ខេត្តរតនគិរី÷ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរាត្រីថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានដឹកនាំប្រតិភូក្រសួងអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អឿង សិរិៈ ទីប្រឹក្សាក្រសួងព័ត៌មានដែល បានទទួលមរណភាព នាថ្ងៃទីថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៧ព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។ហើយសពឯកឧត្តម អឿង សិរិៈ ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានសពស្ថិតនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ដ៏មហាក្រៀមក្រំនេះ ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូ និងមន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្តរតនគិរី បានសម្តែងនូវសមានទុក្ខ ប្រកបដោយអនិច្ចលក្ខណធម៌ ដ៏មហាជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តីសោកស្តាយស្រណោះ អាឡោះអាល័យជាអនេកប្បការចំពោះការបាត់បង់ ឯកឧត្តម អឿង សិរិៈ ដែលនេះជាការបាត់បង់ ស្វាមី ឪពុក ឪពុកក្មេក ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់ធនធានមនុស្ស ដែលមានបទពិសោធន៍ច្រើនក្នុងវិស័យព័ត៌មានប្រកបដោយសមត្ថភាព ស្មារតី ទទួលខុសត្រូវ និងជាសហសេវិក ដែលបានធ្វើអោយវិស័យព័ត៌មាន ក្នុងខេត្តរតនគិរីមានការរីកចម្រើន និងបានបានបន្សល់ទុកនូវអនុស្សាវរីយ៍ ច្រើនរាប់មិនអស់ ព្រមទាំងបន្សល់នូវស្នាដៃជាច្រើនជូនប្រទេសជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងប្រតិភូអមដំណើរ និងមន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្តរតនគិរី សូមលំឱនកាយឧទិ្ទសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អឿង សិរិៈ សូមបានទៅសោយសុខ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ ឦសាន