លោក Morrison៖ យន្តហោះអូស្ត្រាលីមានសិទ្ធិឃ្លាំមើលនាវាកងទ័ពជើងទឹកចិន ក្នុងដែនទឹករបស់ខ្លួន

0
390

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បាននិយាយថា យន្តហោះឈ្លបយកការណ៍អូស្ត្រាលីកំពុងបំពេញការងាររបស់ខ្លួន នៅពេលដែល “រងការគំរាមកំហែង” ជាមួយនឹងកាំរស្មីឡាស៊ែរពីកប៉ាល់កងទ័ពជើងទឹកចិន ដោយបានច្រានចោលការអះអាងរបស់ទីក្រុងប៉េកាំងថា យន្តហោះបានមកជិតពេក។ យន្តហោះ P-8A Poseidon ដែលជាយន្តហោះល្បាតដែនសមុទ្រ បានឃើញឡាស៊ែរដែលបញ្ចេញចេញពីនាវាកងទ័ពរំដោះប្រជាជន (PLAN) កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ហើយអូស្ត្រាលីបានបញ្ចេញរូបថតនៃនាវាចិន ២គ្រឿង ដែលកំពុងធ្វើដំណើរជិតឆ្នេរសមុទ្រភាគខាងជើងរបស់ខ្លួន។ លោក Morrison បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃអង្គារថា “យន្តហោះឃ្លាំមើលរបស់យើងមានសិទ្ធិទាំងអស់ ក្នុងការស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់យើង និងរក្សាការឃ្លាំមើលយ៉ាងជិតស្និទ្ធលើអ្វីដែលមាន”។ ក្រសួងការពារជាតិរបស់ប្រទេសអូស្ត្រាលី បាននិយាយថា នាវាពិឃាតរបស់ចិនមួយកំពុងធ្វើដំណើរទៅទិសខាងកើត កាត់សមុទ្រ Arafura នៅចន្លោះ New Guinea និង Australia ហើយក្រោយមកបានឆ្លងកាត់ច្រកសមុទ្រ Torres តូចចង្អៀត។ ក្រុង​ប៉េកាំង​និយាយ​ថា កប៉ាល់​ចិន​មាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ដែន​ទឹក​អន្តរជាតិ។ ក្រសួងការពារជាតិចិន កាលពីថ្ងៃចន្ទបាននិយាយថា យន្តហោះស៊ើបការណ៍បានទម្លាក់ឧបករណ៍ sonobuoy ដែលអាចជួយរកឃើញនាវាមុជទឹកនៅជិតកប៉ាល់របស់ចិន ហើយបានហោះហើរទៅជិត 4km ពីក្បួននាវា ដែលចិនបាននិយាយថា “បង្កហេតុ និងគ្រោះថ្នាក់”។ ក្រសួងការពារជាតិអូស្ត្រាលីបាននិយាយថា យន្តហោះនេះ មានចម្ងាយ 7.7 គីឡូម៉ែត្រ ពីនាវាកងទ័ពជើងទឹកចិន ហើយការហោះហើរជិតបំផុតគឺ 3.9 គីឡូម៉ែត្រ ដែលជាស្តង់ដារ សម្រាប់ការត្រួតពិនិត្យមើលនាវា។ លោក Morrison បាននិយាយថា នាវិករបស់យន្តហោះស៊ើបការណ៍ “កំពុងធ្វើការងាររបស់ពួកគេ” ហើយបានទាមទារម្តងទៀត សម្រាប់ការពន្យល់ពីទីក្រុងប៉េកាំង។ នៅថ្ងៃអង្គារ លោក Morrison បានប្រកាសដាច់ដោយឡែកពីគ្នាថា អូស្ត្រាលីនឹងចំណាយប្រាក់ចំនួន 804 លានដុល្លារអូស្ត្រាលី (578 លានដុល្លារអាមេរិក) ដើម្បីទិញយន្តហោះគ្មានមនុស្សបើក និងឧទ្ធម្ភាគចក្រ និងបង្កើតស្ថានីយ៍ទូរស័ព្ទចល័តនៅអង់តាក់ទិក ដោយសារតែអូស្ត្រាលីត្រូវការ “តាមដាន” ក្នុងតំបន់៕ (Reuters ថ្ងៃទី២២ ខែកុម្ភៈ)

LEAVE A REPLY

Please enter your comment!
Please enter your name here