អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ទី២៣ ខែកុម្ភៈ បានអំពាវនាវឲ្យសហគមន៍អន្តរជាតិផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ចំនួនប្រមាណ ៦០លានដូស ដល់ប្រទេសកូរ៉េខាងជើង។ វិធានការប្រឆាំងកូវីដ១៩ ដ៏តឹងតែងរបស់កូរ៉េខាងជើង រួមមាន ការបិទព្រំដែន និងការកំណត់សេរីភាពបំលាស់ទីក្នុងស្រុកបានធ្វើឲ្យវិបត្តិស្បៀងអាហារនៅទីនោះ ធ្លាក់កាន់តែដុនដាបខ្លាំង។ បើតាមលោក Tomas Ojea Quintana អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស មកទល់នឹងពេលនេះ សកម្មភាពទីផ្សារក្នុងស្រុកសំខាន់ៗរបស់កូរ៉េខាងជើងត្រូវបានកាត់ផ្តាច់។ ចំណែកបុគ្គលិកជំនួយអន្តរជាតិ ត្រូវបានបង្ខំឲ្យចាកចេញ រួមជាមួយនឹងប្រតិបត្តិការមនុស្សធម៌ទាំងអស់ត្រូវបានផ្អាក ហើយមានប្រជាជនកូរ៉េខាងជើងជាច្រើនលាននាក់កំពុងរងគ្រោះពីភាពអត់ឃ្លាន។ នៅឯសន្និសីទក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃពុធ អ្នកជំនាញ UN បានលើកឡើងថា សហគមន៍អន្តរជាតិគួរតែយល់ព្រមលើយុទ្ធសាស្រ្តក្នុងការផ្តល់វ៉ាក់សាំងប្រមាណ ៦០លានដូស ដល់កូរ៉េខាងជើង ដើម្បីឲ្យប្រជាជនទាំងអស់របស់ប្រទេសនេះ ទទួលបានវ៉ាក់សាំងយ៉ាងហោច ពីរដូស។ មានតែការចាក់វ៉ាក់សាំងនេះហើយដែលជាផ្លូវស្រាយជួយឲ្យប្រទេសអាស៊ីខាងកើតមួយនេះ អាចបើកព្រំដែនឡើងវិញបាន និងដើរចេញពីភាពឯកោ ដោយសារវិធានការបិទខ្ទប់ដ៏តឹងរ៉ឹង។ គួរបញ្ជាក់ថា កូរ៉េខាងជើងនៅមិនទាន់រាយការណ៍ពីការឆ្លងកូវីដ១៩ មួយករណីនៅឡើយទេ។ កាលពីឆ្នាំទៅ មានវ៉ាក់សាំង AstraZeneca ជាង ១,៧ លានដូស ដែលគេគ្រោងបញ្ជូនទៅឲ្យកូរ៉េខាងជើង តាមរយៈយន្តការកូវ៉ាក់ ប៉ុន្តែអាជ្ញាធរក្រុងព្យុងយ៉ាងបានបដិសេធមិនទទួលជំនួយនេះទេ ដោយសារតែបារម្ភអំពីផលប៉ះពាល់របស់វ៉ាក់សាំង។ បន្ថែមលើនេះ ទីក្រុងព្យុងយ៉ាងក៏បានបដិសេធជំនួយវ៉ាក់សាំងពីសម្ព័ន្ធមិត្តរុស្ស៊ី និងចិនផងដែរ។ បច្ចុប្បន្ន កូរ៉េខាងជើងកំពុងរងទណ្ឌកម្មអន្តរជាតិជាច្រើន ដោយសារកម្មវិធីនុយក្លេអ៊ែរ និងការបាញ់សាកល្បងមីស៊ីលជាច្រើន។ យ៉ាងណាក៏ដោយ លោក Quintana បានអំពាវនាវជាថ្មីម្តងទៀត ឲ្យមានការយោគយល់ពីសហគមន៍អន្តរជាតិដើម្បីជួយដល់ប្រជាជនកូរ៉េខាងជើងជាង ១០លាននាក់ ដែលកំពុងរស់ក្នុងភាពខ្វះខាតស្បៀងអាហារ៕ (Associated Press ថ្ងៃទី២៣ ខែកុម្ភៈ)