នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បាននិយាយនៅថ្ងៃពុធ ទី២៣ ខែកុម្ភៈនេះថា ប្រទេសជប៉ុនកំពុងដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញសកម្មភាពរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន រួមទាំងការហាមឃាត់ការចេញមូលបត្របំណុលរុស្ស៊ីនៅក្នុងប្រទេសជប៉ុន និងការបង្កកទ្រព្យសម្បត្តិរបស់បុគ្គលរុស្ស៊ីមួយចំនួនទៀតផង។ ប្រទេសលោកខាងលិច កាលពីថ្ងៃអង្គារ បានដាក់ទណ្ឌកម្មថ្មីលើធនាគារ និងឥស្សរជនរបស់រុស្ស៊ី បន្ទាប់ពីទីក្រុងម៉ូស្គូបានបញ្ជាកងទ័ពចូលទៅក្នុងតំបន់បំបែកខ្លួននៃភាគខាងកើតអ៊ុយក្រែន។ លោកនាយករដ្ឋមន្ត្រី Kishida បាននិយាយថា សកម្មភាពរបស់រុស្ស៊ីបានរំលោភលើអធិបតេយ្យភាពរបស់អ៊ុយក្រែន ហើយបានអំពាវនាវឱ្យរុស្ស៊ីត្រឡប់ទៅកាន់ការពិភាក្សាការទូតវិញ។ លោកបានបន្តថា ប្រទេសជប៉ុនបានត្រៀមខ្លួនក្នុងការចាត់វិធានការបន្ថែមទៀត ប្រសិនបើស្ថានការណ៍កាន់តែអាក្រក់ទៅៗ។ លោកបាននិយាយថា លោកមិនឃើញមានផលប៉ះពាល់ខ្លាំងលើការផ្គត់ផ្គង់ថាមពលពីស្ថានភាពបច្ចុប្បន្នក្នុងរយៈពេលខ្លីទេ ហើយថា លោកនឹងពិចារណាវិធានការទាំងអស់ ដើម្បីកំណត់ផលប៉ះពាល់លើគ្រួសារ និងក្រុមហ៊ុន ប្រសិនបើតម្លៃប្រេងកើនឡើងបន្ថែមទៀត។ ផ្សារភាគហ៊ុនជប៉ុនត្រូវបានបិទនៅថ្ងៃពុធនេះ សម្រាប់ថ្ងៃបុណ្យជាតិ៕ (Reuters ថ្ងៃទី២៣ ខែកុម្ភៈ)