេស បន្ទាប់ពីនាងទម្លាយចំនួនទឹកប្រាក់ដែលជំពាក់បំណុលគេជាងកន្លះលានដុល្លារ ក្រោមហេតុផលរកស៊ីខាត។ ទោះបីយ៉ាងណាសម្រាប់ ខ្ញុង និងស្វាមីនាយ កៃដរ នៅតែបន្តការតស៊ូជាមួយគ្នាតាមរយៈការឡាយលក់ ផ្អក ប្រហុក ត្រីងៀត ដើម្បីយកលុយដោះបំណុលគេ និងធ្វើជាដើមទុកសាងជីវិតជាថ្មីឡើងវិញផងដែរ៕