មុខរបរលក់ត្រសក់ហាល សាច់ប៉ូវហាល ក៏រួមចំណែក ធ្វើឲ្យជីវភាពគ្រួសារធូរធារដែរ

0
170

ត្បូងឃ្មុំៈ ប្រជាពលរដ្ឋភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ប្រមាណ ៥គ្រួសារ បានជ្រើសរើស យករបរលក់ត្រសក់ហាល សាច់ប៉ូវហាល ដែលជារបររួមផ្សំ បន្ទាប់ពីធ្វើចំការ ។ ទាំង៥គ្រួសារ អាចផលិតត្រសក់ហាលស្វិត និងសាច់ប៉ូវក្រៀមស្វិត មិនក្រោមពី២០តោន ទៅ៣០តោននោះទេ ក្នុងមួយខែៗ អាចលក់ចែកចាយដល់បណ្តាម៉ូយក្នុងស្រុក ក្នុងខេត្ត និងគ្រប់ខេត្តទៀតផងដែរ ។ ហើយមុខរបរនេះសាមញ្ញៗ តែវាអាចញាំងធ្វើឲ្យសេដ្ឋកិច្ចគ្រួសារប្រសើរឡើងជាលំដាប់ វាបានកាត់បន្ថយភាពគ្មានការងារធ្វើ អំពើហិង្សាក្នុងគ្រួសារ អាចផ្គត់ផ្គង់ដល់ការសិក្សារបស់កូនៗ បានយ៉ាងល្អប្រពៃបំផុត ។


លោក ម៉ៅ ហ៊ាន អាយុ៥១ឆ្នាំ រស់នៅភូមិស្រែស្ពៃ បានបញ្ជាក់ឲ្យដឹងថា មុខរបរ ត្រសក់ហាល ត្រសក់ចាវ ត្រសក់ផ្អែម សាច់ប៉ូវហាល សាច់ប៉ូវប្រៃ សាច់ប៉ូវផ្អែម គាត់បានធ្វើរយៈពេល៦ឆ្នាំមកហើយ ។ ប្រជាពលរដ្ឋក្នុងភូមិប្រមាណចំនួន៥គ្រួសារបានជ្រើសរើស យករបរនេះ បន្ថែមបន្ទាប់ពីធ្វើចំការ ។ ថ្វីត្បិតតែមុខរបរនេះ មានការហត់នឿយណាស់ តែយើងត្រូវតែតស៊ូដើម្បីសេដ្ឋកិច្ចគ្រួសារ យើងទិញត្រសក់ស្រស់ សាច់ប៉ូវស្រស់ ខែសម្បូរណ៌ បន្ទាប់ពីយើងច្នៃក្រៀមរួច យើងលក់ក៏ធូរថ្លៃដែរ ។ ខែសម្បូណ៌ត្រសក់ហាលលក់ក្នុងតម្លៃពី២៥០០រៀល ខែមិនសម្បូណ៌លក់ តម្លៃ៣៥០០ ហើយសាច់ប៉ូវហាល ក្នុង១គីឡូតម្លៃពី៨០០០រៀល ទៅ១០០០០រៀល ។ ចំពោះទីផ្សារមិនពិបាកលក់ទេ មានលក់រាយ និងបោះដុំ ម៉ូយមានតាមភូមិ តាមស្រុក ក្នុងខេត្ត និងមានមកពី ទីក្រុងភ្នំពេញ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី ព្រៃវែង ស្វាយរៀង កណ្តាល ។ល។ និយាយរួម ខេត្តក្នុងទូទាំងប្រទេសនៃកម្ពុជាយើង បានទិញយកទៅធ្វើម្ហូបហូបជាមួយបាយ បបរ តាមតម្រូវចិត្ត ។ ចំណុចពិសេសវា យើងអាចផ្អាប់ទុកបានយូរ ធ្វើជាត្រសក់ចាវ ត្រសក់ផ្អែម សាច់ប៉ូវប្រៃ ផ្អែម ។ល។


លោក ម៉ៅ ហ៊ាប បានបញ្ញាក់ទៀតថា ចំពោះទីផ្សារមិនពិបាកលក់ទេ ឲ្យតែយើងផលិតបាន ទាំងត្រសក់ហាល និងសាច់ប៉ូវហាល ក្នុងមួយថ្ងៃៗ គាត់លក់ពី២០០គីឡូក្រាមទៅ៥០០គីឡូក្រាម គិតជាប្រាក់ចំណូល ក្នុងមួយខែៗ អាចរកប្រាក់មិនក្រោម ២លានរៀលនោះទេ ។
ដោយឡែកបងស្រី នី គឹមលីស អាយុ៤០ឆ្នាំ រស់នៅភូមិស្រែស្ពៃដែរ បានរៀបរាប់ឲ្យដឹងថា មុខរបរនេះ កាលមុនកើតជំងឺ កូវីដ.១៩ ស្រួលលក់ដោយប្រជាពលរដ្ឋជិះឆ្លងកាត់ខេត្តច្រើន គាត់បានទិញយកទៅហូបជាលក្ខណៈគ្រួសារ ដល់ពេលកើតជំងឺកូវីដ.១៩ លក់រាយមិនសូវដាច់ទេ តែលក់បោះដុំនៅលក់ដាច់ដដែល ។ ពិសេសខេត្ត រតនៈគិរី និងមណ្ឌលគិរី សម្បូរណ៍អ្នកធ្វើចំការ ពួកគាត់ទិញយកទៅធ្វើម្ហូប ព្រោះវាទុកបានយូរ ។


ហើយបងស្រី បានបញ្ញាក់ថា ចំពោះប្រាក់ចំណូលក្នុងរបរលក់ត្រសក់ហាល និងសាច់ប៉ូវហាល អាចផ្គត់ផ្គង់ចិញ្ចឹមគ្រួសារបានយ៉ាងស្រួល មិនជំពាក់ធនាគារ ហើយគ្រួសារគាត់ក៏មិនធ្វើចំណាកស្រុកដែរ ៕
សាន វិឡែម ២២.២.២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here