ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃអង្គារ ទី២២ ខែកុម្ភៈថា អាមេរិកនឹងដាក់ទណ្ឌកម្មជាលើកដំបូងប្រឆាំងនឹងរុស្ស៊ី ដោយសារ “ការចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន” ហើយបានសន្យាថា នឹងមានច្រើនទៀត ប្រសិនបើទីក្រុងមូស្គូចូលប្រទេសនេះបន្ថែមទៀត។ លោក Biden បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅសេតវិមានថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មប្រឆាំងនឹងស្ថាប័នហិរញ្ញវត្ថុរុស្ស៊ីធំៗចំនួនពីរ។ លោកបាននិយាយថា ចាប់ពីថ្ងៃពុធតទៅ ការដាក់ទណ្ឌកម្មនឹងចាប់ផ្តើមប្រឆាំងនឹងឥស្សរជនរុស្ស៊ី និងសមាជិកគ្រួសាររបស់ពួកគេផងដែរ។ ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទ បានប្រាប់ក្រសួងការពារជាតិរុស្ស៊ី ឱ្យដាក់ពង្រាយនូវអ្វីដែលលោកហៅថា កងកម្លាំងរក្សាសន្តិភាពចូលទៅក្នុងតំបន់បំបែកខ្លួនពីរ នៃប្រទេសអ៊ុយក្រែន បន្ទាប់ពីទទួលស្គាល់ឯករាជ្យ ដោយប្រឆាំងនឹងការព្រមានរបស់លោកខាងលិច ដែលបានលើកឡើងថា ជំហានបែបនេះនឹងខុសច្បាប់ និងបំផ្លាញការចរចាសន្តិភាព។ លោក Biden បាននិយាយថា៖ «នេះ គឺជាការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន។ «ឥឡូវនេះ រុស្ស៊ីបានធ្វើចលនាប្រឆាំងអ៊ុយក្រែនដោយមិនអាចប្រកែកបាន ដោយប្រកាសរដ្ឋឯករាជ្យទាំងនេះ»។ លោក Biden បាននិយាយថា ទណ្ឌកម្មនៅក្នុងដំណាក់កាលដំបូងបានអនុវត្តចំពោះធនាគារ VEB និងធនាគារយោធារបស់រុស្ស៊ី ដោយសំដៅទៅលើ Promsvyazbank ដែលធ្វើកិច្ចព្រមព្រៀងការពារជាតិ។ លោក Biden បាននិយាយថា៖ “រុស្ស៊ីនឹងបង់ថ្លៃធំជាងនេះ ប្រសិនបើខ្លួននៅតែបន្តការឈ្លានពាន រួមទាំងការដាក់ទណ្ឌកម្មបន្ថែម”។ កាលពីថ្ងៃច័ន្ទ មន្ត្រីរដ្ឋបាលជាន់ខ្ពស់ បាននិយាយថា រុស្ស៊ីបញ្ជូនកងទ័ពទៅកាន់តំបន់ផ្តាច់ខ្លួន Donetsk និង Luhansk ក្នុងប្រទេសអ៊ុយក្រែន មិនមែនតំណាងឱ្យការឈ្លានពានបន្ថែមទៀតទេ ដោយសាររុស្ស៊ីមានកងទ័ពនៅទីនោះពីមុនមក។ ប៉ុន្តែកាលពីថ្ងៃអង្គារ ទីប្រឹក្សារងសន្តិសុខជាតិ លោក Jonathan Finer បាននិយាយថា ការឈ្លានពានបានចាប់ផ្តើមហើយ លោក Biden បានប្រើភាសាស្រដៀងគ្នា៕ (Reuters ថ្ងៃទី២៣ ខែកុម្ភៈ)