សហភាពអឺរ៉ុបបានយល់ព្រមដាក់ទណ្ឌកម្មថ្មីដល់រុស្ស៊ី រួមមាន ការដាក់ក្នុងបញ្ជីខ្មៅនូវអ្នកនយោបាយ សមាជិកសភា និងមន្ត្រីជាច្រើនទៀត ហាមឃាត់អ្នកវិនិយោគសហភាពអឺរ៉ុបពីការជួញដូរមូលបត្របំណុលរដ្ឋរបស់រុស្ស៊ី និងកំណត់គោលដៅនាំចូល និងនាំចេញ ជាមួយតំបន់ផ្តាច់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបបានជ្រើសរើសមិនដាក់ទណ្ឌកម្មប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នោះទេ។ លោក Borrell ប្រធានគោលនយោបាយការបរទេសរបស់ UN បាននិយាយថា ការទទួលស្គាល់ជាផ្លូវការរបស់រុស្ស៊ីលើតំបន់ផ្តាច់ខ្លួនពីរនៅភាគខាងកើតអ៊ុយក្រែន គឺជាការរំលោភលើអធិបតេយ្យភាពអ៊ុយក្រែន ដែលមិនអាចទទួលយកបាន។ លោក Borrell បានប្រាប់សន្និសីទសារព័ត៌មានជាមួយរដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Yves Le Drian នៅឯកិច្ចប្រជុំនៅទីក្រុងប៉ារីសថា “កញ្ចប់ទណ្ឌកម្មនេះត្រូវបានអនុម័តជាឯកច្ឆ័ន្ទ ដោយរដ្ឋសមាជិកនឹងធ្វើឱ្យប៉ះពាល់ដល់ប្រទេសរុស្ស៊ី ហើយវានឹងធ្វើឱ្យឈឺចាប់យ៉ាងខ្លាំង”។ ដោយឡែកពីគ្នា នាយករដ្ឋមន្ត្រីអេស្តូនី លោក Kaja Kallas បានប្រាប់រ៉យទ័រថា ការឈ្លានពានរបស់រុស្ស៊ីបន្ថែមទៀតនៅក្នុងអ៊ុយក្រែននឹងនាំឱ្យមានការដាក់ទណ្ឌកម្មបន្ថែមទៀត ដោយមានការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក។ កញ្ចប់ទណ្ឌកម្ម រួមមាន សមាជិកទាំងអស់នៃសភាជាន់ទាបរុស្ស៊ី ដែលបានបោះឆ្នោតគាំទ្រការទទួលស្គាល់តំបន់ផ្តាច់ខ្លួន ការបង្កកទ្រព្យសម្បត្តិដែលពួកគេមាននៅក្នុងសហភាពអឺរ៉ុប និងហាមមិនឲ្យពួកគេធ្វើដំណើរទៅកាន់ប្លុកនេះ។ វាមិនច្បាស់ទេថា ពេលណាទណ្ឌកម្មនឹងចូលជាធរមាន ប៉ុន្តែអ្នកការទូតរំពឹងថា នៅប៉ុន្មានម៉ោង ឬ ប៉ុន្មានថ្ងៃខាងមុខនេះ ឈ្មោះ និងព័ត៌មានលម្អិតនឹងត្រូវផ្សព្វផ្សាយជាសាធារណៈ។ លោក Borrell ក៏បាននិយាយផងដែរថា “យើងនឹងកំណត់គោលដៅបុគ្គល និងអង្គភាពចំនួន 27 ដែលកំពុងដើរតួនាទីក្នុងការបំផ្លាញ ឬ គំរាមកំហែងដល់បូរណភាពទឹកដី អធិបតេយ្យភាព និងឯករាជ្យភាពរបស់អ៊ុយក្រែន”។ លោក Borrell បាននិយាយថា បុគ្គល និងអង្គភាពទាំងនោះស្ថិតនៅក្នុងវិស័យការពារជាតិ ធនាគារ និងហិរញ្ញវត្ថុរបស់ប្រទេសរុស្ស៊ី៕ (Reuters ថ្ងៃទី២៣ ខែកុម្ភៈ)