លោក Blinken លុបចោលការជួបជាមួយលោក Lavrov ដោយនិយាយថា វិធានការរបស់រុស្ស៊ី គឺជាការ “បដិសេធការទូត”

0
298

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយកាលពីថ្ងៃអង្គារ ទី២២ ខែកុម្ភៈថា លោកបានលុបចោលកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ដែលគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ បន្ទាប់ពីទីក្រុងមូស្គូបានទទួលស្គាល់តំបន់បំបែកខ្លួនពីរក្នុងប្រទេសអ៊ុយក្រែនថា ជារដ្ឋឯករាជ្យ។ លោក Blinken បាននិយាយថា លោកបានយល់ព្រមជួបជាមួយលោក Lavrov លុះត្រាតែរុស្ស៊ីមិនឈ្លានពានអ៊ុយក្រែន។ លោក Blinken បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba នៅទីក្រុង Washington ថា “ឥឡូវនេះឃើញថា ការឈ្លានពានកំពុងចាប់ផ្តើម ហើយរុស្ស៊ីបានបញ្ជាក់យ៉ាងច្បាស់ពីការបដិសេធផ្នែកការទូតរបស់ខ្លួន”។ លោក Blinken បាននិយាយថា លោកនៅតែប្តេជ្ញាចិត្តចំពោះផ្នែកការទូត “ប្រសិនបើវិធីសាស្រ្តរបស់ទីក្រុងម៉ូស្គូផ្លាស់ប្តូរ” ហើយនឹងធ្វើអ្វីគ្រប់យ៉ាងដែលលោកអាចធ្វើបាន ដើម្បីបញ្ចៀសនូវសេណារីយ៉ូអាក្រក់ជាងនេះ។ ប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី កាលពីថ្ងៃអង្គារ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានទទួលស្គាល់តំបន់ផ្តាច់ខ្លួន Donetsk និង Luhansk កាលពីថ្ងៃចន្ទ ហើយបានបញ្ជាឱ្យទាហានរុស្ស៊ីចូលទៅកាន់ភាគខាងកើតអ៊ុយក្រែន ដើម្បី “រក្សាសន្តិភាព”។ អ្នកយកព័ត៌មាន Reuters ម្នាក់ បានឃើញរថក្រោះមួយចំនួននៅជាយក្រុង Donetsk ពេញមួយយប់ ហើយការបំផ្ទុះជាច្រើនត្រូវបានគេឮនៅក្នុងទីក្រុង Donetsk កាលពីថ្ងៃអង្គារ។ លោក Blinken បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្ត លើការសម្រេចចិត្តលុបចោលកិច្ចចរចា ដែលគ្រោងនឹងធ្វើឡើងនៅអឺរ៉ុប មុនពេលជូនដំណឹងដល់លោក Lavrov នៅក្នុងលិខិតមួយ កាលពីថ្ងៃអង្គារ។ លោក Blinken បាននិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនឹងបន្តបង្កើនការដាក់ទណ្ឌកម្ម ប្រសិនបើរុស្ស៊ីកាន់តែបង្កើនការឈ្លានពានរបស់ខ្លួន ចំពោះអ៊ុយក្រែន៕ (Reuters ថ្ងៃទី២៣ ខែកុម្ភៈ)

LEAVE A REPLY

Please enter your comment!
Please enter your name here