UN ៖ម​ហន្តរាយ​ភ្លើង​ឆេះ​ព្រៃ​មាន​កាន់​ច្រើន ពិភពលោកគ្មានមធ្យោបាយ​ប្រឈម

0
349

 

មហន្តរាយ​ភ្លើង​ឆេះ​ព្រៃដ៏​កំណាច និង​អាក្រក់​ខ្លាំង​បំផុត ដូច​ធ្លាប់​​កើតមាន​នៅអូស្ត្រាលី កាលពី​ឆ្នាំ​២០១៩-២០២០ ឬ​នៅ​សហរដ្ឋ​អាមេរិក ឬ​ដល់​តំបន់នៅ​អង់តាទិក គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​ប៉ុណ្ណោះ។ ​ បន្ថែម​ដោយ​ការ​ឡើង​កម្តៅ​អាកាសធាតុ​នៃ​ភពផែនដី មហន្តរាយ​ដ៏​ខ្លាំង​ហួសហេតុបែបនេះ​ នឹង​កើន​ឡើង​កាន់​តែ​ច្រើន នៅ​ចុង​សតវត្សរ៍។ នេះ​បើ​តាម​របាយការណ៍​ព្រមាន​របស់​ភ្នាក់ងារ​បរិស្ថាន​អង្គការ​សហប្រជាជាតិ​ ចេញ​ផ្សាយកាលពី​ថ្ងៃពុធ ទី២៣ ខែកុម្ភៈ។ គ្រោះមហន្តរាយ​ឆេះ​ព្រៃដោយ​ធម្មជាតិ ដោយ​ស្នាដៃ​មនុស្ស ឬ ​ដោយ​ចៃដន្យ​ មិន​បង្ក​ឡើង​ដោយ​ផ្ទាល់ ​ដោយ​ការ​ឡើង​កម្តៅអាកាសធាតុ​នៃ​ភពផែនដី​មែន ប៉ុន្តែគ្រោះ​មហន្តរាយ​បែប​កំណាចៗ សាហាវៗ ហួសហេតុ ដូចជា ស្ងួត​ហួត​ហែង​ខ្លាំង ក្តៅ​ខ្លាំង ជា​កត្តា​ងាយនាំឲ្យ​មាន​​ភ្លើងឆេះ​ព្រៃ​ខ្លាំង។ ​របាយការណ៍​អង្គការ​សហប្រជាជាតិ ​បាន​អះអាង​​ទៀត​ថា ​ទោះ​បី​ពិភពលោក​សម្រេច​កម្មវត្ថុ​ប្រកប​ដោ​យមហិច្ឆតា ដូច​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស​ក៏​ដោយ ក៏​​​លក្ខខណ្ឌ​នាំ​ឱ្យ​ងាយ​មាន​​មហន្តរាយធម្មជាតិឆេះ​ព្រៃ​កើនឡើង​ខ្លាំងដែរ។ ចំនួន​គ្រោះមហន្តរាយ​ធម្មជាតិ​ឆេះ​ព្រៃ​ដ៏​កំណាច នឹង​កើន​ឡើង​ពី ៩ ទៅ ​១៤% នៅ​ឆ្នាំ​២០៣០ -​ពី ២០ ទៅ ​៣៣% ​នៅ​ឆ្នាំ​២០៥០ និង​ពី ​៣១ ទៅ​ ៥២% ​នៅ​ឆ្នាំ​២១០០។ នេះ​បើ​តាមរបាយការណ៍​អង្គការ​សហប្រជាជាតិ​ដដែល ដែល​បញ្ជាក់ថា ​តួលេខខាង​លើ​ជា​តួលេខ​ស្តីពី​គ្រោះមហន្តរាយ​ភ្លើង​ឆេះ​ព្រៃដ៏​កំណាច​ខ្លាំង ដែល​បើ​តាមក្បួន​ ជា​បាតុភូត​ប្រចាំសតវត្សរ៍ ​កើត​ឡើងជា​រៀង​រាល់ ​១០០ឆ្នាំម្តង​​​ ប៉ុន្តែឥលូវ​​ពិភពលោក​ជួប​កាន់តែ​ញឹកញយ​ខ្លាំង​ឡើងៗ។ ​រាល់​គ្រោះ​ភ្លើងឆេះ​ព្រៃ សុទ្ធ​តែ​អាច​បង្ក​គ្រោះថ្នាក់​​ដល់​ផែនដី ដល់ជីវិត​មនុស្ស​ តាមរយៈ​ការ​ស្រូប​ផ្សែង​ ខូច​ដី បំពុល​ទឹក បំផ្លាញ​ជីវិត​សត្វ​រុក្ខជាតិ​ជា​ច្រើន​ប្រភេទ​ឱ្យ​ហិនហោច។ ជាង​នេះ​ទៅ​ទៀត ភ្លើង​ឆេះ​ព្រៃ នឹង​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​ឡើង​កម្តៅអាកាសធាតុ ព្រោះ​លែង​មាន​​​ព្រៃសម្រាប់​​ស្រូប​ឧស្ម័ន​កាបូនិក។ គេ​មិនអាច​លុប​បំបាត់​ហានិភ័យ​ភ្លើង​ឆេះ​ព្រៃ​បានទេ គឺ​បាន​ត្រឹម​តែ​កាត់​បន្ថយ​តែ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ​សហប្រជាជាតិ ​ក្នុង​របាយការណ៍ដែល​ណែនាំ​ឱ្យ​រដ្ឋាភិបាលនីមួយៗ ឈប់​​ចំណាយ​ខុស​ទិស ​និងប្តូរ​ទម្លាប់ងាក​​មកគិត​គូរ​ ការពារ​ភ្លើង​ឆេះ​ព្រៃ​ ប្រសើរ​ជាងត្រៀម​​សកម្មភាព​ចាប់​ទប់ទល់​នៅ​ពេលឃើញ​​ភ្លើងចាប់ផ្តើម​​ឆាប​ឆេះ​៕ (AFP ថ្ងៃទី២៣ ខែកុម្ភៈ)

 

LEAVE A REPLY

Please enter your comment!
Please enter your name here